ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ខៀវ កា​ញា​រី​ទ្ធ ចូលរួម​ប្រទាន​ភ្លើង​បូជាសព​លោក ប៉ែន សមិទ្ធិ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សព​លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា ​និង​ជា​និពន្ធ​នាយកកាសែត​រស្មី​កម្ពុជា​ត្រូវ​បាន​រៀបចំ​ពិធី​បូជា​តាម​ប្រពៃណី​ហើយ​កាលពី​វេលាម៉ោង​៩​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​០២ ​មេសា ​២០១៥​នេះ នៅ​វត្ត​លង្កា

រាជ​ធានី​ភ្នំពេញ​ ៖ សព​លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា ​និង​ជា​និពន្ធ​នាយកកាសែត​រស្មី​កម្ពុជា​ត្រូវ​បាន​រៀបចំ​ពិធី​បូជា​តាម​ប្រពៃណី​ហើយ​កាលពី​វេលាម៉ោង​៩​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​០២ ​មេសា ​២០១៥​នេះ នៅ​វត្ត​លង្កា រាជធានី​ភ្នំពេញ​។ 

លោក ខៀវ កា​ញា​រី​ទ្ធិ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​អញ្ជើញ​ចូលរួម ​និង​ប្រទាន​ភ្លើង​បូជាសព​លោក ប៉ែន សមិទ្ធិ ក្រោម​វត្តមាន​ក្រុម​គ្រួសារ សាច់ញាតិ ជិត​ឆ្ងាយ រួម​ទាំង​អ្នក​រួម​អាជីព​ជា​ច្រើន​នាក់​ក្នុង​ទឹកមុខ​ក្រៀមក្រំ ​និងក្តី​ស្រណោះ​អាឡោះ​អាល័យចំពោះ​លោក ប៉ែន សមិទ្ធិ ដែល​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​ច្រើន​ក្នុង​អាជីព​សារ​ព័ត៌​មាន ។

មុន​ពិធី​បូជាសព​លោក ប៉ែន សមិទ្ធិ  លោក​ប៉ែន បូ​ណា ប្រធាន​ស្តីទី​អ្នកកាសែត​កម្ពុជាបាន​ឡើង​អាន​សារ​រំលែក​ទុក្ខ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​ក៏បាន​ចូលរួម​សម្តែង​ការ​សោកស្តាយ និង​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​លោក ប៉ែន សមិទ្ធិ​។

​គួរ​បញ្ជាក់​ថា លោក ប៉ែន សមិទ្ធិ បាន​ធ្វើ​មរណកាល កាលពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ​មីនា ​​២០១៥ វេលា​ម៉ោង​៧​ និង​២០​នាទីព្រឹក​ដោយ​រោគាពាធិ ក្នុង​ជន្មាយុ​៥៥​ឆ្នាំ ដោយ​បន្សល់​ទុក​ភរិយា​ជាទីស្រឡាញ់​ និង​បុត្រាបុត្រី​ចំនួន​បី​នាក់​។ ស្នាដៃលេចធ្លោ​របស់​លោក រួម​មាន​ជា​ស្ថាបនិក​ និង​និ​ព​ន្ឋ​នាយក​កាសែត​រស្មី​កម្ពុជា ស្ថាបនិក​ និង​ជា​ប្រធាន ក្លឹ​ប​អ្នកកាសែត​កម្ពុជា វែប​សាយ​ព័ត៌មាន www.cen.com.kh និង​វែប​សាយ​ព័ត៌មាន​ភាសា​អង់គ្លេស  www.thecambodiaherald.com ។

លោក ប៉ែន សមិទ្ធិ កើត​នៅ ថ្ងៃ​ទី​១៦ ​តុលា ​១៩៦០ នៅ​ភូមិ​កំពង់ចាម ឃុំ​កំពង់ចាម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក្នុង​គ្រួសារ​កសិករ​មួយ​ដែល​មាន​ប្រវត្តិ​ជា​អ្នក​សិក្សា​រៀនសូត្រ​។ កាលពី​កុមារភាព​លោក​គឺជា​ក្មេង​ដ៏​ឧស្សាហ៍​រៀនសូត្រ​ និង​គោរព តាម​ដំបូន្មាន​ឪពុក​ម្តាយ​ចាស់ព្រឹទ្ធាចារ្យ​។ លោក​បាន​សិក្សា​នៅ​សាលា​បឋម​សិក្សា​វត្ត​ដីដុះ ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម បន្ទាប់​មក​សិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ទួល​គោក រាជធានី​ភ្នំពេញ រហូត​ដល់​ឆ្នាំ​១៩៧៥​។

លោក​ត្រូវ​បាន​ចាត់ទុកជា​សិស្ស​ឆ្នើម​នៅ​ក្នុង​ថ្នាក់​។ ចាប់ពី​ឆ្នាំ​១៩៧៥-១៩៧៩ លោក​រស់នៅ​ក្នុង​របប​ប៉ុ​ល​ពត​នៅ​ភូមិ​កន្សោម​អក​ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។ ពី​ឆ្នាំ​១៩៧៩-១៩៨០​ គឺ​ក្រោយ​របប​ប៉ុ​ល​ពត​លោក​បាន​សាង​ផ្នួស​ជា​សាមណេរ​នៅ​វត្ត​កំ​រែង ស្ថិត​នៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង​។

ចំពោះ​ការ​សិក្សា​ជាន់ខ្ពស់​វិញ លោក ប៉ែន សមិទ្ធិ បាន​ទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​ជា​ច្រើន​ដូច​ជា​ បាន​ទទួល​សញ្ញាប័ត្រ​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ រាជធានី​ភ្នំពេញ (១៩៨០-១៩៨១)​។ ​ទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​វិទ្យាស្ថាន​ង្វៀ​ន​អាយ​គួ​ក ទី​៧​នៃ​ប្រទេស​វៀតណាម (១៩៨៤-១៩៨៦) និង​ទទួល​បរិញ្ញាបត្រ ផ្នែក​សារព័ត៌មាន នៅ​អតីត​សហភាព​សូ​វៀត​នា​ឆ្នាំ​១៩៨៧​។

ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ឱកាស​នា​ពិធី​បូជាសព​លោក ប៉ែន សមិទ្ធិ ក្រោយ​ពី​តំណាង​ក្រសួង​ព័ត៌មានអាន​សេចក្តីសម្រេចរបស់​រាជរដ្ឋាភិបាល​កម្ពុជា លោក ខៀវ កា​ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី វឌ្ឍន៍ ជូន​សព​លោក ប៉ែន សមិទ្ធិ មុន​នឹង​ប្រទាន​ភ្លើង​បូជាសព​៕ ​