ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្គត់ផ្គង់​ចំណី​សត្វ និង​សាច់​ជ្រូក​លើ​ទីផ្សារ​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចូល​សាច់​ជ្រូក​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ មាន​ចំនួន​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចូល​សាច់​ជ្រូក​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ មាន​ចំនួន​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា ដោយ​មិន​អាច​គ្រប់គ្រង​តម្រូវការ​នៅ​លើ​ទីផ្សារ​របស់​ខ្លួន​បាន ដោយសារ​ការ​នាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស​មាន​តម្លៃ​ថោក​ជាង ។
លោក ប៉ូច សុ​រិ​ទ្ធី អគ្គ​នាយ​ក្រុមហ៊ុន​គ្រី​ន​ហ្វី​ត បាន​ឲ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​ថ្មី តម្រូវការ និង​តម្លៃ​ផលិតផល​របស់​ក្រុមហ៊ុន​បាន​ធ្លាក់​ចុះ ដោយសារ​តែ​ជ្រូក​ដែល​ប្រជាជន​ចិញ្ចឹម​បាន​លក់​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ថោក ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ផ្អាក​ការ​ចិញ្ចឹម​ជា​បណ្ដោះអាសន្ន ទើប​ធ្វើ​ឲ្យ​ការ​លក់​ចំណី​ជ្រូក​ធ្លាក់​ចុះ ។ ម្យ៉ាងទៀត​បញ្ហា​ធំ​បំផុត​ដោយសារ​តែ​ការ​នាំ​ជ្រូក​ចូល​ពី​ក្រៅ​ស្រុក​មាន​ចំនួន​ច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ជ្រូក​ក្នុងស្រុក ។

លោក​បញ្ជាក់​ថា សព្វថ្ងៃ​ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​បាន​ប្រមាណ​២៥០​តោន​ក្នុង​មួយ​ថ្ងៃ និង​មាន​តម្លៃ​លក់​ចេញ​ជា​មធ្យម​៦៥០​ដុល្លារ​ក្នុង​មួយ​តោន ។ ចំពោះ​ទីផ្សារ​ដែល​យើង​ទទួល​បានការ​កុម្ម​ង់​ចំណី​សត្វ​ច្រើន​មាន​ដូច​ជា ខេត្តកំពង់ស្ពឺ កំពង់ចាម បាត់ដំបង សៀមរាប កំពង់ធំ កណ្តាល តាកែវ និង​ខេត្តកំពត ជាដើម ។

ទាក់ទង​នឹង​តម្រូវការ​ចំណី​ជ្រូក និង​តម្លៃ​សាច់​ជ្រូក​នេះ លោក​រំពឹង​ថា នៅ​ខែ​បន្ទាប់​វា​នឹង​កើនឡើង​វិញ​ដូច​កាលពី​ឆ្នាំ​២០១៤ មាន​ន័យ​ថា ក្នុង​មួយ​ឆ្នាំ វា​តែងតែ​ឡើង​ឬ​ចុះ​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​នៅ​លើ​ទីផ្សារ ។ ដោយឡែក​កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន​គ្រី​ន​ហ្វី​ត ផលិត​ចំណី​សត្វ​បាន​ប្រមាណ​៧​ម៉ឺន​តោន ហើយ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ក្រុមហ៊ុន​មាន​គម្រោង​ផលិត​ចំណី​សត្វ​ឲ្យ​បាន​១០​ម៉ឺន​តោន កើន​លើស​ឆ្នាំ​មុន​៣០% ដោយ​ពឹង​ផ្នែក​លើ​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​របស់​ខ្លួន ។

លោក ចាន់ សុធា អគ្គ​នាយ​ក្រុមហ៊ុន ហ៊ុ​ក ហៀ​ង ចែកចាយ​សាច់​ជ្រូក​ស្រស់ បាន​ឲ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០១៥​នេះ គិត​ពី​ខែមករា ដល់​ខែមីនា សាច់​ជ្រូក​សុទ្ធ​មាន​តម្លៃ​ប្រមាណ​១៧.០០០​រៀល​ក្នុង១​គីឡូក្រាម បើ​ធៀប​ប​នឹង​ចុងឆ្នាំ​២០១៤ មាន​តម្លៃ​ប្រហែល​១៩.០០០​រៀល​ក្នុង​១​គីឡូក្រាម​។ ការ​ធ្លាក់​ថ្លៃ​ក្នុង​រយៈពេល​នេះ លោក​យល់​ថា​ដោយសារ​តែ​ឈ្មួញ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​មាន​តម្លៃ​ថោក​ជាង​តម្លៃ​ជ្រូក​ក្នុងស្រុក ។

លោក​បន្ត​ថា សព្វថ្ងៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សាច់​ជ្រូក​ស្រស់​នៅ​លើ​ទីផ្សារ​ក្នុង​រាជធានី​បាន​ប្រហែល​៤​តោន​ក្នុង​១​ថ្ងៃ ហើយ​ក្រុមហ៊ុន​មាន​ជ្រូក​រស់​ប្រហែល​៧​ពាន់​ក្បាល​ក្នុង​កសិដ្ឋាន​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៅ​លើ​ទីផ្សារ ។ នៅ​ឆ្នាំ​ថ្មី​នេះ បើ​ទោះបីជា​តម្លៃ​សាច់​ជ្រូក​លក់​នៅ​លើ​ទីផ្សារ​ធ្លាក់​ចុះ​បន្តិច​ក្តី តែ​ចំពោះ​ក្រុមហ៊ុន​របស់​លោក​មាន​គម្រោង​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​នៅ​ក្នុង​រាជធានី​ឲ្យ​កើនឡើង​ប្រមាណ​៨​តោន​ក្នុង​១​ថ្ងៃ ។

បើ​តាម​របាយការណ៍​កាំកុងត្រូល​ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​២០១៤ កម្ពុជា​នាំ​ចូល​ជ្រូក​មក​ពី​ប្រទេស​ថៃ និង​វៀតណាម​មាន​ចំនួន​៣.៩៨០​តោន និង​២៥.៨២៧​ក្បាល (Unit) គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​៤.៥៩៨.២៩៣​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ មាន​ទឹកប្រាក់​ប្រមាណ​តែ​២.៥៧៣.២២៥​ដុល្លារ កើនឡើង​ប្រមាណ​៧៨,៧០% ៕