ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ង ស៊ី​ណា បរាជ័យ​សងសឹក​គូប្រកួត​ក្នុង​ជំនួប​នៅ​លើ​សង្វៀន SEA TV

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កីឡាករ​ជើង​ខ្លាំង អ៊ុ​ង ស៊ី​ណា មិន​អាច​សងសឹក​កីឡាករ​យិ​ន បូ​រិ​ន តាម​ការ​ចង់បាន​នោះ​ឡើយ​នៅ​ក្នុង​ជំនួប​សងសឹក​ដែល​មានការ​តាមដាន​ច្រើន​លើសលប់ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ មីនា

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត កីឡាករ​ជើង​ខ្លាំង អ៊ុ​ង ស៊ី​ណា មិន​អាច​សងសឹក​កីឡាករ​យិ​ន បូ​រិ​ន តាម​ការ​ចង់បាន​នោះ​ឡើយ​នៅ​ក្នុង​ជំនួប​សងសឹក​ដែល​មានការ​តាមដាន​ច្រើន​លើសលប់ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ មីនា នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEA TV)​។ យ៉ាងណា​ក៏​ដោយ លទ្ធផល​ដែល​ទទួល​បាន ក៏​មិន​ធ្វើ​ឲ្យ​លោក​បាក់មុខ​ដូច​ពេល​ប៉ះ​គ្នា​កាលពី​លើក​មុន​នោះ​ផង​ដែរ ។

គ្មាន​អ្នក​ណា​មិន​ចាប់អារម្មណ៍​នោះ​ទេ ចំពោះ​ជំនួប​សងសឹក​រវាង​កីឡាករ​ទាំង​ពីរ​បន្ទាប់​ពី​ការ​ប្រកួត​របស់​ពួក​គេ​កាលពី​លើក​ដំបូង​បាន​ជួយ​ឲ្យ​កីឡាករ​យិ​ន បូ​រិ​ន ក្លាយជា​អ្នក​ឈ្នះ​ពិន្ទុ ហើយ​ធ្វើ​ឲ្យ​ជើង​ខ្លាំង អ៊ុ​ង ស៊ី​ណា មិន​អស់ចិត្ត ។ គាប់​ជួន​ជា​អ្នក​បរាជ័យ​បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​យ៉ាង​មុតមាំ​ថា ត្រូវការ​សងសឹក​ផង​នោះ ទើប​កាន់តែ​ធ្វើ​ឲ្យ​មានការ​ឃ្លាំមើល​កាន់តែ​ច្រើន​ពី​ការ​ប្រកួត​មួយ​នេះ ។ ជាក់ស្ដែង​សូ​ម្បី​តែ​អ្នក​ចាក់​ភ្នាល់​ដែល​រមែង​ជួបជុំ​គ្នា​នៅ​ក្នុង​ទីលាន​ប្រកួត ក៏​សម្ដែង​ការ​ចាប់អារម្មណ៍​មិន​អន់​នោះ​ដែរ​នៅ​ពេល​អ្នក​ទាំង​ពីរ​ឡើង​មក​ប្រកួត​សងសឹក​គ្នា ។

ថ្វី​ដ្បិតតែ​ពេល​បើក​ឆាក​ទឹក​ដំបូង កីឡាករ​ម្ខាង​ៗ​បាន​សម្ដែង​អារម្មណ៍​ញញើតញញើម ក៏​ការ​ប្រកួត​ទាំងមូល​នៅ​តែ​មើលទៅ​ជក់ចិត្ត និង​មាន​ភាព​ទាក់ទាញ ដោយសារ​តែ​មានការ​ចង់​ដឹង​ភាគច្រើន​ថា រវាង​អ្នក​ធ្លាប់​ឈ្នះ និង​អ្នក​បាន​ចាញ់​កាលពីមុន តើ​នឹង​មាន​លទ្ធផល​ដូច​ម្ដេច​សម្រាប់​ការ​ប៉ះ​គ្នា​ម្ដងទៀត ។ យ៉ាងណា​ក៏​ដោយ ការ​ចំណាយពេល​ស្ទាបស្ទង់​ក្នុង​ទឹក​ទី​១​នោះ ក៏​ធ្វើ​ឱ្យ​អ្នក​និយម​ចាក់​ភ្នាល់​មិន​សប្បាយចិត្ត​ផង​ដែរ ទើប​ម្នាក់​ៗ​បាន​ស្រែក​សន្ធាប់​ជំរុញ​ឲ្យ យិ​ន បូ​រិ​ន វ៉ៃ​ថែម​ទៀត ទាត់​ថែម​ទៀត​ដើម្បី​កុំ​ឲ្យ​កីឡាករ​អ៊ុ​ង ស៊ី​ណា មានឱកាស​សងសឹក ។ ក្នុង​នោះ​អ្នកគាំទ្ររ​បស់បង្គោល​ខៀវ អ៊ុ​ង ស៊ី​ណា ក៏​ស្រែក​សន្ធាប់​ដូច​គ្នា​ផង​ដែរ ព្រម​ជាមួយនឹង​កាយវិការ​បញ្ជា​ឲ្យ​ទាត់​បែប​នេះ និង​កែង​បែប​នោះ​ដែល​បង្ក​ឲ្យ​បរិយាកាស​នៅ​ក្នុង​សង្វៀន​ហាក់​តានតឹង ។

សំឡេង​បញ្ជា​របស់​ភាគី​ទាំង​ពីរ ក្លាយជា​សូរសៀង​អា​ម៉ឹង​មិនសូវ​ពីរោះ​ត្រចៀក​ប៉ុន្មាន​ឡើយ ពិសេស​នៅ​ពេល​ការ​បញ្ជា​ឲ្យ​កីឡាករ​វាយ​បែប​នេះ​វាយ​បែប​នោះ ហើយ​មិន​ទទួល​បានការ​ឆ្លើយ​តប​ដូច​ចិត្ត ។ អ​ញ្ចឹ​ង​ហើយ​ទើប​គេ​ឃើញ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត លោក រាជ សុ​ផែន ដែល​ជា​អ្នក​កាន់​ក្បាល​មេក្រូ​នៅ​ក្នុង​កម្មវិធី​ធ្វើការ​ព្រមាន​ភ្លាម​ៗ​ទៅ​កាន់​អ្នក​ភ្នាល់​ប្រាក់​ឲ្យ​ឈប់​ស្រែក​បញ្ជា​កីឡាករ និង​គំហក​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ សម្រាប់​ព្រឹត្តិការណ៍​ដែល​មានការ​ប្រកួត​គូ​នេះ ។

ការ​ប្រកួត​ទាំងមូល​កាន់តែ​មាន​សន្ទុះ​ក្ដៅ​គគុក​គួរ​ឲ្យ​កត់សម្គាល់​ចាប់តាំងពី​ទឹក​ទី​៣ រហូត​ដល់​ទឹក​ចុង​ក្រោយ ។ កីឡាករ​យិ​ន បូ​រិ​ន ដែល​ធ្លាប់​យកឈ្នះ​កាលពីមុន​បាន​បង្កើន​កម្លាំង​វាយ​ចេញ​ខុស​ពី​មុន​ទៅ​លើ អ៊ុ​ង ស៊ី​ណា ធ្វើ​ឲ្យ​កីឡាករ​អ៊ុ​ង ស៊ី​ណា ដែល​ស្រេកឃ្លាន​ការ​សងសឹក​ឲ្យ​បាន​ដាច់ខាត​ត្រូវ​តែ​ស្ទុះ​បន្ថែម​ទៀត​។ ការ​ប្រកួត​បាន​ក្លាយជា​ឆាកប្រយុទ្ធ​ជក់ចិត្ត និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​បាត់​មាត់​ដូច​គេ​ចុក​ដោយសារ​តែ​ភាគី​ជា​គូបដិបក្ខ សុទ្ធតែ​បាន​សម្រុក​ដាក់​គ្នា​ធ្វើ​ឲ្យ​អ្នក​ចាក់​ភ្នាល់​ត្រូវចិត្ត​ហើយ​ផ្លាស់​ប្ដូរ​សំឡេង​ស្រែក​បញ្ជា​ទៅ​ជា​ស្រែក​អបអរ​ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​ភាព​រញ្ជួយ ។

កីឡាករ​អ៊ុ​ង ស៊ី​ណា បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាត់​ចេញ និង​វាយ​កែង​បក ប៉ុន្តែ​កីឡាករ​យិ​ន បូ​រិ​ន ក៏​ធ្វើ​ឲ្យ​មានការ​អបអរ​មិន​អន់​ដូច​គ្នា​សម្រាប់​ការ​វាយ​ម៉ាត់ និង​អុក​ជង្គង់​នៅ​ពេល​ចូល​កៀក ។ ជាក់ស្ដែង​នៅ​ទឹក​ទី​៤ និង​ទឹក​ទី​៥ ការ​ប្រកួត​របស់​កីឡាករ​ទាំង​សងខាង​រឹតតែ​បង្ហាញ​គោល​ជំហរ​ចង់​ឈ្នះ​រៀងខ្លួន​ទ្វេ​ដង រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំងឡាយ​បុក​ពោះ​ដូច​គ្នា ។ ក្រោយ​បញ្ចប់​ស្នូរ​កណ្ដឹង​ក្នុង​ទឹក​ទី​៥ អ្នកគាំទ្រ​របស់​កីឡាករ​បង្គោល​ក្រហម និង​បង្គោល​ខៀវ​បាន​ស្រែក​គាំទ្រ​ភាគី​ម្ខាង​ៗ​ស្មើគ្នា​រហូត​ធ្វើ​ឲ្យ​ពិបាក​បែងចែក​ថា អ្នក​ណា​គួរ​ឈ្នះ​ពិតប្រាកដ​។ ស្ថានភាព​ចាប់ផ្ដើម​បន្ថយ​ភាព​តានតឹង​បន្ទាប់​ពី​មានការ​ប្រកាស​ថា កីឡាករ​ទាំង​ពីរ​ទទួល​ពិន្ទុ​ស្មើគ្នា ។ នេះ​មាន​ន័យ​ថា អ្នក​ត្រូវការ​សងសឹក ឈាន​ឡើង​មួយ​កម្រិត បើ​ទោះ​មិន​អាច​យកឈ្នះ​តាម​ការ​ចង់បាន ។ អ៊ុ​ង ស៊ី​ណា នៅ​តែ​បង្ហាញ​អារម្មណ៍​មិន​អស់ចិត្ត ប៉ុន្តែ​ក៏​មើលទៅ​សប្បាយចិត្ត​ជាង​មុន​ផង​ដែរ ដែល​បាន​លុប​ចោល​លទ្ធផល​បរាជ័យ ហើយ​មានឱកាស​ឡើង​ស្មើ​ពិន្ទុ​សម្រាប់​ការ​សងសឹក ។ គូ​នេះ​ត្រូវ​បាន​អ្នក​រៀបចំ​ការ​ប្រកួត​គ្រោង​នឹង​ឲ្យ​ប៉ះ​គ្នា​ម្ដងទៀត ដើម្បី​ចង់​ដឹង​ថា តើ អ៊ុ​ង ស៊ី​ណា អាច​បន្ត​ឈាន​ឡើង​មួយ​កម្រិត​ទៀត​ឬ​យ៉ាងណា បើ​ប៉ះ យិ​ន បូ​រិ​ន សា​ជា​ថ្មី ។

សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​ពេល​រសៀល​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ ការ​ប្រកួត​រវាង​កីឡាករ​សេង កំសត់ និង​កីឡាករ​នួន គារ ក៏​មាន​កម្រិត​ទាក់ទាញ​មិន​អន់​ជាង​គូ​ខាងលើ​ផង​ដែរ ខណៈ​ដែល សេង កំសត់ គឺ​ពិតជា​កំសត់​មែន ដោយសារ​តែ​មក​ប្រកួត​សា​ជា​ថ្មី​ហើយ​ទទួល​ការ​បរាជ័យ ។ សេង កំសត់ បាន​បង្ហាញ​ទឹកមុខ​ស្រងូតស្រងាត់​ភ្លាម​ៗ​បន្ទាប់​ពី​បាន​ចំណាយពេល​៥​ទឹក​វាយ​សន្ធាប់​ទៅ​លើ​គូប្រកួត តែ​បែរជា​អាច​យក​ប្រៀប​ត្រឹម​២​ទឹក ចំណែក​៣​ទឹក​ចុង​ក្រោយ បែរជា​ត្រូវ នួន គារ វាយ​ឲ្យ​ខ្ចប់​ច្រើន​អន្លើ ។

អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ច្រើន​លើក​មក​ហើយដោយ​មាន​ប្រវត្តិ សេង កំសត់ ឈ្នះ និង​ស្មើ ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​លើក​នេះ​អ្នក​ដែល​ខ្លាំង​ហើយ​មាន​ប្រវត្តិ​ល្អ​ជាង​បែរជា​បរាជ័យ​ម្ដង ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ពេល​យប់​របស់
ស្រា​បៀរ Black Cat នោះ​វិញ កីឡាករ​យុគ យក្ស​គី​ល ដែល​បាន​បាត់​មុខ​យូរ​បាន​យកឈ្នះ​ជើង​ខ្លាំង ម៉ូ រ​ដ្ឋា ដូច​ការ​គ្រោងទុក ទើប​ធ្វើ​ឲ្យ​វត្តមាន​ឡើង​រេញ​ជា​ថ្មី​របស់​កីឡាករ​រូប​នេះ កន្ត្រាក់​បានការ​ចាប់អារម្មណ៍​សម្រាប់​ការ​បោះ​ជំហាន​ម្ដងទៀត ៕