រាជធានីភ្នំពេញ ៖ រូបភាពចំនួន៨៤សន្លឹកស្តែងឱ្យឃើញពីប្រទេសកម្ពុជានាឆ្នាំ១៩២៩ ជាស្នាដៃថតដោយលោក GEORGES PORTAL ជនជាតិបារាំង បានដាក់តាំងបង្ហាញរយៈពេល៤ខែ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ តទៅ នៅសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញភូគីត្រា ។
យោងតាមសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា ការដាក់តាំងបង្ហាញរូបភាពដែលគេឱ្យឈ្មោះថា «GEORGES PORTAL, អច្ឆរិយ នៃឆ្នាំ១៩២៩» ទាំង៨៤សន្លឹកនេះ គឺជាសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ទាំងប្រវត្តិសាស្ត្រ និងគំនិតបំផុសនៃកវីនិពន្ធជនជាតិបារាំងដំបូងបង្អស់ ហើយជាតួសម្តែងដ៏មានសមត្ថភាព ព្រមទាំងជាអ្នកដឹកនាំរឿងកំប្លែងនៃប្រទេសបារាំង ។
សេចក្តីប្រកាសដដែលបញ្ជាក់ថា រូបភាពកម្រដែលស្ថិតក្នុងពណ៌សខ្មៅ ត្រូវបានថតដោយជោគជ័យពីលោក GEORGES PORTAL ដែលបច្ចុប្បន្នស្ថិតនៅក្រោមការថែរក្សាដោយលោក Pierre- Jean Rey ។ រយៈពេល៤ខែនៃការតាំងពិព័រណ៍នេះ នឹងត្រូវដាក់តាំងបង្ហាញនៅតាមកន្លែងទទួលភ្ញៀវនៃសណ្ឋាគារ ដែលបង្ហាញពីរូបថតនៃទីក្រុងភ្នំពេញ និងប្រាសាទអង្គរវត្ត ដែលត្រូវបានថតនៅក្នុងអំឡុងពេលដំណើរទេសចរណ៍នៅអាស៊ី និងរៀបចំដោយលោក GEORGES PORTAL នៅឆ្នាំ១៩២៩។ នៅក្នុងពេលទំនេរលោក GEORGES PORTAL បានឆ្លៀតឱកាសថតយកនូវសកម្មភាពនៃជីវិតរស់នៅប្រចាំថ្ងៃ ។
លោក Charles-Henri Chevet អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញភូគីត្រា មានភាពរំភើបរីករាយក្នុងការរៀបចំកម្មវិធីដ៏ប្រណីតនេះ និងបានប្រកាសថា ភ្ញៀវទាំងអស់នឹងអាចស្វែងរកព្រះរាជាណាចក្រកម្ពុជា ដែលមិនធ្លាប់មានពីមុនមក ។ ការតាំងពិព័រណ៍នេះគឺជាដំណើរពីភ្នំពេញ ទៅអង្គរនៅឆ្នាំ១៩២៩ និងកិច្ចប្រឹងប្រែងដោយជោគជ័យនៅក្នុងជីវិត ជាមួយនឹងការងាររបស់លោក GEORGES PORTAL ដែលជាការបង្កើតនូវចំណែកមួយនៃការប្រមូលផ្តុំរូបថតដែលអាចរកបាន ផ្តល់ទៅឱ្យទស្សនិកជនបរទេស ហើយជាការរំលឹកមួយនៃការប្រឹងប្រែងថតនូវភាពជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ និងបទពិសោធន៍ជីវិតនាសម័យនោះ ៕
ចែករំលែកព័តមាននេះ