ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បត់​ឆ្វេងបុក​ម៉ូ​តូ​ផ្លោង​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត​របួសធ្ងន់​-​ស្រាល​២​នាក់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​​មនុស្ស​២​នាក់រង​របួសធ្ងន់​-ស្រាល បន្ទាប់​ពីមាន​រថយន្ត​មួយ​គ្រឿងបើក​បត់​ឆ្វេងលឿន​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ ខណ​:​ដែល​កំពុង​ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា ហើយ​បើក​រត់​បាត់

រាជ​ធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​​មនុស្ស​២​នាក់រង​របួសធ្ងន់​-ស្រាល បន្ទាប់​ពីមាន​រថយន្ត​មួយ​គ្រឿងបើក​បត់​ឆ្វេងលឿន​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ ខណ​:​ដែល​កំពុង​ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា ហើយ​បើក​រត់​បាត់ បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​អ្នក​ជិះ​ពីក្រោយទៅ​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ដែល​បើក​ស្រប​ទិស​ជាមួយ​រថយន្ត​បង្ក កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យ​ប់ ​ថ្ងៃ​ទី​២៨ ​​មីនា ​២០១៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​សាលាក្តី​ខ្មែរក្រហម ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុបាន​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ឈ្មោះ កូយ យ៉េន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរបុគ្គលិក​ក្រុម​ហ៊ុន​សន្តិសុខ​ឯកជន ស្នាក់​នៅភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត ភូមិ​វាល​ស្មាច់ ឃុំ​ស្បូវ ស្រុក​កំចាយមារ ខេត្តព្រៃវែង រង​របួសស្រាល ​​ជា​អ្នកបើកបរ​ម៉ូតូ ម៉ាកហុងដា C​១២៥ ស៊េរី​២០១១ ឡើង​តែម​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AK-7785 និង​អ្នក​រួម​ដំណើរ​ជាមួយ មានឈ្មោះ សួ​ស វិសាល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល រង​របួសធ្ងន់សន្លប់​ឈឹង​នៅ​កន្លែង ។

ចំណែក​រថយន្តផ្តើម​បង្កតាម​ប្រជាពលរដ្ឋបាន​អះអាង​ថា ជារថយន្ត​ម៉ាកកាម​រី មិន​ចាំ​ពណ៌ មិន​ចាំ​ស្លាក​លេខ ខណ​:​ពេល​កើតហេតុ មេឃងងឹត ​ហើយ​​​ធ្លាក់​ទៀត ។ ដោយឡែក រថយន្ត​ដែល​ជន​រង​គ្រោះ​ខ្ទាត​ចូល ម៉ាកវី​ហ្គោ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-8739 ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់​ និង​ស្រី​ម្នាក់ អ្នកបើកបរ​ឈ្មោះ ភាព សុ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបររត់​ម៉ូតូឌុ​ប ស្នាក់​នៅទីរួមខេត្ត​កោះកុង និង​មានស្រុក​កំណើតភូមិ​ត្រពាំង​ព្រលឹត សង្កាត់​២ ស្រុក​កំពង់បាយ ខេត្តកំពត ។

តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះជិះ​ម៉ូតូ​ឌុ​ប​គ្នា​ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​បង្ក​ម៉ាក​កាម​រី បើក​ពី​កើត​ទៅ​លិច​ បត់​ឆ្វេង​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូ​តូ ហើយ​បន្ថែម​ល្បឿនរត់គេច​បាត់ ចំណែក​ម​អ្នក​រួម​ដំណើរ​ដោយ​ម៉ូ​តូផ្លោង​ទៅ​ចូល​ពីមុខ​រថយន្តវី​ហ្គោ បើក​ពី​កើត​ទៅ​លិច បណ្តាល​ឲ្យ​បុក​អូស​ជាង​១០​ម៉ែ​ត្រ ទើប​រថយន្ត​ឈប់​ស្ងៀម ។

ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត១១៩ ប្រចាំ​នៅ​គោលដៅសំរោង​ក្រោម​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ និង​រថយន្ត​វី​ហ្គោ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្នងការ​រាជធានី​ភ្នំពេញរង់​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕