ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិហារ​អ៊ិ​ស្លា​ម​បឹង​កក់ «​អាល់​សារ​កាល់​» ចំណាយ សាងសង់​2,9​លាន​ដុល្លារ​ត្រូវ​បាន​សម្ពោធ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិហារ​អ៊ិ​ស្លា​ម «​អាល់​សារ​កាល់​» ស្ថិត​នៅ​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ នា​ព្រឹក​ថ្ងៃ​ទី​២៧ មីនា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​

រាជធានី​ភ្នំពេញ ៖ វិហារ​អ៊ិ​ស្លា​ម «​អាល់​សារ​កាល់​» ស្ថិត​នៅ​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ នា​ព្រឹក​ថ្ងៃ​ទី​២៧ មីនា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។ វិហារ​ដែល​ចំណាយ​ថវិកា​សាងសង់​អស់​ជាង​២,៩​លាន​ដុល្លារ​មួយ​នេះ​មានការ​ចូលរួម​ពី​រាជរដ្ឋាភិបាល​ដោយ​ការ​មិន​យកពន្ធ​លើ​ការ​សាងសង់ និង​ឧបករណ៍​សម្ភារ​សាងសង់ ។

សុន្ទរកថា​ស្វាគមន៍ លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ថ្លែង​ថា វិហារ​អ៊ិ​ស្លា​ម​បឹង​កក់ «​អាល់​សារ​កាល់​» ដែល​នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​បន្តិចទៀត​នេះ គឺ​កើត​ចេញពី​មនុញ្ញផល​នៃ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។ នេះ​គឺ​បាន​បង្ហាញ​ពី​សេរីភាព​នៃ​ការ​គោរព និង​ការ​ប្រតិបត្តិ​ជំនឿ​សាសនា​នៅ​កម្ពុជា ។ ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ផ្សេង​ៗ​នៅ​កម្ពុជា ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​លក្ខខណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ​សាសនា​ដទៃ ។
សេរីភាព​ខាង​ជំនឿ​សាសនា ពិតជា​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់ និង​លើកកម្ពស់​យ៉ាង​ពិតប្រាកដ មិន​ត្រឹមតែ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​នោះ​ទេ អ៊ិ​ស្លា​ម​សាសនា គ្រិស្តសាសនា និង​សាសនា​ដទៃ​ទៀត ក៏​ត្រូវ​បាន​រដ្ឋ​យកចិត្តទុកដាក់​ផង​ដែរ ពោល​គឺ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ពេញទី​ខាង​ជំនឿ​សាសនា ដោយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់បង្ខំ​ឱ្យ​ជឿ​លើ​សាសនា​ណាមួយ​ឡើយ ។

លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​បញ្ជាក់​ថា សាសនា​ទាំងអស់​នៅ​លើ​ពិភពលោក​មានកំណើត និង​ប្រភព​ខុស​ៗ​គ្នា ។ ដោយឡែក​សម្រាប់​នៅ​កម្ពុជា​យើង សាសនា​ទាំងអស់​ទទួល​បានការ​ចាប់កំណើត និង​រស់រាន​មានជីវិត​ឡើង​វិញ​ក្នុង​ពេល​ដំណាលគ្នា គឺ​ថ្ងៃ​៧ មក​រា ១៩៧៩ នេះឯង ។ មក​ដល់​បច្ចុប្បន្ន​នេះ សាសនា​ទាំងអស់​មានការ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ និង​ចេះ​យោគយល់​គ្នា អធ្យាស្រ័យ​គ្នា និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​សន្តិភាព ។

លោក​ឧកញ៉ា ដា​តុ អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លី​ម​កម្ពុជា ឱ្យ​ដឹង​ថា សមិទ្ធផល​អ៊ិ​ស្លា​ម​គឺ​កើតឡើង​បាន​ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​បើកទ្វារ​ចំហ​ទទួលយក​ជំនួយ​សប្បុរសធម៌​មក​ពី​គ្រប់​បណ្តា​ប្រទេស​អ៊ិ​ស្លា​ម​តាម​ផ្លូវ​រដ្ឋ អង្គការ សមាគម ឬ​បុគ្គល ។ បើ​ពុំនោះ​ទេ ប្រាកដជា​មិន​អាច​បំពេញ​បាន​នូវ​កង្វះខាត​ដែល​ជា​សេចក្តី​ត្រូវការ​ចាំបាច់​របស់​អ៊ិ​ស្លា​ម​កម្ពុជា​បាន​រីក​ចម្រើន​ឆាប់រហ័ស​នោះ​ឡើយ ។

លោក​ឧកញ៉ា ដា​តុ អូ​ស្មាន ហា​ស្សាន់ ថ្លែង​បន្ត​ទៀត​ថា គោលបំណង​នៃ​ការ​ស្ថាបនា​ម៉ា​សិ្ជ​ទ​របស់​សាសនា​អ៊ិ​ស្លា​ម គឺ​ពុំ​មែន​ត្រឹមតែ​ជាទី​កន្លែង​មួយ​សម្រាប់​កិច្ច​ប្រណិប័តន៍ ឬ​ការ​ជួបជុំ​គ្នា​ដើម្បី​សូត្រធម៌ ឬ​ការ​ថ្វាយបង្គំ​បុ​៉​ណ្ណោះ​ទេ ពីព្រោះ​សាសនា​អ៊ិ​ស្លា​ម​បាន​ចាត់​ទុក​ទីតាំង​ដី​ទាំងអស់​ជា​ម៉ា​សិ្ជ​ទ ជាទី​កន្លែង​ដែល​អាច​ថ្វាយបង្គំ​បាន​របស់​សាសនិក​អ៊ិ​ស្លា​ម​រួច​ទៅ​ហើយ ក៏​បុ​៉​ន្តែ​សារសំខាន់​របស់​ម៉ា​សិ្ជ​ទ​នៅ​មាន​ជម្រៅ និង​អត្ថន័យ​ខ្លាំងក្លា​ជាង​នេះ​ទៀត ។

ដូច្នេះ​ម៉ា​ស្ជិ​ទ​របស់​សាសនា​អ៊ិ​ស្លា​ម ជាទី​កន្លែង​ប្រមូលផ្តុំ​គ្រប់​ស្រទាប់វណ្ណៈ​នៃ​មនុស្ស​ដើម្បី​អប់រំ​លើ​គ្រប់​វិស័យ​ទាំងអស់​ក្នុង​ជីវិត​រស់នៅ​ក្នុង​សង្គម​របស់​មនុស្ស​មុ​ស្លី​ម ទាំងប្រុស ស្រី ក្មេង ចាស់ តាំងពី​ព្រះរាជា​រហូត​ដល់​ប្រជានុរាស្ត្រ​ដែល​មក​ពី​គ្រប់​ច្រកល្ហក​នៃ​កន្លែង​រស់នៅ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា ភាព​ត្រឹមត្រូវ​ខាង​នយោបាយ​របស់​គណបក្ស​ប្រជាជន រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា លើ​បញ្ហា​សាសនា ទោះបីជា​អតីតកាល​ដ៏​ជូរ​ចត់​របស់​កម្ពុជា របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត គឺ​មិន​ឱ្យ​អតីតកាល​វិល​ត្រឡប់​មក​វិញ​ដាច់ខាត ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​មាន​ប្រវត្តិ​ដ៏​ល្អ​នៅ​ត្រង់​ថា មាន​បញ្ហា​សុខដុម​នី​យ​កម្ម​លើ​បញ្ហា​ជនជាតិ និង​សាសនា ។ ថ្ងៃនេះ​បង្ហាញ​ឱ្យ​ឃើញច្បាស់​ថា នៅ​លើ​វេទិកា​នេះ​មាន​អ្នក​កាន់សាសនា​ជា​ច្រើន មាន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា មាន​អ៊ិ​ស្លា​ម ហើយ​ក៏​មាន​គ្រិស្ដសាសនា​ផង​ដែរ ។
យោង​ទៅ​លើ​បទ​ពិសោធន៍​នៃ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​របស់​អតីត​រដ្ឋ​កម្ពុជា និង​រាជរដ្ឋាភិបាល​បច្ចុប្បន្ន បញ្ហា​ជនជាតិ និង​សាសនា​មិនមែន​ជា​ឧបសគ្គ​រារាំង​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទេ ។ បញ្ហា​សំខាន់​របស់​យើង គឺ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​សាសនា​នៅ​កម្ពុជា ជាតិ​សាសន៍​ខុស​គ្នា និង​សាសនា​ខុស​គ្នា​មាន​សុ​ខុ​ដុមរ​មនា​ជាមួយ​គ្នា​បាន ។

ប៉ុន្តែ​បើសិនជា​មានការ​រើសអើង​ណាមួយ​ក្នុង​សង្គម​ជាតិ​កម្ពុជា​របស់​យើង ជា​ពិសេស​បញ្ហា​ជនជាតិ និង​សាសនា​នេះឯង វា​មិន​អាច​មាន​សន្ដិភាព​យូ​អង្វែង បើ​មានការ​ប្រកាន់ពូជសាសន៍ និង​ការ​រើសអើង​សាសនា ។ នេះ​ជា​រឿង​ពិត​យ៉ាង​ដូច្នេះ​មែន ។

នៅ​ក្នុង​តំបន់ ក៏​មាន​ប្រទេស​មួយ​ចំនួន​មានការ​បែកបាក់​ដោយសារ​ការ​ប្រកាន់​សាសនា ប៉ុន្តែ​សម្រាប់​កម្ពុជា ខ្ញុំ​អាច​និយាយ​បាន​ដោយ​មោទនភាព​ថា យើង​បាន​រួម​រស់នៅ​ជាមួយ​គ្នា​សុខដុម​នី​យ​កម្ម​លើ​បញ្ហា​ជាតិ​សាសន៍ ។ បើ​ខ្ញុំ​មិន​ច្រឡំ​ទេ គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​ដើម​ទសវត្សរ៍​៨០ មាន​គោលនយោបាយ​គ្រប់​ផ្នែក ក្នុង​នោះ​មាន​គោលនយោបាយ​ជាតិ​សាសន៍ ។ ដូច្នេះ​បញ្ហា​នេះ​មិនមែន​ជា​បញ្ហា​ថ្មីថ្មោង​សម្រាប់​ខ្ញុំ​ហើយ​ក៏​មិនមែន​ថ្មីថ្មោង​របស់​គណបក្សកាន់អំណាច គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ដែរ ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ត្រង់​មេដឹកនាំ​ផ្សេង​ខ្ញុំ​មិន​ហ៊ា​ន​និយាយ​ទេ ប៉ុន្តែ​នៅ​ក្នុង​អាណត្តិ​របស់ខ្ញុំ ក្នុង​អាណត្តិ​របស់​គណបក្ស​ប្រជាជន ច្បាស់​ណាស់​ការ​រៀបចំ​ឱ្យ​មាន​ឡើងគណៈ​ចាងហ្វាង​គី​ម​ទួន និង​វិហា​អ៊ិ​ស្លា​ម​នៅ​ទូ​ទាំង​ប្រទេស គ្មាន​ការ​រារែក និង​គ្មាន​ការ​រំខាន​ណាមួយ​ទៅ​លើ​បញ្ហា​នេះ​ទេ ។ ចាប់ពី​ឆ្នាំ​២០១៤-២០១៥ នេះ​តទៅ ខ្ញុំ​បាន​សម្រេច​ឱ្យ​រៀបចំ​ពិធី​ស្រាយ​បួស​ថ្នាក់​ជាតិ រៀបចំ​ដោយ​នាយក​រដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល ។ ពិធី​ស្រាយ​បួស​ថ្នាក់​ជាតិ​នឹង​រៀបចំ​ឱ្យ​មានការ​ប្រឡង​សូត្រ​គម្ពីរ​អ៊ិ​ស្លា​ម ខ្ញុំ​នឹង​ឧបត្ថម្ភ​ទឹកប្រាក់​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

ម្យ៉ាងទៀត​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ស្ត្រី​អ៊ិ​ស្លា​ម​មានឱកាស​ចូលរួម​ក្លាយជា​បញ្ញវន្ត​ដោយ​មិន​មាន​ឧបសគ្គ​រារាំង រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ឱ្យ​ស្ត្រី​អ៊ិ​ស្លា​ម​ប្រើប្រាស់​សម្លៀក​បំពាក់​អ៊ិ​ស្លា​ម​ចូល​សិក្សា​ទាំង​នៅ​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​។ ក្រៅពី​នេះ ក៏​បើក​ឱ្យ​មានការ​សូត្រធម៌​នៅ​តាម​វិទ្យុ​ផង​ដែរ​សម្រាប់​សាសនិក​អ៊ិ​ស្លា​ម​ស្តាប់ ។ ខ្ញុំ​សូម​ផ្តាំ​ដល់​ម្ចាស់​សណ្ឋាគារ​ផង​ដែរ​ថា កុំ​ភ្លេច​ធ្វើ​បន្ទប់​សម្រាប់​ភ្ញៀវ​ទេសចរ​ជនជាតិ​អ៊ិ​ស្លា​ម ថ្វាយបង្គំ​ព្រះ​អា​ឡា​ហ៍ ចំណែក​រាជរដ្ឋាភិបាល គឺ​បាន​រៀបចំ​ឱ្យ​មាន​ជា​ស្រេច​កាលពី​ប្រជុំ​អាស៊ាន និង​ប្រជុំ​អា​ស៊ី​អាគ្នេយ៍​កន្លង​ទៅ ៕