ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធ​អា​រ៉ាប់​ស្នើ​ឱ្យ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ចុះចាញ់​ជា​លក្ខខណ្ឌ​បញ្ឈប់​ការ​វាយប្រហារ

9 ឆ្នាំ មុន

ចូល​ដល់​ថ្ងៃ​ទី​៥ នៃ​ការ​វាយប្រហារ​តាម​អាកាស​នៅ​យេ​ម៉ែ​ន​របស់​ក្រុមចម្រុះ​អា​រ៉ាប់ នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត អគ្គលេខាធិការ​សម្ព័ន្ធ​អា​រ៉ាប់ លោក ណា​ប៊ី​ល អាល់​អា​រ៉ា​ប៊ី អះអាង​កាលពី​ថ្ងៃ​ទី​២៩

ចូល​ដល់​ថ្ងៃ​ទី​៥ នៃ​ការ​វាយប្រហារ​តាម​អាកាស​នៅ​យេ​ម៉ែ​ន​របស់​ក្រុមចម្រុះ​អា​រ៉ាប់ នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត អគ្គលេខាធិការ​សម្ព័ន្ធ​អា​រ៉ាប់ លោក ណា​ប៊ី​ល អាល់​អា​រ៉ា​ប៊ី អះអាង​កាលពី​ថ្ងៃ​ទី​២៩ មីនា ថា ការ​វាយប្រហារ​តាម​អាកាស​នឹង​បន្ត​ទៀត​រហូត​ដល់​ពួក​ជីវពល​ស៊ី​អីុ​ត ហ៊ូ​ធី ដកខ្លួន​ថយ​ចេញ ហើយ​ដាក់អាវុធ​ចុះ ។ លោក​ថ្លែង​បែប​នេះ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​អា​រ៉ាប់​នៅ​ទីក្រុង Charm El Cheikh ប្រទេស​អេ​ហ្ស៊ីប ។

រដ្ឋមន្ត្រី​ការ​បរទេស​យេ​ម៉ែ​ន លោក រី​យ៉ា​ដ យ៉ា​សស៊ីន អះអាង​ក្នុង​កិច្ចប្រជុំ​នោះ​ថា នឹង​ពុំ​មានការ​ចរចា​ជាមួយ​ពួក​ឧទ្ទាម​ឡើយ បើ​ដរាបណា​រដ្ឋាភិបាល​ស្របច្បាប់​ពុំ​អាច​វិល​ទៅ​ត្រួតត្រា​ដែនដី​ទាំងមូល​របស់​យេ​ម៉ែ​ន ទេ​នោះ ។

ចាក​ចេញពី​ទីតាំង​ពួក​គេ​នៅ​ខេត្ត​សា​អា​ដា ភាគ​ខាងជើង​យេ​ម៉ែ​ន ពួក​ហ៊ូ​ធី​កាលពី​ខែកញ្ញា បាន​លុក​ចូល​កាន់កាប់​រដ្ឋធានី​សា​ណា បន្ទាប់​មក​ដណ្តើម​កាន់កាប់​តំបន់​ជា​ច្រើន​នៅ​ភាគ​កណ្តាល និង​ខាងលិច​ប្រទេស ដោយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គំរាម​វាយ​ដណ្តើម​យក​ទីក្រុង​អា​ដេ​ន ជាទី​ក្រុង​ធំ​នៅ​ភាគ​ខាងត្បូង​ប្រទេស កន្លែង​រត់​ភៀសខ្លួន​របស់​ប្រធានាធិបតី លោក Abd Rabbo Mansour Hadi ទៀត ។

ដោយ​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​សុំ​ជំនួយ​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន ក្រុមចម្រុះ​នៃ​បណ្តា​ប្រទេស​អា​រ៉ាប់ នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត មាន​ព្រំដែន​យ៉ាង​វែង​ជាប់​យេ​ម៉ែ​ន បាន​បើក​ធ្វើ​ពី​ថ្ងៃ​ទី​២៦ មីនា មក នូវ​ការ​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​ទាំងឡាយ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី គាំទ្រ​ដោយ​អីុ​រ៉​ង់ និង​បណ្តា​កងឯកភាព​យោធា ដែល​នៅ​តែ​ស្មោះត្រង់​ជាមួយ​អតីត​ប្រធានាធិបតី លោក អា​លី អាប់​ដាល់​ឡា​ហ៍ សា​ឡេ​ហ៍ ដែល​ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញពី​តំណែង​កាលពី​ឆ្នាំ​២០១២ ។

ការ​ប្រយុទ្ធ​គ្នា​នា​ពេល​យប់​រវាង​ពួក​អ្នកគាំទ្រ និង​ពួក​ប្រឆាំង​ហ៊ូ​ធី កើត​មាន​ជា​ពិសេស​កាលពី​ថ្ងៃ​ទី​២៩ មីនា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២០​នាក់ ធ្វើ​ឱ្យ​តុល្យការ​នៃ​អំពើ​ហិង្សា​ចាប់តាំងពី​ថ្ងៃ​ទី​២៦ មីនា មក អ្នក​ស្លាប់​ឡើង​ដល់​ជិត​១០០​នាក់​ហើយ ។

នៅ​ភាគ​ឦសាន​ក្រុង​អា​ដេ​ន ក្នុង​ខេត្ត​ចាប​វ៉ា មនុស្ស​យ៉ាងតិច​៣៨​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​កុលសម្ព័ន្ធ​ស៊ុន​នី​ត និង​ពួក​ឧទ្ទាម​សីុ​អីុ​ត និង​ពួក​សម្ព័ន្ធមិត្ត​នៅ​ក្រុង Nuqub ជិត​តំបន់​ប្រេងកាត Usaylan ។ យោង​តាម​ប្រភព​ពួក​កុលសម្ព័ន្ធ​ថា ពួក​កុលសម្ព័ន្ធ​ស៊ុន​នី​ត​ខេត្ត​អា​ប៊ី​យ៉ា​ន បាន​បញ្ជូន​កម្លាំង​មក​ជួយ​ពួក​កុលសម្ព័ន្ធ​នៅ​ចាប​វ៉ា ។

ចំណែក​កង​យន្តហោះ​របស់​ក្រុមចម្រុះ​អា​រ៉ាប់ បាន​ធ្វើការ​វាយប្រហារ​៤​យប់​ជាប់​ៗ​គ្នា​លើ​បណ្តា​ទីតាំង​របស់​ពួក​ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត ។ ក្រៅពី​ព្រ​លាន​យន្តហោះ​ក្រុង​សា​ណា កង​យន្តហោះ​ក្រុមចម្រុះ​បាន​ទម្លាក់​គ្រាប់បែក​លើ​ក្រុង​ស៊ូ​បា​ហា ភាគ​ខាងលិច​រដ្ឋធានី និង​ទីបញ្ជាការដ្ឋាន​របស់​កង​ឆ្មាំ​សាធារណរដ្ឋ​សម្ព័ន្ធមិត្ត​ពួក​ហ៊ូ​ធី ដោយ​សម្លាប់​ទាហាន​១៥​នាក់ ។

អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្រកាស​នា​ថ្ងៃ​ទី​២៩ មីនា ថា មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំងអស់​របស់​ពួក​ហ៊ូ​ធី នឹង​ត្រូវ​កម្ទេច​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

យោង​តាម​ទូរទស្សន៍ Al-Arabiya ថា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​យោធា​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ឧត្តមសេនីយ៍ អា​ម៉េ​ដ អាល់ អា​ស៊ី​រី គូសបញ្ជាក់​ថា ក្រុមចម្រុះ​ចូលរួម​ដោយ​ប្រទេស​១០​ផ្សេង​ទៀត បន្ត​វាយប្រហារ​សំដៅ​បណ្តា​មី​សីុ​ល ដើម្បី​ចៀសវាង​ការ​ខូចខាត​ច្រើន ។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ក្នុង​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​២៩ មីនា ការ​វាយប្រហារ​តាម​អាកាស​សំដៅលើ​បណ្តា​មី​សីុ​ល និង​កងកម្លាំង​អាកាសចរណ៍​របស់​ពួក​ហ៊ូ​ធី បណ្តា​ឃ្លាំង​ស្តុក​គ្រាប់រំសេវ ផ្លូវ​ផ្គត់ផ្គង់ ព្រមទាំង​ការ​ចល័ត និង​ការ​ប្រមូលផ្តុំ​កម្លាំង​របស់​ពួក​ហ៊ូ​ធី នៅ​ក្បែរ​ព្រំដែន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៕