ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​6​រូប​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​កម្ពុជា​៦​រូប​ដែល​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​មាន​កីឡាករ​ណាត សៀ​ក​និ​ន​, សាន តុលា​, ស្រ​ម៉ៃ សួន​, វ៉ែន រ​ដ្ឋា​, សុខ ទូច និង​កីឡាការិនី វី ស្រី​ខួច ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​កម្ពុជា​៦​រូប​ដែល​ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​មាន​កីឡាករ​ណាត សៀ​ក​និ​ន​, សាន តុលា​, ស្រ​ម៉ៃ សួន​, វ៉ែន រ​ដ្ឋា​, សុខ ទូច និង​កីឡាការិនី វី ស្រី​ខួច ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រេ​ស៊ី​ឌិន​ខាប់​លើក​ទី​២២ នៅ​ទីក្រុង​ហ្សា​រការ​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៥ ខែមេសា ។

លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដែល​បាន​ជូន​ដំណើរ​កីឡាករ​-​កីឡាការិនី​ទាំង​៦​រូប​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ មេ​សា កន្លង​មកនេះ​ឱ្យ​ដឹង​ថា ការ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​ការ​ស្វែងរក​នូវ​បទ​ពិសោធន៍​មួយ​ថ្មី​ទៀត​សម្រាប់​ត្រៀម​ទៅ​ចូលរួម​ប្រកួត​កីឡា​សី​ុ​ហ្គេ​ម​លើក​ទី​២៨ ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហ​បុរី ក្រោយ​ពី​កីឡាករ​-​កីឡាការិនី​ទាំង​៦​រូប​នេះ​បាន​ធ្វើការ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មកនេះ ។

លោក​តែម ម៉ឺន បានឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​កីឡាករ​-​កីឡាការិនី​ទាំង​៦​រូប​នេះ លោក​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពួក​គេ​នឹង​អាច​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ជា​ពិសេស​កីឡាការិនី វី ស្រី​ខួច តែ​ម្តង ព្រោះ​កីឡាការិនី​រូប​នេះ​ធ្លាប់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ច្រើន​ជាងគេ ។ ទោះបី​យ៉ាងណា សម្រាប់​កីឡាករ​៥​រូប​ផ្សេង​ទៀត​ក៏​មិន​អន់​ដែរ គ្រាន់តែ​ពួក​គេ​ខ្លះ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មិនសូវ​មានបទពិសោធន៍​ប្រកួត​ដូច វី ស្រី​ខួច បុ​៉​ណ្ណោះ ។ យ៉ាងណា​ក៏​ដោយ កីឡាករ​-​កីឡាការិនី​ទាំង​៦​រូប​នេះ​ត្រូវ​បាន​ធ្វើការ​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​ដើម្បី​ប្រមូលផ្តុំ​ធ្វើការ​ហ្វឹកហាត់​មុន​ពេល​ចេញ​ទៅ​ប្រកួត​ផង​ដែរ ។

គួរ​រំលឹក​ថា នៅ​ទស​វត្ស​ឆ្នាំ​១៩៦០ កីឡាករ​ប្រដាល់​កម្ពុជា​ធ្លាប់​បាន​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្បីល្បាញ​បំផុត​នៅ​ក្នុង​តំបន់​នៃ​បណ្តា​ប្រទេស​អាស៊ាន ហើយ​ថែម​ទាំង​ធ្លាប់​ដណ្តើម​បាន​មេដាយមាស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​ជូន​ជាតិ​ទៀត​ផង ។ បច្ចុប្បន្ន​កីឡាប្រដាល់​សាកល​កម្ពុជា​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ខណៈ​ដែល​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​កំពុង​តែ​យកចិត្តទុកដាក់​ជំរុញ និង​លើកកម្ពស់​វិស័យ​កីឡា​មួយ​នេះ​ឱ្យ​មានការ​រីក​ចម្រើន​ឡើង​វិញ ៕