ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឮ «ដេប៉ូ​ខ្សាច់ សុខ ទៀង ​បាន​កន្ទេល​ធំ​បន្លំ​ដេក​»

9 ឆ្នាំ មុន

មានការ​កត់​សម្គាល់ថា មួយ​រយៈ​កន្លង​មកនេះ អាជ្ញាធរ​ខេត្ត​មាន​វិធានការ​ក្ដៅ​ចំពោះ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ ក្នុង​ទន្លេ​ដែល​គ្មាន​ច្បាប់​ត្រូវ​បាន​ផ្អាក និង​បញ្ឈប់​ទាំងអស់ គឺ​នៅ​សល់​តែ​អាជីវកម្ម​ខ្សាច់ សុខ ទៀង មួយ​ប៉ុណ្ណោះ នៅ​ក្រុង​តា​ខ្មៅ​ដែល​មានសំណាង​ជាងគេ

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខេត្តកណ្តាល​ម្នាក់​គួរ​ជឿជាក់​បាន​ឲ្យ​ដឹងថា អាជីវកម្ម​បូម និង​ដឹក​ជញ្ជូន​ខ្សាច់​របស់​ក្រុមហ៊ុន សុខ ទៀង ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ខ្សាច់​សម្រាប់​យក​ទៅ​ចាក់​បំពេញ​ដី​ទំនាប​ នៅ​ភូមិ​ព្រែក​សំរោង​២​តែ​ប៉ុណ្ណោះ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ទៅ​កន្លែង​ផ្សេង​ទៀត​ទេ ។ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​នេះ​តាំងពី​មុន​មក ធ្វើ​អាជីវកម្ម​ខ្សាច់​មិន​គោរព​តាម​គោលការណ៍ ​ដែល​ច្បាប់​អនុញ្ញាត​ឡើយ ។ ជាក់ស្ដែង ក្រុមហ៊ុន​កំពុង​បូម​ខ្សាច់​ចាក់​លុបរណ្តៅ​ដី​មួយ​កន្លែង​ផ្សេង មាន​ទំហំ​ច្រើន​ហិ​កតា នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន សុខ ទៀង មាន​ដេប៉ូ​ខ្សាច់​មួយ​កន្លែង​ទៀត​ នៅ​ខាងត្បូង​ជាប់​គល់​ស្ពាន​ព្រែក​សំរោង ដែល​ពេល​នេះ​កំពុង​មមាញឹក​ខ្លាំង​ណាស់ មាន​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ ច្រើន​គ្រឿង​ដឹក​យក​ទៅ​លក់​នៅ​គ្រប់​ទីកន្លែង ។ ចំណែក​ការ​ដឹក​យក​ទៅ​ចាក់​នៅ​ភូមិ​ព្រែក​សំរោង​២ ដែល​អាជ្ញាធរ​អនុញ្ញាត គឺ​មាន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ដឹក​ទៅ​កន្លែង​ផ្សេង​ច្រើន​ជាង ។ ធ្វើ​បែប​នេះ​ត្រូវ​គេ​និយាយ​ថា បើ​ចាក់​ឆាប់​ពេញ​ទៅ តើ​មានឱកាស​ឯណា​រកស៊ី​ក្រៅ​ទៀត ដែល​គេ​ឱ្យឈ្មោះ​ថា «​បាន​កន្ទេល​ធំ​បន្លំ​ដេក​» រំភើយ ។

ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្តនឹង​ក្រុមហ៊ុន​អា​ជី​កម្ម​ខ្សាច់ សុខ ទៀង នេះ​ទេ ដោយសារ​រថយន្ត​ដឹក​ខ្សាច់​ហៀរ​ទ្រុង រថយន្ត​មិន​គ្រប​ធ្វើ​ឱ្យ​ជ្រុះ​រប៉ាត់រប៉ាយ​តាម​ផ្លូវ​បង្ក​ឲ្យ​មាន​ដី​ហុយ​ទ្រលោម​ពិបាក​ដកដង្ហើម និង​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់ ។ ជួនកាល​ទៀត​មាន​អ្នក​បើក​ម៉ូតូ​ដួល​រង​របួស​ដោយសារ​ដីខ្សាច់​ជ្រុះ​លើ​ផ្លូវជាតិ​ច្រើន​ពេក ។

ជាមួយ​គ្នា​នេះ ភាព​អនាធិបតេយ្យ​នៅ​ក្នុង​ទន្លេបាសាក់​ចាប់ពី​ក្រុង​តា​ខ្មៅ ទៅ​ដល់​ក្បាល​កោះអន្លង់ចិន ស្រុក​ស្អាង ដោយសារ​ទូក​បូម​ខ្សាច់​ធ្វើ​សកម្មភាព​បូម​ទាំង​យប់​ទាំង​ថ្ងៃ មិន​មានការ​កំណត់​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់ ។ សកម្មភាព​នេះ​រឹតតែ​នាំ​ឲ្យ​មាន​កង្វល់​ដល់​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ និង​ដីចម្ការ​នៅ​ជាប់​ច្រាំង​ទន្លេ ព្រោះ​ព្រួយបារម្ភ​ខ្លាច​បាក់​ស្រុត​ច្រាំង​ទន្លេ ដោយសារ​ការ​បូម​ខ្សាច់​តាម​បែប​អនាធិបតេយ្យ​នេះ ។

មានការ​កត់​សម្គាល់ថា មួយ​រយៈ​កន្លង​មកនេះ អាជ្ញាធរ​ខេត្ត​មាន​វិធានការ​ក្ដៅ​ចំពោះ​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ ក្នុង​ទន្លេ​ដែល​គ្មាន​ច្បាប់​ត្រូវ​បាន​ផ្អាក និង​បញ្ឈប់​ទាំងអស់ គឺ​នៅ​សល់​តែ​អាជីវកម្ម​ខ្សាច់ សុខ ទៀង មួយ​ប៉ុណ្ណោះ នៅ​ក្រុង​តា​ខ្មៅ​ដែល​មានសំណាង​ជាងគេ ។ ពេល​នេះ​កំពុង​មមាញឹក​ក្នុង​អាជីវកម្ម​នេះ​ខ្លាំង​ណាស់ រហូត​ដល់​ធ្វើ​អាជីវកម្ម ទាំង​បំពាន​ច្បាប់​អនុញ្ញាត​ទៀត​ផង ៕