ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ចម្រូងចម្រាស​ជុំវិញ​ការ​ប្រកួត​រវាង​ម៉ាត់ ឆ្វេង និង​ថា​ន រ៉ា​ឌី នៅ​លើ​សង្វៀន TV3

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ចម្រូងចម្រាស​ជុំវិញ​ការ​ប្រកួត​រវាង​កីឡាករ​ម៉ាត់ ឆ្វេង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​ថា​ន រ៉ា​ឌី មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀ.ន​នៅ​លើ​សង្វៀន​ទូរទស្សន៍​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ចម្រូងចម្រាស​ជុំវិញ​ការ​ប្រកួត​រវាង​កីឡាករ​ម៉ាត់ ឆ្វេង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​ថា​ន រ៉ា​ឌី មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​នៅ​លើ​សង្វៀន​ទូរទស្សន៍​រាជធានី​ភ្នំពេញ​បុ​៉​ស្តិ៍​លេខ​៣ កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែមីនា កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​លោក​អាជ្ញាកណ្តាល ងួ​ន និ​ត ឈឺក្បាល​យ៉ាង​ខ្លាំង​ដោយសារ​តែ​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ។

ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​១​រវាង​គូ​នេះ គេ​មានការ​ចាប់អារម្មណ៍​ថា ថា​ន រ៉ា​ឌី មាន​ចេតនា​លក់​ការ​ប្រកួត​រួច​ទៅ​ហើយ ធ្វើ​ឱ្យ​លោក​រត្ន ស​ត្ថា មន្ត្រី​សម្រប​សម្រួលការ​ប្រកួត​បាន​ព្រមាន​កីឡាករ​ទាំង​ពីរ​ភ្លាម​ៗ​ថា បើ​មិន​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ទេ​នោះ ប្រយ័ត្ន​គេ​ដេញ​ចុះ​ពីលើ​សង្វៀន​លែងឱ្យ​ប្រកួត គឺ​ពិតជា​មិន​បាន​ប្រាក់​តម្លៃ​ខ្លួន​ឡើយ ។ ការ​ព្រមាន​នេះ​ឃើញ​ថា មាន​ប្រសិទ្ធភាព​គ្រាន់បើ ព្រោះថា​ក្រោយ​ពី​ធ្វើការ​ព្រមាន​រួច​មក កីឡាករ​ទាំង​ពីរ​បាន​សម្រុកចូល​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សាហាវ ។

ជា​ពិសេស ម៉ាត់ ឆ្វេង តែ​ម្តង​បាន​សម្រុក​ដើរ​ចូល​វាយ​ម៉ាត់​ទៅ​លើ​ផ្ទៃមុខ ថា​ន រ៉ា​ឌី ពេញ​ៗ​ធ្វើ​ឱ្យ ថា​ន រ៉ា​ឌី ផ្ទុះ​កំហឹង​ស្ទុះ​ដើរ​ចូល​វាយ​ម៉ាត់​សង​វិញ​ភ្លាម​ៗ​បង្ក​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។ បុ​៉​ន្តែ​ការ​ប្រកួត​ទាំង​នៅ​ក្នុង​ទឹក​ទី​១ និង​ទី​២ កន្លង​ផុត​ទៅ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​កើតឡើង​នៅឡើយ​នោះ​ទេ លុះ​ចូល​ដល់​ទឹក​ទី​៣ ម៉ាត់ ឆ្វេង នៅ​តែ​បន្ត​ដើរ​ចូល​វាយ​ទៅ​លើ ថា​ន រ៉ា​ឌី ដូច​ខ្លា​ត្រូវ​របួស​ធ្វើ​ឱ្យ ថា​ន រ៉ា​ឌី កាន់តែ​ឡើងក​ម្តៅ​បង្ខំចិត្ត​វាយបក​សង​វិញ​ទាំង​កំរោល បុ​៉​ន្តែ​រាល់​ការ​វាយ​ចេញ​របស់ ថា​ន រ៉ា​ឌី ចូល​ចំ​គោលដៅ​បាន​ល្អ​ជាង ។

ការ​វាយ​ម៉ាត់ បូក​រួម​ទាំង​ស្នៀត​ជង្គង់​បុក​ចូល​មុខ និង​ពោះ​ទឹក ម៉ាត់ ឆ្វេង ពេញ​ៗ​នោះ​មិន​ត្រឹមតែ​មិន​អាច​ធ្វើ​ឱ្យ ម៉ាត់ ឆ្វេង ដកថយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​កាន់តែ​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​ផ្ទុះ​កំហឹង​កាន់តែ​ខ្លាំង ក៏​សម្រុកចូល​វាយ​ទៅ​លើ ថា​ន រ៉ា​ឌី ដូច​ព្យុះ ធ្វើ​ឱ្យ ថា​ន រ៉ា​ឌី ភ្លាត់ជើង​ដួល​ទៅ​លើ​ក្តារ​តា​ពី ហើយ​ភ្លាម​នោះ ម៉ាត់ ឆ្វេង ក៏​ជ្រុលជើង​ទាត់​ត្រូវ​ក្បាល​បណ្តាល​ឱ្យ​មាន​របួស​បែកចេញ​ឈាម ។ ចំណែក ថា​ន រ៉ា​ឌី ក្រោយ​ពី​ត្រូវ​មួយ​ជើង​របស់ ម៉ាត់ ឆ្វេង ទោះបីជា​លោក​អាជ្ញាកណ្តាល​រាប់​ដល់​១០​ទៅ​ហើយ ក៏​មិន​ខ្ចី​ក្រោក​ដែរ ។ ភ្លាម​នោះ​លោក​រត្ន ស​ត្ថា បាន​ប្រាប់​ទៅ​លោក​ងួ​ន និ​ត ថា​មិនបាច់​ប្រកាស​លទ្ធផល​ឡើយ ព្រោះ​លោក​ដឹង​ថា ថា​ន រ៉ា​ឌី មាន​ចេតនា​ចង់ស៊ី​ឡាក បុ​៉​ន្តែ​ក៏​មាន​បទបញ្ជា​មួយ​ថ្មី​ទៀត​ចេញពី​លោក​ឆឹង យ៉ៅ​យ៉េន អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ថា ឱ្យ​ប្រាប់​ទៅ​លោក​ងួ​ន និ​ត ព្រមាន ម៉ាត់ ឆ្វេង ហើយ​ប្រកាស​ឱ្យ ថា​ន រ៉ា​ឌី ជា​អ្នក​ឈ្នះ​វិញ​។ ការ​ចេញ​បញ្ជា​បែប​នេះ​ដោយសារ​លោក​ចោទប្រកាន់ ម៉ាត់ ឆ្វេង ថា ជា​អ្នក​បំពាន​ទៅ​នឹង​ច្បាប់​ប្រកួត​ដែល​បាន​វាយ​ថែម​ទៅ​លើ ថា​ន រ៉ា​ឌី ធ្វើ​ឱ្យ​លោក​ងួ​ន និ​ត ដែល​ជា​អាជ្ញាកណ្តាល​នោះ​ឡើង​ចង់​វិលក្បុង​ព្រោះតែ​មាន​បញ្ជា​ច្រើន​ពេក ។

ជុំវិញ​ហេតុការណ៍​ទាំងនេះ​បាន​ធ្វើ​ឱ្យ​សាធារណ​មតិ​មួយ​ចំនួន​ធ្វើការ​រិះគន់​ទៅ​លើ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដែល​គ្មាន​ចំណាត់ការ​ពិតប្រាកដ មិនដឹង​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ប្រកួត​ពិតប្រាកដ​នោះ​ទេ ។ មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុ​ជាមួយ​ចំនួន​បានឱ្យ​ដឹង​ថា តាម​ពិត​ថ្វី​ដ្បិតតែ ថា​ន រ៉ា​ឌី ត្រូវ ម៉ាត់ ឆ្វេង ទាត់​ថែម​ត្រូវ​ក្បាល​រហូត​ដល់​ថ្នាក់​មាន​របួស​បែកចេញ​ឈាម​មែន បុ​៉​ន្តែ ថា​ន រ៉ា​ឌី ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​គម្រោង​លក់​ការ​ប្រកួត​តាំងពី​ដំបូង​មក​ម្ល៉េះ ។ ដូច្នេះ​គូ​នេះ​បើ​មិន​ប្រកាស​លទ្ធផល គឺ​ល្អ​ជាង ។

ទោះជា​យ៉ាងណា ផ្អែក​ទៅ​លើស​ភាព​ជាក់ស្តែង គឺ​ការ​បង្ក​របួស​ស្នាម​ផង និង​ការ​ធ្វើ​ខុស​ទៅ​នឹង​ច្បាប់​ប្រកួត​ផង ទើប​លោក​អនុប្រធាន​សហព័ន្ធ​ចេញ​បញ្ជា​ឱ្យ​លើកដៃ ថា​ន រ៉ា​ឌី ជា​អ្នក​ឈ្នះ​ការ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ ។ លោក​ទី រ៉ា​ណាត អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​បុ​៉​ស្តិ៍​លេខ​៣ បាន​សំណូមពរ​ដល់​សហព័ន្ធ​កីឡាប្រដាល់​ធ្វើការ​ស្រាវជ្រាវ​រឿង​នេះ​ឡើង​វិញ​ដើម្បី​រក​ឱ្យ​ឃើញ​ថា តើ​អ្នក​ណា​ជា​អ្នកមាន​កំហុស​ពិតប្រាកដ ។ ម៉ាត់ ឆ្វេង បាន​សារភាព​ថា គេ​ពិតជា​បាន​ធ្វើ​ខុស​ទៅ​នឹង​ច្បាប់​ប្រកួត​មែន បុ​៉​ន្តែ ថា​ន រ៉ា​ឌី ក៏​ជា​អ្នក​ខុស​ដែរ ព្រោះថា​ការ​ប្រកួត​ជា​ច្រើន​លើក​ជាមួយ​គ្នា​កន្លង​មកនេះ ថា​ន រ៉ា​ឌី ត្រូវ​ខ្លួន​វាយ​ឱ្យ​សន្លប់​២​លើក​រួច​មក​ហើយ ទើប​លើក​នេះ​ប្រហែលជា​ដឹង​ថា មិន​អាច​ទៅ​រួច​ជាមួយ​ខ្លួន ទើប ថា​ន រ៉ា​ឌី មាន​ចេតនា​ធ្វើ​បែប​នេះ​តែ​ម្តង ។

សម្រាប់​ការ​ប្រកួត​គូ​ផ្សេង​ទៀត សៀវ ងុ​យ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ឈ្នះ​ពិន្ទុ ហេង វាសនា មក​ពី​ក្លិប​ព្រៃ​ទទឹង​មាន​រិ​ទ្ធ​បង្ក្រាប​គ្រឿងញៀន ។ លួ​ន សុខ​ខេ​ង មក​ពី​ក្លិប​អាស៊ី​កីឡា ផ្តួល ពេជ្រ ម៉ា​ប់ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​៥ និង សយ សី មក​ពី​ក្លិប​ពន្លឺ​វិបុល​រិ​ទ្ធី ឈ្នះ​ពិន្ទុ រស់ វិបុល មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ៕