ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​៥០០​នាក់​ក្នុង​ឃុំ​ពង្រ​លើ​ពុលនំប៉័ងសាច់ផ្អើល​ពេញ​ភូមិ

9 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ ចាស់​ ជាង​៥០០​នាក់​នៅ​ក្នុង​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ក្អូ​ត​ចង្អោរ ចុកពោះ រាករូសទន់ដៃទន់ជើង បន្ទាប់​​ពី​បរិភោគ​នំ​បុ័ង​ដាក់​សាច់​ក្នុង​កម្មវិធី​ជប់លៀង​មួយ

ខេត្តសៀមរាប​ ៖ ពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ ចាស់​ ជាង​៥០០​នាក់​នៅ​ក្នុង​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ក្អូ​ត​ចង្អោរ ចុកពោះ រាករូសទន់ដៃទន់ជើង បន្ទាប់​​ពី​បរិភោគ​នំ​បុ័ង​ដាក់​សាច់​ក្នុង​កម្មវិធី​ជប់លៀង​មួយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក ហៅ​កាត់​ថា​(WORLD VISON) ខណៈ​គ្រូពេទ្យ ​និង​សមត្ថកិច្ច​កំពុង​ជួយ​សង្គ្រោះ​នៅ​តាម​មណ្ឌល​សុខភាព​នានា​ដែលមាន​អ្នកជម្ងឺ​ធ្ងន់​និង​ស្រាល​ជា​ច្រើន​នាក់​។

ហេតុ​ការ​ណ៍ពុល​អាហារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​២៧​រហូត​ដល់​ថ្ងៃ​ទី​២៨​ ​មីនា​ ២០១៥​ ស្ថិត​នៅ​ក្នុង​សាលា​បឋម​សិក្សា​ចេក ក្នុងភូមិ​ចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ តាម​ប្រភព​ពី​ពលរដ្ឋ​ប្រុស​ស្រី​ក្មេង​ចាស់​ជា​ច្រើន​នាក់​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​មួយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក ហៅ​កាត់​ថា​(WORLD VISON)​ដែល​គេ​រៀបចំ​កម្មវិធី​ស្តី​ពី​ការ​ទប់ស្កាត់​ពលកម្ម​លើ​កុមារ​។

​ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​កម្មវិធី​នោះ​ចប់​សព្វគ្រប់ ម្ចាស់​គំរោង​ក៏​បាន​រៀបចំ​នំ​បុ័ង​ដាក់​សាច់​ និង​ទឹកបរិ​សុទ្ធ​ជូន​ពលរដ្ឋ​ទាំងនោះ​បរិភោគ​ដើម្បី​អបអរសាទរ​ដល់​អ្នកចូលរួម​ក្នុង​កម្មវិធី​នោះ​។​​ បន្ទាប់ពីទទួលទាន​នំ​បុ័ង​ដាក់​សាច់​ និង​ទឹក​បរិសុទ្ធ​នេះ​រួច​គេ​សង្កេត​ឃើញ​ថា មាន​អាការ​ប្លែក​នៅ​វេលា​ម៉ោង​៧​ល្ងាច​ថ្ងៃ​ទី ​២៧​ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨​ ​មិីនា ទើប​ឃើញ​មានការ​ឆោ​​​ឡោ​ផ្អើល​​​ពេញ​ភូមិ​។​ ប្រភព​បាន​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ម៉ោង​នេះ​គេ​សង្កេត​ឃើញ​មាន​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​ពុល​អាហារ​កើនឡើង​ប្រមាណ​ជាង​៥០០​នាក់​ហើយ​។

អធិការ​នគរបាល​ស្រុក​ជីក្រែង​លោក​វរសេនីយ៍ទោ តូច សាកល ​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២៨​ ​មីនា​នេះ​ថា ករណី​នេះ​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃ​ទី​២៧ ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨​ ​មីនា ក៏​ផ្ទុះ​ហេតុ​ការ​ណ៍ថា មាន​មនុស្ស​ពុល​នំ​បុ័ង​កាន់តែ​ច្រើន​ឡើង​ៗ​។ លោក​បន្ត​ថា រឿង​នេះ​​​កើត​ឡើង​បន្ទាប់​ពី​​កម្មវិធី​នោះ​រួចរាល់​ហើយ ពួក​គេ​នាំ​គ្នា​ជប់លៀង​ហូប​អាហារ​សម្រន់​មាន​នំ​បុ័ង​ដាក់​សាច់​នឹង​ទឹកបរិសុទ្ធ​។​ លោក​បន្ត​ថា បន្ទាប់​ពី​ពួក​គេ​ហូប​នំ​បុ័ង​នោះ​រួច​ហើយ​ក៏​ឃើញ​មាន​ពលរដ្ឋ​មួយ​ចំនួន​ចុកពោះ​រាក​រូស រហូត​ទន់ដៃទន់ជើង​។​

លោក​បន្ថែម​ថា បច្ចុប្បន្ន​សមត្ថកិច្ច​ និង​ក្រុម​គ្រូពេទ្យ​បាន​វេច​ខ្ចប់​នំ​បុ័ង​ទាំងនោះ​យក​ទៅ​ពិនិត្យ​​​នៅ​ទីក្រុង​ភ្នំពេញ ដូច្នេះ​មូលហេតុ​នៃ​ការ​ពុល​នេះ​នៅ​មិន​ទាន់​ដឹង​ការ​ពិត​នៅឡើយ​ទេ​។ លោក​បន្ថែម​ទៀត​ថា  ជន​រង​គ្រោះ​ទាំងអស់​អាច​មាន​ចំនួន​រហូត​ដល់​ជិត​៥០០​នាក់ ហើយ​បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​និង​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​នៅ​តាម​មណ្ឌល​សុខភាព​នានា​នៃ​ស្រុក​ជីក្រែង​ និង​ស្រុក​សូទ្រនិគម​។

ទាក់ទិន​នឹង​ករណី​នេះ​លោក​ក្រួស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ​ជុំវិញ​ករណី​ពលរដ្ឋ​ពុល​អាហារ​នេះ​ដោយសារ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ជា​ច្រើន​ដង​ តែ​គ្មាន​អ្នក​លើក​។ ​ចំណែក​លោក​ប្រធាន​អង្គការ​ទស្សនៈ​ពិភពលោក ហៅ​កាត់​ថា​(WORLD VISON)​ដែល​គេ​រៀបចំ​កម្មវិធី​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ​ដោយ​លោក​ស្នើ​ឲ្យ​ទាក់ទង​ទៅ​ក្រុមការងារ​ខេត្ត​។

ជុំវិញ​ករណី​នេះ​ដែរ​លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប​មិន​អាច​សុំ​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេពី​បញ្ហា​នេះ ប៉ុន្តែ​នៅ​រសៀល​នេះ​គេ​ក៏​ឃើញ​មាន​វត្តមាន​លោក ឃឹម ប៊ុ​ន​សុង​អភិបាលខេត្ត និង​ក្រុមការងារ​ខេត្ត​បាន​ចុះ​ទៅ​សួរសុខទុក្ខ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ទាំងនោះ​ផង​ដែរ​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​១​ហើយ ក្នុង​ឆ្នាំ​២០១៥ ដែល​មាន​ពលរដ្ឋ​រាប់រយ​នាក់​បាន​ពុល​នំ​បុ័ង​នៅ​ស្រុក​ជីក្រែង ប៉ុន្តែ​មិន​ទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់​ឈាន​ទៅ​ដល់​ការ​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ​។ លទ្ធ​ផល​ចុង​ក្រោយ​របស់​សមត្ថកិច្ច​​អ្នក​រង​គ្រោះ​ដោយសារ​ការ​ពុល​នេះ​អាច​ឈាន​ទៅ​ដល់​៥៤២​នាក់ ក្នុង​នោះ​មនុស្ស​ចាស់​១៧៨​នាក់​ ហើយ​លទ្ធផល​លម្អិត​នោះ​បាន​បង្ហាញ​ថា ការ​ពុល​នេះ​គឺ​ប​ណា្ត​លម​ក​ពី​ជ្រក់ត្រសក់ ៕ ​