ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ែន សមិទ្ធិ ទទួលមរណភាព​គឺជា​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​ម្នាក់​នៃ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ប៉ែន សមិទ្ធិ និពន្ធ​នាយក​នៃ​កាសែត​រស្មី​កម្ពុជា និង​ជា​ប្រធាន​នៃ​គេហទំព័រ cen.com.kh (Cambodia Express News) ព្រមទាំង​ជា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) បាន​ទទួលមរណភាព

រាជធានី​ភ្នំពេញ ៖ លោក ប៉ែន សមិទ្ធិ និពន្ធ​នាយក​នៃ​កាសែត​រស្មី​កម្ពុជា និង​ជា​ប្រធាន​នៃ​គេហទំព័រ cen.com.kh (Cambodia Express News) ព្រមទាំង​ជា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) បាន​ទទួលមរណភាព ក្នុង​ជន្មាយុ​៥៤​ឆ្នាំ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ មីនា  ដោយ​រោគាពាធ ។

លោក ប៉ែន សមិទ្ធិ គឺជា​អ្នក​សារព័ត៌មាន​កម្ពុជា ដ៏​មាន​ស្នាដៃ​លេចធ្លោ​បំផុត​មួយ​រូប ហើយ​លោក​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​រីក​ចម្រើន​លើ​វិស័យ​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ តែងតែ​ស្គាល់​និង​គោរព​រូប​លោក ដោយសារ​តែ​រូប​លោក​ជា​អ្នក​សារព័ត៌មាន និង​ជា​មេដឹកនាំ​ប្រកបដោយ​សមត្ថភាព​និង​ចំណេះដឹង​ខ្ពង់ខ្ពស់ ហើយ​បាន​ចូលរួម​សកម្មភាព​ជា​ច្រើន ដើម្បី​ផលប្រយោជន៍​អ្នកកាសែត និង​សង្គម​ទាំងមូល ។

លោក​បាន​ប្រើ​ពេលវេលា​ពេញ​មួយ​ជីវិត ដើម្បី​ការ​អភិ​ឌ្ឍ​ក្នុង​វិស័យ​សារព័ត៌មាន ។ អ្នកកាសែត​គ្រប់​រូប ចាត់​ទុក​មរណភាព​របស់​លោក ប៉ែន សមិទ្ធិ គឺជា​ការ​បាត់បង់​ដ៏​ធំធេង​នៃ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា និង​មេដឹកនាំ​ប្រកបដោយ សមត្ថភាព ការ​ទទួលខុសត្រូវ និង​ព្រហ្ម​វិហារធម៌​មួយ​រូប ។

លោក ប៉ែន សមិទ្ធិ កើត​នៅ​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​១៩៦១ នៅ​ភូមិ​កំពង់ចាម ឃុំ​កំពង់ចាម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក្នុង​គ្រួសារ​កសិករ​មួយ ដែល​មាន​ប្រវត្តិ​ជា​អ្នក​សិក្សា​រៀនសូត្រ​។ កាលពី​កុមារភាព លោក ប៉ែន សមិទ្ធិ បាន​សិក្សា​នៅ​សាលា​បឋម​សិក្សា​វត្ត​ដីដុះ ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម បន្ទាប់​មក​លោក​សិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រហូត​ដល់​ឆ្នាំ​១៩៧៥ ។ លោក​ត្រូវ​បាន​ចាត់ទុកជា​សិស្ស​ឆ្នើម​នៅ​ក្នុង​ថ្នាក់រៀន ។

ក្នុង​របប​ប៉ុ​ល​ពត (១៩៧៥-១៩៧៩) លោក​រស់នៅ​ភូមិ​កន្សោម​អក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ ក្រោយ​របប​ប៉ុ​ល​ពត ពី​ឆ្នាំ​១៩៧៩-១៩៨០ លោក​បាន​សាង​ផ្នួស​ជា​សាមណេរ នៅ​វត្ត​បាភ្នំ ស្ថិត​នៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ចំពោះ​ការ​សិក្សា​ជាន់ខ្ពស់​វិញ លោក​បាន​ទទួល​ការ​សិក្សា​ជាន់ខ្ពស់​ជា​ច្រើន​ដូច​ជា ៖
-​ទទួល​សញ្ញាបត្រ​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ រាជធានី​ភ្នំពេញ (១៩៨០-១៩៨១) ។
-​ទទួល​សញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​វិទ្យាស្ថាន​ង្វៀ​ន​អាយ​គួ​ក ទី​៧ នៃ​ប្រទេស​វៀតណាម (១៩៨៤-១៩៨៦) ។
-​ទទួល​បរិញ្ញាបត្រ​ផ្នែក​សារព័ត៌​មាននៅ​អតីត​សហភាព​សូ​វៀត នា​ឆ្នាំ​១៩៨៧ ។

ចំពោះ​បទ​ពិសោធន៍​ការងារ ៖ លោក ប៉ែន សមិទ្ធិ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នក​សារព័ត៌មាន​វិជ្ជាជីវ​: មាន​សមត្ថភាព​ខ្ពស់ និង​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​បំផុត​ធ្វើ​ឲ្យ​វិស័យ​សារព័ត៌​មាននៅ​ប្រទេស​កម្ពុជា មានការ​រីក​ចម្រើន​។ នៅ​ខែមេសា ឆ្នាំ​១៩៩៣ រហូត​ដល់​បច្ចុប្បន្ន លោក​ជា​ស្ថាបនិក និង​ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា ។ ខែកក្កដា ឆ្នាំ​២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន លោក​ជា​អគ្គនាយក​នៃ​គេហទំព័រ cen.com.kh (Cambodia Express News)​។ ខែកញ្ញា ឆ្នាំ​២០០៨ រហូត​ដល់​ឥឡូវ សាស្ដ្រាចារ្យ នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ ពី​ឆ្នាំ​១៩៨៦-១៩៩៣ លោក​ជា​និពន្ធ​នាយក​កាសែត​ភ្នំពេញ ។ ពី​ឆ្នាំ​១៩៨១-១៩៨៦ លោក​ជា​អ្នក​យក​ព័ត៌មាន និង​ក្រោយមក​ជា​អ្នកនិពន្ធ​នៅ​កាសែត​ភ្នំពេញ ។ ពី​ឆ្នាំ​១៩៧៩-១៩៨១ លោក​ជា​បុគ្គលិក​មន្ទីរ​ឃោសនាការ និង​ព័ត៌មាន​រាជធានី​ភ្នំពេញ ។

សកម្មភាព​សង្គម ៖ ខែសីហា ឆ្នាំ​២០០០ រហូត​មក​ដល់​បច្ចុប្បន្ន លោក​ជា​ស្ថាបនិក​មួយ​រូប​និង​ធ្វើ​ជា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) ។ ក្លិប​អ្នកកាសែត​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក បាន​ក្លាយជា​សមាគម​អ្នក​សារព័ត៌មាន​មួយ ដែល​បាន​បំពេញការងារ​យ៉ាង​សកម្ម​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​អ្នក​សារព័ត៌មាន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ដោយឡែក ពាក់ព័ន្ធ​នឹង​មរណភាព​លោក  ប៉ែន សមិទ្ធិ នេះ​ដែរ លោក ឆាយ សុផល ប្រធាន​ស្តីទី​រដ្ឋបាល​ក្លិប​អ្នកកាសែត​កម្ពុជា និង​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​មួយ​រូប និង​ធ្លាប់​ជា​សហការី​របស់​លោក ប៉ែន សមិទ្ធិ ជាង​១៥​ឆ្នាំ​មកនេះ ក៏​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ផង​ដែរ ។

លោក ឆាយ សុផល បាន​ស​សេរ​សារ​នៅ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ជា​ពន់ពេក ចំពោះ​ការ​បាត់បង់​រូប​លោក ដែល​ជា​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា ។ លោក ប៉ែន សមិទ្ធិ មិន​ត្រឹមតែ​ជា​អ្នក​សារព័ត៌មាន​អាជីព​ដ៏​ពូកែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ជា​អ្នកសម្របសម្រួល​ដ៏​ចំណាន​នៅ​ក្នុង​វិស័យ​សារព័ត៌មាន និង​សង្គម ។ លោក​ជា​មនុស្ស​រួសរាយ ជួយ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន​គ្រប់​រូប ទោះជា​អ្នក​សារព័ត៌មាន​នោះ​មាន​និន្នាការ​នយោបាយ​ខាង​ណា​ក៏​ដោយ លោក​តែងតែ​ជួយ​ការពារ​អ្នកកាសែត​ពី​ការ​រំលោភ​បំពាន​នានា ជួយ​កសាង​សមត្ថភាព​អ្នក​សារព័ត៌មាន និង​កសាង​ទំនាក់ទំនង​រវាង​អ្នក​សារព័ត៌មាន​ជាតិ ជាមួយ​អ្នក​សារព័ត៌មាន​អន្តរជាតិ​» ។

ក្លិប​អ្នកកាសែត​កម្ពុជា ក៏​បាន​សារលិខិត​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ប៉ែន សមិទ្ធិ ផង​ដែរ ក្នុង​នោះ ក​.​អ​.​ក ចាត់​ទុក​មរណភាព​របស់​លោក ប៉ែន សមិទ្ធិ គឺជា​ការ​បាត់បង់​មេដឹកនាំ ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ព្រហ្ម​វិហារធម៌​មួយ​រួប សម្រាប់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា ។ ក​.​អ​.​ក ក៏​សូម​អំពាវនាវ​ដល់​សមាជិក​សមាជិកា ក​.​អ​.​ក រួម​ទាំង​អ្នក​សារព័ត៌មាន​ទាំងអស់ ចូលរួម​ក្នុង​ពិធី​បុណ្យសព​លោក ប៉ែន សមិទ្ធិ ដែល​ប្រារព្ធ​ធ្វើ នៅ​គេហដ្ឋាន ផ្ទះ​លេខ​១ ផ្លូវ​១៤៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ចំណែក​សារព័ត៌មាន «​កោះសន្តិភាព​» លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ជា​ស្ថាបនិក រួម​ជាមួយ​លោក ប៉ុ​ល សា​រឿ​ន ជា​និពន្ធ​នាយក ក្នុង​នាម​កោះសន្តិភាព លោក​ថ្លែង​ថា សូម​សម្តែង​នូវ​ក្តី​វិយោគ​ក្តុកក្តួល និង​សោកស្តាយ​ក្រៃ​លែង​ចំពោះ​មរណភាព​នេះ ។ ការ​បាត់បង់​លោក ប៉ែន សមិទ្ធិ គឺជា​ការ​បាត់បង់​ធនធានមនុស្ស​មួយ​ដ៏​កម្រ​រកបាន ខាង​វិស័យ​សារព័ត៌មាន ។ ក្នុង​ជីវិត​រស់នៅ​ខាង​សារព័ត៌មាន លោក ប៉ែន សមិទ្ធិ ជា​កុលបុត្រ​ខ្មែរ​មួយ​រូប បាន​រួមចំណែក​ធំធេង​ណាស់ ជួយ​ដល់​សង្គម​ជាតិ ដែល​ជា​គុណ​បំណាច់​ដ៏​ឧត្តុង្គឧត្តម​មិន​អាច​បំភ្លេច​បាន ។

ក្នុង​នាម សហការី​កោះសន្តិភាព​ទាំងអស់ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​គ្រួសារ​នៃ​សព​ ៕