ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​សហគ្រាសធុន​តូច​និង​មធ្យម​កម្ពុជា ជំរុញ​ការ​តាំង​បង្ហាញផលិតផល​ក្នុងស្រុកដើម្បី​ត្រៀមខ្លួន​ចូលសហគមន៍​សេដ្ឋកិច្ច​អាស៊ាន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​(FASMEC) លោក​ឧកញ៉ា តែ តាំង​ប៉ មាន​ប្រសាសន៍​ថា ដើម្បី​ត្រៀមខ្លួន​ចូល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

រាជធានី​ភ្នំពេញ ៖ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​(FASMEC) លោក​ឧកញ៉ា តែ តាំង​ប៉ មាន​ប្រសាសន៍​ថា ដើម្បី​ត្រៀមខ្លួន​ចូល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា តែងតែ​ជំរុញ​និង​រៀបចំ​ការ​តាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក​ជា​បន្តបន្ទាប់​ក្នុង​មួយ​ឆ្នាំ​ៗ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៩ មីនា នេះ FASMEC​បាន​រៀបចំ​តាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក​ចំនួន​២០២​ស្តង់ ក្នុង​នោះ​ស្តង់​ម្ហូបអាហារ​មាន​ច្រើន​ជាងគេ បើ​ធៀប​នឹង​ផលិតផល​ដទៃ​ទៀត ដែល​បាន​រៀបចំ​នៅ​ក្នុង​ម​ណ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​និង​បណ្តា​ប្រទេស​នៅ​អាស៊ាន​បាន​ស្គាល់​កាន់តែ​ច្បាស់​អំពី​ផលិតផល​ខ្មែរ  ។

លោក​ឧកញ៉ា​បន្ត​ថា ការ​តាំង​បង្ហាញ​ផលិតផល​នេះ សម្ព័ន្ធ​សមាគម​បាន​ធ្វើ​ឡើង​ចំនួន​៥​ឆ្នាំ​មក​ហើយ និង​បាន​កត់​សម្គាល់ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អ្នក​ដែល​មាន​ផលិតផល​បាន​មក​ចូលរួម​កាន់តែ​ច្រើន​ឡើង​ៗ ក្នុង​នោះ​សូ​ម្បី​តែ​ការ​វេច​ខ្ចប់ មា្ន​ក់​ៗ​បាន​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សោភ័ណ​ភាព និង​គុណភាព ដើម្បី​ត្រៀមខ្លួន​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នា​ពេល​ខាង​មុខ ។

លោក​ឧកញ៉ា​លើក​ឡើង​ថា សម្ព័ន្ធ​សមាគម បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​និង​ជួយ​ស្វែងរក​ការ​បណ្តុះបណ្តាល​វគ្គ​ខ្លី​ដើម្បី​ឲ្យ​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម អាច​ផលិត​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ទៅ​តាម​ស្តង់ដា​ដូច​ប្រទេស​ផ្សេង​ទៀត ។ ជា​ពិសេស​ក្រសួងឧ​ស្សហកម្ម​និង​សិប្បកម្ម បាន​និង​កំពុង​ជំរុញ​ផ្នែក​ស្តង់ដា​នេះ​អាច​ឈាន​ទៅ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​អាស៊ាន​បាន​ដូច​គេ​នៅ​ពេល​ខាង​មុខ​។

លោក​ឧកញ៉ា​បញ្ជាក់​ថា តាម​ការ​ជំរឿន​របស់​ក្រសួងផែនការ កាលពី​ឆ្នាំ​២០១១ កម្ពុជា​មាន​សហគ្រាស​ធុន​តូច​និង​មធ្យម​ចំនួន​៥៣​ម៉ឺន​កន្លែង ហើយ​សព្វថ្ងៃ សម្ព័ន្ធ​មាន​គោលបំណង​ជំរុញ​សហគ្រាស​ទាំងនោះ​ឲ្យ​ចូល​ទៅ​ក្នុង​ចង្កោម​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ចង់​ដឹង​ថា ពួក​គាត់​ខ្វះខាត​វត្ថុធាតុដើម​អ្វីខ្លះ​សម្រាប់​បំពេញ​ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​គាត់​ឬ​យ៉ាងណា ? ហើយ​បើ​ខ្វះខាត ខាង​សម្ព័ន្ធ​នឹង​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ឲ្យ​ពួក​គាត់​នាំ​ចូល​ដោយ​មិនបាច់​យកពន្ធ​ឡើយ ៕