ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​បាន​លុង​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ និង​ក្រុម​​ហ៊ុនគីម​ ជ្រា ប្រមូល​សំរាម​ ឱ្យ​ផ្អាក​ការ​លក់​ដូរ​មួយ​រយៈ

9 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ កាល​ពី​វេលា​ម៉ោង​១១​ ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៥ ក្រុម​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​បាន​លុង​បាន​មាន​ជម្លោះ​ជា​មួយ​ក្រុម​ហ៊ុន​គីម ជ្រា ប្រមូល​សំរាម របស់​លោក​ជា​គង និង​អាជ្ញាធរ​ក្រុង​មួយ​ប្រាវ​ធំ ធ្វើ​ឱ្យ​មាន​ការ​ផ្អើល​ពេញ​ផ្សារ ។

ខេត្ត​រតនគិរី ៖ កាល​ពី​វេលា​ម៉ោង​១១​ ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៥ ក្រុម​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​បាន​លុង​បាន​មាន​ជម្លោះ​ជា​មួយ​ក្រុម​ហ៊ុន​គីម ជ្រា ប្រមូល​សំរាម របស់​លោក​ជា​គង និង​អាជ្ញាធរ​ក្រុង​មួយ​ប្រាវ​ធំ ធ្វើ​ឱ្យ​មាន​ការ​ផ្អើល​ពេញ​ផ្សារ ។

ក្រុម​អាជីវករ​ផ្សារ​បាន​លុង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ​ប្រមាណ​ជាង​៤០​នាក់​បាន​ឱ្យ​កាសែត​ «កោះ​សន្តិភាព» ​ដឹង​ថា មុន​ពេល​កើត​មាន​ជម្លោះ​ ពួក​គាត់​ជា​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​បាន​លុង​បាន​ឃើញ​ខាង​អាជ្ញាធរ​ក្រុង​បាន​លុង និង​ក្រុម​ហ៊ុន​គីម ជ្រា​ ប្រមូល​សំរាមរបស់​លោក​ជា គង ដឹក​សម្ភារ​សំណង់​មួយ​ចំនួន​ធំ​មាន​ដូច​ជា ម៉ាស៊ីន​ភ្លើង និង​ដែក យក​មក​កសាង​តូប​ថ្មី​បន្ថែម​ទៀត ហើយ​បាន​បញ្ជា​ឱ្យ​ពួក​គាត់​ជា​អាជីវករ​លក់​ដូរ​ចាស់​ៗ​ផ្អាក​ការ​លក់​ដូរ​មួយ​រយៈ​សិន រង់​ចាំ​ធ្វើ​តូប​ថ្មី​ហើយ​ចាំ​ចូល​លក់​ដូរ​វិញ ។ ក្រុម​អាជីវករ​បាន​បន្ត​ទៀត​ថា ពួក​គាត់​មិន​ព្រម​ផ្អាក​លក់​ដូរ​ទេ​ លុះ​ណា​តែ​មាន​កិច្ច​សន្យា​ត្រឹម​ត្រូវ ព្រោះ​ថា​បើ​គ្មាន​កិច្ច​សន្យា​ទេ ពេល​ចូល​លក់​ដូរ​សារ​ជា​ថ្មី​មុខ​ជា​គ្មាន​កន្លែង​លក់​ទេ ។

លោក​អ៊ុក សំអុល អភិបាល​ក្រុង​បាន​លុង​បាន​មាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា ការ​ដឹក​សម្ភារ​សំណង់​មក​ធ្វើ​តូច​ថ្មី​គឺ​​​ធ្វើ​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​លក់​ដូរ​ជុំ​វិញ​ផ្សារ ដូចនេះ​អាជីវករ​ចាស់​ៗ​ត្រូវ​ផ្អាកលក់​ដូរ​មួយ​រយៈ​សិន ។

លោក​ជាម សុផាត តំណាង​ក្រុម​ហ៊ុន​ហេង ដារ៉ា វិនិយោគ​ផ្សារ​ បាន​ឱ្យ​ដឹង​ដែរ​ថា ក្រុម​ហ៊ុន​ហេង ដារ៉ា វិនិយោគ​ផ្សារ មាន​ច្បាប់​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិយោគ​ផ្សារ​ដោយ​មាន​សុពល​ភាព​៣៥​ឆ្នាំ ហើយ​រហូត​មក​ដល់​ពេល​នេះ​គឺ​ទើប​តែ​បាន​៨​ឆ្នាំ​ប៉ុណ្ណោះ ។ ម្យ៉ាង​វិញ​ទៀត​ជាង​២​ខែ​ដើម​ឆ្នាំ​២០១៥​នេះ​ ខាង​ក្រុម​ហ៊ុន​ក៏​មិន​បាន​ដក​ហូត​ភាស៊ី​តូប​ជុំ​វិញ​ផ្សារ​ដែរ ធ្វើ​ឱ្យ​ខាត​ចំណូល​ថវិកា​ក្នុង​១​ខែ​ៗ​រាប់​លាន​រៀល ។

ដោយ​ឡែក ក្រុម​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​បាន​លុង​ ក៏​បាន​អំពាវ​នាវ និង​សំណូម​ពរ​ដល់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា សុំ​មេត្តា​ជួយ​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​​មាន​ការ​លំបាក​ណាស់​ ពេល​ខ្លះ​ពួក​គាត់​កំពុង​លក់​ដូរ​ ខាង​អាជ្ញាធរ​ក្រុង និង​ខាង​ក្រុមហ៊ុន​ គីម ជ្រា ប្រមូល​សំរាម បាន​មក​ដេញ​ពួក​គាត់​មិន​​ឱ្យ​លក់​ដូរ​ជា​ញឹក​ញាប់ និង​ជួន​កាល​នៅ​ពេល​យប់​លួច​រុះ​រើ​តូប​លក់​ដូរ​របស់​ពួក​គាត់​ទៀត​ផង ។

ក្រុម​អាជីវករ​បាន​ត្អូញ​ត្អែរ​ថា ផ្សារ​តែ​មួយ​តែ​មាន​អ្នក​គ្រប់​គ្រង​ដល់​ទៅ​៣ គឺ​ទី១-​អាជ្ញាធរ​ក្រុង​បាន​លុង ទី២-​ក្រុម​ហ៊ុន​គីម ជ្រា ប្រមូល​សំរាម ដែល​ជា​អ្នក​មាន​អំណាច មាន​លុយ និង​ទី​៣-​ក្រុម​ហ៊ុន​ហេង ដារ៉ា វិនិយោគ​ផ្សារ ។ ក្រុម​អាជីវករ​ផ្សារ​​បន្ត​ត្អួញ​ត្អែរ​ទៀត​ថា អ្នក​ដែល​តែង​តែ​មក​រក​រឿង​ក្រុម​អាជីវ​ករ​គឺ​ខាង​អាជ្ញាធរ​ក្រុង និង​ក្រុម​ហ៊ុន​គីម ជ្រា ប្រមូល​សំរាម ដែល​តែង​តែ​មក​ហាម និង​ដេញ​អាជីវករ​មិន​ឱ្យ​លក់​ ឬ​ផ្អាក​ការ​លក់​ដូរ​មួយ​រយៈ​ជា​ញឹក​ញាប់ ។