ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកបណ្ឌិត ហង្ស ពុទ្ឋា​ ៖ ខ្ញុំសម្រេចចិត្តចូល​ជាសមាជិកគ.ជ.ប​ ប្រសិនបើមានការ​ជ្រើសតំាងផ្លូវការ​ពីគណបក្សទំាងពីរ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ នៅក្នុងបទសម្ភាសន៍​ខ្លីមួយជាមួយគេហទំព័រកោះសន្តិភាព​នៅប៉ុន្មាននាទីមុននេះ ​នាយកប្រតិបត្តិនៃ​អង្គការនិកហ្វិក​​លោកបណ្ឌិត ហង្ស ពុទ្ឋា

រាជធានីភ្នំពេញ ៖​ នៅក្នុងបទសម្ភាសន៍​ខ្លីមួយជាមួយគេហទំព័រកោះសន្តិភាព​នៅប៉ុន្មាននាទីមុននេះ ​នាយកប្រតិបត្តិនៃ​អង្គការនិកហ្វិក​​លោកបណ្ឌិត ហង្ស ពុទ្ឋា ​បានមានប្រសាសន៍ថា ​”ខ្ញុំសម្រេចចិត្តចូល​ជាសមាជិកទី៩​នៃគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ​(គ.ជ.ប) ​ប្រសិនបើ​​គណបក្សនយោបាយ​ទំាងពីរ ​( CPP និង CNRP) ​ជ្រើសតំាង​លោកជាផ្លូវការនោះ ។

យ៉ាងណាក៍ដោយ​បើតាមលោកបណ្ឌិត ​ហង្ស ពុទ្ឋា​ មកដល់ម៉ោងជាង៣រសៀលថ្ងៃទី០១​ មេសា ២០១៥​ លោកបានអះអាង​ថាមិនទាន់បានទទួល​លិខិត​ជ្រើសតំាងផ្លូវការ​ពីគណបក្សទំាងពីរ ​និង គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា​នោះនៅឡើយទេ ។

ជាការកត់សម្គាល់​ការលើកឡើងរបស់​នាយកប្រតិបត្តិអង្គការ​និកហ្វិកដែលជាអង្គការ​ឃ្លំាមើលការបោះឆ្នោត​នៅកម្ពុជានារសៀលថ្ងៃពុធនេះ ​បានធ្វើឡើង​ប៉ុន្មានម៉ោងប៉ុណ្ណោះ​ បន្ទាប់ពីសម្តេចតេជោ​ ​ហ៊ុន សែន​ ពីខេត្តស្ទឹងត្រែងបានបញ្ជាក់ពី​ជំហររបស់គណបក្សប្រជាជន​កម្ពុជាក្នុងការគំាទ្រ​ជ្រើសតំាងលោក ហង្ស ពុទ្ឋា ​តែមួយគត់ជា​បេក្ខភាពសមាជិកទី៩នៃគ.ជ.ប ​និង ការយល់ព្រមឯកភាព​របស់លោក សម រង្ស៊ី ​ប្រធានគណបក្ស​សង្គ្រោះជាតិ​​នៅប៉ុន្មាន​ម៉ោង​ក្រោយការប្រកាស​របស់សម្តេចតេជោ​ក្នុងពិធីសម្ពោធស្ពាន​និងផ្លូវនៅខេត្តស្ទឹងត្រែង​នាថ្ងៃទី០១មេសា​នេះផងដែរ ។

លោកបណ្ឌិត​ ហង្ស ពុទ្ឋា ​បានបញ្ជាក់ពីការ​ប្តេជ្ញាចិត្តនិងជំហររបស់ខ្លួនទៀតថា​ ប្រសិនបើលោកមានឱកាស​ចូលរួមក្នុងស្ថាប័នរៀប​ចំការបោះឆ្នោត​ថ្មីនេះ​មែន ​លោកនឹងធ្វើការ​​សម្របសម្រួលទស្សនៈ​គណបក្សនយោបាយ​ដែលមាននិន្នាការផ្ទុយគ្នា​ យកចិត្តទុកដាក់ក្នុង​ការបញ្ជ្រាប​ស្មារតីរបស់​សង្គមស៊ីវិល​ទៅ​​ក្នុងស្ថាប័ន​រៀបចំការបោះឆ្នោត​ និង​ ចូលរួមអនុវត្តន៍​បទបញ្ជា​និងនីតិវិធីរបស់គ.ជ.ប​ឲ្យស្របទៅតាមច្បាប់ ។

លោកនាយកប្រតិបត្តិ​អង្គការនិកហ្វិករូបនេះ​ក៍បានមានប្រសាសន៍​ពីការលាលែងតំណែង​របស់លោកក្នុងអង្គការនិកហ្វិក ​ប្រសិនបើមាន​ការជ្រើសតំាងជា​សមាជិក​ទី៩នៃគ.ជ.ប ​ហើយថាអង្គការនិកហ្វិក​នៅតែមានសកម្មភាព​ដដែលពេលអវត្តមានរបស់លោក ​ព្រោះអង្គការនេះ​បង្កើតឡើង​ដោយក្រុមសង្គម​ស៊ីវិល​ជាច្រើន​ដែលគេនឹងធ្វើការ​​ជ្រើសរើស​នាយកប្រតិបត្តិថ្មី ៕