ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ប្រឡង​បាក់​ឌុ​ប​បាន​និទ្ទេស A,B,C,D និង E អាច​ប្រឡង​ចូល​រៀន​នៅ​សាលា​វេជ្ជសាស្ត្រ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​បិទ​សន្និបាត​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ទី​២៦ មីនា

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​បិទ​សន្និបាត​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ទី​២៦ មីនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ថា ដោយសារ​មាន​សាលា​រដ្ឋ និង​សាលា​ឯកជន​ផង ការ​សម្រេច​ថ្មី គឺ​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុ​ប​នៅ​ឆ្នាំ​២០១៤ ទាំង​ប្រឡង​លើក​ទី​១ និង​ប្រឡង​លើក​ទី​២ និង​ឆ្នាំ​២០១៥ ដែល​មាន​និទ្ទេស​A និទ្ទេស​B និទ្ទេស​C និទ្ទេស​D និង​និទ្ទេស​E អនុញ្ញាត​ឱ្យ​ដាក់​ពាក្យ​ប្រឡង​ចូល​រៀន​នៅ​សាលា​វេជ្ជសាស្ត្រ ។

ក្នុង​ករណី​ដែល​ប្រឡង​ជាប់​បាក់​ឌុ​ប​មិន​អនុញ្ញាត​ឱ្យ​ចូល​មក​ប្រឡង គឺ​យោង​ទៅ​លើ​បរិបទ​ថ្មី បន្ទាប់​ពី​កំណែ​ទម្រង់ការ​ប្រឡង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ សិស្សានុសិស្ស​ខ្លះ​គ្រាន់តែ​ប្រឡង​ជាប់​ដោយ​គ្មាន​និទ្ទេស គឺ​មិន​អនុញ្ញាត​ឱ្យ​ដាក់​ពាក្យ​ប្រឡង​ទេ​។ កិច្ចការ​នេះ​ត្រូវ​ប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ករណី​កន្លង​ទៅ​ដោយសារ​ខ្វះខាត​ការ​ប្រុង​ប្រយ័ត្ន ដូច​នៅ​ក្នុងភូមិ​រកា​ចាប់ផ្តើម​ឆ្លង​អេ​ដស៍​មួយ​ភូមិ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា ដោយសារ​បរិបទ​ថ្មី​នៃ​ការ​កែទម្រង់​វិស័យ​អប់រំ​បាន​ជះ​ឥទ្ធិពល​ភ្លាម​ទៅ​លើ​ការ​ពង្រឹង​ផ្សេង​ទៀត ក្នុង​នោះ​មាន​វិស័យ​សុខាភិបាល កាលពីមុន​អនុញ្ញាត​ឱ្យ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុ​ប​មាន​និទ្ទេស​A, B, C ចូល​ប្រឡង ឥឡូវ​បន្ថែម​ឱ្យ​និទ្ទេស​D និង​E ឱ្យ​ចូល​ប្រឡង​ដែរ ។ ទាក់ទង​នឹង​ការ​ប្រឡង​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គូសបញ្ជាក់​ថា មិន​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​ដែល​ជាប់​បាក់​ឌុ​ប​កាលពី​ឆ្នាំ​២០១២-២០១៣ មក​ប្រឡង​ដាច់ខាត ។ ត្រូវ​យក​សិស្សានុសិស្ស​ចាប់ពី​ឆ្នាំ​២០១៤​ទៅ ទើប​អនុញ្ញាត​ឱ្យ​ប្រឡង ។

យើង​ត្រូវ​មើល​ឱ្យ​ឃើញ​មាន​អន្តរ​សកម្ម គ្រាន់តែ​កំណែទម្រង់​វិស័យ​អប់រំ​មួយ គឺ​ជះ​ឥទ្ធិពល​ភ្លាម​ទៅ​លើ​វិស័យ​ផ្សេង​ៗ​ទៀត​តែ​ម្តង ដូច្នេះ​យើង​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​កំណែទម្រង់​វិស័យ​អប់រំ វិនិយោគ​ឱ្យ​វិស័យ​អប់រំ គឺ​បើសិន​ក្មួយ​ៗ​ចង់ទៅ​រៀន​មុខ​វិជ្ជាពេទ្យ ត្រូវ​ខំរៀន​ប្រឡង​ឱ្យ​ជាប់ អ្នកចេះ​បាន​ជាប់ ដោយ​សម្តេច​ផ្តាំ​ថា សូម​ឱ្យ​យក​វិធានការ​នេះ​បន្ត​ទៀត​។ នៅ​ពេល​ដែល​ក្រសួង​ដាក់​កម្រិត​នៅ​មធ្យមសិក្សា​ទុតិយភូមិ គឺ​ច្បាស់​ណាស់​ថា គេ​ត្រូវ​ប្រឹង​ហើយ មិនមែន​ប្រឹង​មួយ​ខែ ពីរ​ខែ​មុន​ពេល​ប្រឡង​ទេ ត្រូវ​ប្រឹង​តាំងពី​ក្រោម​ទៅ បើ​មិន​ដូច្នេះ​ទេ គ្មាន​មូលដ្ឋាន​ដើម្បី​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ទេ ។

ការ​ចាត់ចែង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​កន្លង​ទៅ ពិតមែន​មាន​មួយ​ចំនួន​មិន​សប្បាយចិត្ត ក៏​ប៉ុ​ន្តែ​រឿង​អ្នក​មិន​សប្បាយចិត្ត គឺជា​រឿង​មួយ​ផ្សេង ។ អ្វី​ដែល​យើង​ត្រូវធ្វើ គឺ​ឱ្យ​ប្រទេស​កម្ពុជា​មានគុណ​ភាព​ពេញលេញ​គ្រប់គ្រាន់ កុំឱ្យ​មាន​តែ​បរិញ្ញាបត្រ ។ ស្រុក​យើង​ឥឡូវ​គ្រាន់តែ​គេ​មក​មើល​ដូច​ជា គ្រាន់​បណ្ឌិត​អី​នឹង​គេ​ដែរ ប៉ុន្តែ​វា​អត់​បានការ ដូច្នេះ​យើង​ត្រូវធ្វើ​នៅ​ត្រង់​កន្លែង​ហ្នឹង​ឱ្យ​បាន​ច្បាស់លាស់ ។

សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី​សង្កត់ធ្ងន់​ថា ដំណើរ​របស់​កម្ពុជា​បច្ចុប្បន្ន មិនមែន​ជា​ដំណើរ​ដោយ​ឯកឯង​តាម​ភាព​ឯកោ​ទេ ប៉ុ​ន្តែ​ដំណើរ​ចូលរួម​នៅ​ក្នុង​ក្របខ័ណ្ឌ​កា​រត​ភ្ជាប់ និង​ការ​ធ្វើ​សមាហរណកម្ម​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់ អនុ​តំបន់ និង​ភាព​ជា​សាកល​ផង ។ សូ​ម្បី​តែ​អ្នកគ្រូ​នាង ផល្លា ក៏​ត្រូវ​ទៅ​ចូលរួម​លើ​ឆាក​អន្តរជាតិ​ដែរ ។ ថ្ងៃ​នោះ​ខ្ញុំ​មើល​តាម​អន​ឡាញ​នៅ​តូ​ក្យូ ខ្ញុំ​មើល​រហូត​ដល់​ចប់ គេ​ផ្សា​យមក បើក​មើល​តាម​អន​ឡាញ​ទេ ខ្ញុំ​បោះ​ឆ្នោត​នៅ​តូ​ក្យូ​ទេ ប៉ុ​ន្តែ​លទ្ធផល​គេ​អត់​ប្រកាស​ផង ។

ទាក់ទិន​នឹង​បញ្ហា​នេះ សម្តេច​តេ​ជោ​រិះគន់​ថា បាន​សេចក្តី​ថា គេ​ត្រៀម​មនុស្ស​ជាប់​រួច​ទៅ​ហើយ យើង​ទៅ​បង្គ្រប់កិច្ច​ហ្នឹង ។ មូលហេតុ​ងាយ​យល់​ទេ គេ​អញ្ជើញ​គ្លី​ន​តុ​ន រួច​ទៅ​ហើយ បាន​សេចក្តី​ថា គ្រូ​អា​មេ​រិ​ក​ត្រូវ​ជាប់ ។ គេ​ដឹង​ថា គ្រូ​អា​មេ​រិ​ក​ជាប់​រួច​ទៅ​ហើយ បានជា​គេ​អញ្ជើញ​គ្លី​ន​តុ​ន មក ។ បើសិនជា​ទៅ​ដល់​កន្លែង​នោះ​បាន​ផ្តាច់ព្រ័ត្រ​ប្រហែលជា​គេ​អត់​ទាន់​ដឹង​ថា​អ្នក​ណា​ជាប់​ទេ តែ​គឺ​មាន​បេក្ខជន​ជាប់​រួច​ទៅ​ហើយ យើង​ទៅ​គ្រាន់តែ​បង្គ្រប់កិច្ច​ទេតើ ។
ប៉ុ​ន្តែ​ណ្ហើយ បាន​ប៉ុ​ណ្ណឹ​ង​បាន​ហើយ ស្រុក​យើង​កុំ​ថា​ឡើយ​ក្នុង​ចំណោម​១០​នាក់ ត្រឹមតែ​ទី​៥០ ក៏​ខ្ញុំ​សប្បាយ​ដែរ ។

សម្តេច​តេ​ជោ​គូសបញ្ជាក់​ថា កន្លង​ទៅ​ប៉ុន្មា​ន​ថ្ងៃនេះ មានការ​បោះ​ឆ្នោត​ដោយ​យើង​ជា​ម្ចាស់ផ្ទះ​អត់​ដឹងផង​ថា គេ​បោះ​ឱ្យ​ក្រុង​សៀមរាប​ក្លាយជា​ក្រុង​លេខ​១ នៅ​អាស៊ី លេខ​២ សម្រាប់​ពិភពលោក ខាង​ផ្នែក​ទាក់ទាញ​ទេសចរណ៍ ។

ចំណែក​កំណែទម្រង់​វិស័យ​អប់រំ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ចាប់ពី​ឆ្នាំ​២០១៥​ទៅ ក្នុង​មួយ​ឆ្នាំ​ត្រូវ​ជ្រើសរើស​យក​នាយក​សាលា​ល្អ​ចំនួន​៣​នាក់ និង​លោកគ្រូ អ្នកគ្រូ ៥​នាក់​ដើម្បី​ជា​គំរូ​ឈានមុខ​សម្រាប់​អនុវត្ត​ជា​រៀង​រាល់​ឆ្នាំ ។

បន្ទាប់​មក សម្តេច​តេ​ជោ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍​ជូន​ដល់​អ្នកគ្រូ នាង ផល្លា ព្រមទាំង​ប្រគល់​ប្រាក់​១០០​លាន​រៀល​ផង​ដែរ ៕