ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​1​ដើមឆ្នាំ​2015 កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​បរទេស​កើនឡើង​77%

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា គឹ​មសា​វុ​ធ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ត្រីមាស​ទី​១​នេះ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កើនឡើង​ជាង​៧៧%

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា គឹ​មសា​វុ​ធ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ត្រីមាស​ទី​១​នេះ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កើនឡើង​ជាង​៧៧% នេះ​ក៏​ដោយសារ​តែ​យើង​ទទួល​បាន​លក្ខខណ្ឌ​បន្ធូរបន្ថយ​មួយ​ចំនួន​ដូច​ជា​ប្រទេស​ចិន​និង​វៀតណាម ចំណែក​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​នៅ​អឺរ៉ុប ក៏​នៅ​តែ​កើនឡើង​ដែរ ។

លោក​ឧកញ៉ា​បញ្ជាក់​ថា នៅ​ខែមីនា​កន្លង​មកនេះ​ប្រភេទ​អង្ករ​ក្រអូប​មាន​តម្លៃ​៧៥០​ដុល្លារ​ក្នុង​មួយ​តោន ចំណែក​ប្រភេទ​អង្ក​រស​ធម្មតា​មាន​តម្លៃ​ប្រមាណ​៤៣០​ដុល្លារ​ក្នុង​មួយ​តោន​។ ចំពោះ​ការ​នាំ​ចេញ​អង្ករ​ទៅ​បរទេស ក្នុង​ខែមេសា​នេះ លោក​ឧកញ៉ា​រំពឹង​ថា នឹង​នៅ​តែ​កើនឡើង​ដដែល​ដោយ​ផ្អែក​ទៅ​លើ​ការ​នាំ​ចូល​ទៅ​ទីផ្សារ​ប្រទេស​ចិន ។

ទាក់ទង​នឹង​ការ​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ត្រីមាស​ទី​១​នេះ សម្រាប់​ក្រុមហ៊ុន​តូច​តែ​ពេជ្រ អីុ​ម​ផត អិុ​ច​ផត​បាន​នាំ​ចេញ​ក្នុង​កម្រិត​តិចតួច ព្រោះតែ​បញ្ហា​តម្លៃនៅលើទីផ្សារ​ឲ្យ​ថ្លៃ​ទាប​ពេក​មិន​អាច​ឲ្យ​ក្រុម​លក់​ចេញ​បាន ។ ប៉ុន្តែ​នៅ​ខែមេសា​នេះ លោក​តូច តែ​ពេជ្រ អគ្គនាយក​ក្រុមហ៊ុន​គ្រោង​នឹង​នាំ​ចេញ​ប្រភេទ​អង្ករ​ក្រអូប​ចំនួន​៣០០​តោន​ទៅ​ក្នុង​ទីផ្សារ​កា​ណា​ដា និង​សហគមន៍​អឺរ៉ុប​។ លោក​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៥​នេះ​ក្រុមហ៊ុន​របស់​លោក​គ្រោង​នាំ​ចេញ​ឲ្យ​បាន​ចំនួន​២.០០០​តោន តែ​ប្រហែលជា​មិន​សម្រេច​តាម​ទិស​ដៅ​នោះ​ទេ ដោយសារ​ក្រុមហ៊ុន​ពុំ​ទាន់​មាន​សាច់ប្រាក់​គ្រប់គ្រាន់​ក្នុង​ទិញ​ស្រូវ​ស្តុក​ទុក​សម្រាប់​ធ្វើការ​កែ​ច្នៃ ។ ទោះបី​យ៉ាងណា លោក​ថា ប្រហែលជា​អាច​បាន​ត្រឹម​ជាង​១.០០០​តោន ។

យោង​តាម​របាយការណ៍​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​បាន​បង្ហាញ​ថា នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៥​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​បរទេស​មាន​ចំនួន​១៤៩.៤៦៤​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤​មាន​ចំនួន​៨៤.៣៣០​តោន កើនឡើង​ប្រមាណ​៧៧,២០% ។ នៅ​ត្រីមាស​ទី​១​នេះ​ផង​ដែរ ប្រភេទ​អង្ករ​ក្រអូប​ចម្រុះ​មាន​ចំនួន​១១.៣១៣​តោន នាង​ម្លិះ​៥.២៦៦​តោន សូ​មាលី​២៣៩​តោន ផ្កាម្លិះ​ឬ​ផ្ការំដួល​៥៣.៤៨៩​តោន សរីរាង្គ​២១៤​តោន អង្ករ​ភ្លឺ​៤៨​តោន ។ ចំណែក​ប្រភេទ​អង្ក​រស​ចម្រុះ​គ្រាប់​វែង​មាន​៦៩.២១១​តោន អង្ករ​ប្រណីត​គ្រាប់​វែង​១.៣៧៩​តោន និង​អង្ករ​ចំហុយ​គ្រាប់​វែង​៨.៣០៥​តោន ។

ចំណែក​ប្រទេស​ដែល​នាំ​ចូល​ច្រើន​ជា​គេ​មាន​ដូច​ជា ប្រទេស​បារាំង ចំនួន​១៨.៨៣៥​តោន​ប៉ូ​ឡូញ ចំនួន​១៣.១៩២​តោន ហូ​ឡង់ ចំនួន​១២.១៩០​តោន ឆែក ចំនួន​៤.៩៨៩​តោន អង់គ្លេស ចំនួន​៤.២៦១​តោន ប៊ែ​ល​ហ្សិ​ក ចំនួន​៤.៥៦៩​តោន អេ​ស្ប៉ា​ញ ចំនួន​៤.០៧៧​តោន និង​អី​ុ​តា​លី ចំនួន​៣.២៧០​តោន ។ រីឯ​ក្រុមហ៊ុន​ដែល​មាន​ភាគរយ​នាំ​ចេញ​កើនឡើង​មាន​ដូច​ជា ក្រុមហ៊ុន KHMER FOODS GROUP CO.,LTD កើនឡើង​១៤,៥០%  ក្រុមហ៊ុន​GOLDEN RICE (CAMBODIA) CO.,LTD. កើនឡើង​១១,២២% ក្រុមហ៊ុន​AMRU RICE (CAMBODIA) CO.,LTD​កើនឡើង​៨,៧៤% ក្រុមហ៊ុន​BAITANG (KAMPUCHEA) PLC.​កើនឡើង​៦,៥៣% ក្រុមហ៊ុន​INTERNATIONAL RICE TRADING (CAMBODIA) CO.,LTD.​កើនឡើង​៥,២៣% ក្រុមហ៊ុន​HUNG HIEP (CAMBODIA) CO.,LT កើនឡើង​៤,៦៨% ក្រុមហ៊ុន​NIKOLINE INVESTMENT CO.,LTD.​កើនឡើង​៤,៥៦% ក្រុមហ៊ុន​T.O.T ( TRUST OUR TRADE) CO., LTD.​កើនឡើង​៤,៣៣% ក្រុមហ៊ុន​MEKONG ORYZA TRADING CO., LTD.​កើនឡើង ៣,៨២% និង​ក្រុមហ៊ុន​GOLDEN DAUN KEO RICE MILL CO., LTD. កើនឡើង​៣,៥៩% ៕