ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​គួរ​ចាត់វិធានការ​ចំពោះ​អ្នក​ចិញ្ចឹម​គោ​លែង​ចោល​អនាធិបតេយ្យ​

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ​៖​ ហ្វូងគោ​ដើរ​អនាធិបតេយ្យ​ក្នុង​ក្រុង​ពោធិ៍សាត់​វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ​គឺ​វា​មាន​យូរហើយ ហើយ​វាក៏ជា​រឿង​ដដែល​ៗ​ដែរ ប៉ុន្តែ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ហាក់បីដូចជា​មិន​ទាន់​ដែល​ឃើញ​ចាត់វិធានការ​ចំពោះ​អ្នក​ចិញ្ចឹម​គោ​

ខេត្តពោធិ៍សាត់ ​៖​ ហ្វូងគោ​ដើរ​អនាធិបតេយ្យ​ក្នុង​ក្រុង​ពោធិ៍សាត់​វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ​គឺ​វា​មាន​យូរហើយ ហើយ​វាក៏ជា​រឿង​ដដែល​ៗ​ដែរ ប៉ុន្តែ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ហាក់បីដូចជា​មិន​ទាន់​ដែល​ឃើញ​ចាត់វិធានការ​ចំពោះ​អ្នក​ចិញ្ចឹម​គោ​ទាំងនោះ​ទាល់តែ​សោះ​។

​ហ្វូងគោ​ទាំងនោះ​បាន​ដើរ​ប្រសេចប្រសាច​លើ​ផ្លូវជាតិ​លេខ​៥​ និង​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​ពោធិ៍សាត់​បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ស្ទះចរាចរណ៍​,​ គ្រោះថ្នាក់​ចរាចរណ៍​,​ ជុះអាចម៍​ប្រតេកប្រតាក​ប្រឡាក់​លើ​ផ្លូវ​ លើ​សួនច្បារ​ធ្វើ​ឲ្យ​ខូច​សោភ័ណ​ភាព​ និង​សណ្ដាប់ធ្នាប់​សង្គម​។​

ហ្វូងគោ​ទាំងនេះ​មិនមែន​លែង​ចោល​តែ​ពេល​ថ្ងៃ​នោះ​ទេ​ គឺ​ទាំងថ្ងៃទាំងយប់ ​ជូន​កាល​ពេល​ខ្លះ​ដើរ​ចូល​ក្នុង​ផ្សារ​ស៊ី​ផ្លែ​ឈើ​ ឫ​បង្អែម​ទៀត​ផង​ បើសិនជា​អ្នកលក់​កំពុង​ជាប់រវល់​មិន​បាន​មើល​ទេ​នោះ​។​ មិនតែប៉ុណ្ណោះ​បើ​នៅ​តាម​គេហដ្ឋាន​វិញ​មាន​ពាងទឹក​តាម​មុខ​ផ្ទះ​មិន​បាន​គ្រប​ត្រឹមត្រូវ​ប្រាកដជា​ត្រូវ​សត្វ​គោ​យក​មាត់​ជ្រលក់​គ្រប់​ផ្ទះ​ជា​មិន​ខាន​។​

ហ្វូងគោ​អនាធិបតេយ្យ​ក្នុង​ក្រុង​ពោធិ៍សាត់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ធុញថប់​ណាស់​ ហើយ​ខ្មាស់​ដល់​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​ដែល​គេ​ចូល​មក​លេង​ទៀត​ផង​។ ​អ្នក​ធ្វើ​ដំណើរ​បាន​រិះគន់​ចំពោះ​ហ្វូងគោ​ទាំងនេះ​ ហើយ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ និង​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​​​ចំពោះ​អ្នក​ដែល​ចិញ្ចឹម​គោ​កុំ​ឲ្យ​មានការ​លែង​អនាធិបតេយ្យ​ក្នុង​ទីប្រជុំជន​បែប​នេះ​តទៅ​ទៀត​ ហើយ​ត្រូវ​ធ្វើការ​ផាកពិន័យ​ឲ្យ​បាន​ខ្លាំង​ផង​ដែរ​ដើម្បី​ឲ្យ​មានការ​រាងចាល​៕ ​