ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ប្លន់​ក្របី៦៩​ក្បាល ប៉ូលិស​តាម​បាន​វិញ៤៦​ក្បាល សង្ស័យ​មិនមែន​ករណី​ប្លន់

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្រុម​ចោរ​មាន​គ្នា​ចំនួន​២​នាក់​ប្រដាប់​ដោយ​អាវុធ បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់​កសិករ​ដែល​កំពុង​តែ​ដេក​យាម​ក្រោល​ក្របី​មួយ​កន្លែង ស្ថិត​នៅ​ឃុំ​ត្រប់ ស្រុក​បា​ធា​យ ដែល​ល្បី​ថា​មាន​រហូត​ដល់​ទៅ​៦៩​ក្បាល

ខេត្តកំពង់ចាម ៖ ក្រុម​ចោរ​មាន​គ្នា​ចំនួន​២​នាក់​ប្រដាប់​ដោយ​អាវុធ បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់​កសិករ​ដែល​កំពុង​តែ​ដេក​យាម​ក្រោល​ក្របី​មួយ​កន្លែង ស្ថិត​នៅ​ឃុំ​ត្រប់ ស្រុក​បា​ធា​យ ដែល​ល្បី​ថា​មាន​រហូត​ដល់​ទៅ​៦៩​ក្បាល នា​ពេល​កន្លង​ទៅ​ថ្មី​ៗ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចស្រាវជ្រាវ​តាមរ​កមក​វិញ​បាន​បន្តបន្ទាប់​ចំនួន​៤៦​ក្បាល ។ ចំណែក​ជាង​២០​ក្បាល​ទៀត ត្រូវ​បាន​ចោរ​កៀង​ឡើង​រថយន្ត​ដឹក​យក​ទៅ​លក់​បាត់ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៧ មីនា នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ក្រុម​ចោរ​នៅឡើយ ។

លោក​វរសេនីយ៍ទោ ទុំ ចាន់​ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា គ្រួសារ​សាច់ញាតិ​កសិករ​មួយ​មាន​គ្នា​ចំនួន​៦​នាក់ បាន​ដេក​យាម​ក្របី​របស់​បងប្អូន​ត្រង់​ចំណុច​តំបន់​មួយ​ក្នុង​ឃុំ​ត្រប់ ស្រុក​បា​ធា​យ ជា​ច្រើន​ខែ​មក​ហើយ​ពុំដែល​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​ទេ ។ លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ប្រាប់​បន្ត​ថា លុះ​នៅ​យប់​ថ្ងៃ​ទី​២៣ មីនា ស្រាប់តែ​មាន​ចោរប្លន់​ពីរ​នាក់ បាន​ចូល​មក​ចាប់​គ្រួសារ​កសិករ​ទាំង​៦​នាក់​នោះ​ចង​គ្រប់​ៗ​គ្នា ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​រត់​ចេញ​ទាន់​ឡើយ ។ បន្ទាប់​មក​ចោរ​បាន​នាំ​គ្នា​កៀង​ហ្វូង​ក្របី​ឡើង​រថយន្ត​អស់​ចំនួន​៤០​ក្បាល ដឹក​ចេញ​ទៅ​ទិស​ខាងលិច ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ឆ្នាំង ។

ប្រភព​ចុង​ក្រោយ​ពី​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ​កសិករ​ដែល​យាម​ក្រោល​ក្របី​នោះ មិន​បាន​មក​ប្តឹង​សមត្ថកិច្ច​ទេ រហូត​ដល់​ម៉ោង​ប្រហែល​៩​ព្រឹក ថ្ងៃ​ទី​២៤ មីនា សមត្ថកិច្ច​បានដឹង​រឿង​នេះ​ក៏​បាន​ចុះ​ទៅ​កាន់​ទីវាល​កន្លែង​ក្រោល​ក្របី ដែល​ស្ថិត​នៅ​ឃុំ​ត្រប់​នោះ ។ ក្រោម​ការ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ច​បាន​តាម​ស្រាវជ្រាវ​រក​ក្របី​ឃើញ​មក​វិញ​ចំនួន​៤៦​ក្បាល ក្នុង​នោះ​បាត់​តែ​ជាង​២០​ក្បាល​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ដំបូង​គេ​ថា​កសិករ​ទាំង​៦​នាក់​ក្នុង​នោះ​មានឈ្មោះ ហួយ ហ៊ី​ម​, ឈ្មោះ គឹ​ម ញ៉ និង​កូន​ៗ​ថា​ត្រូវ​បាន​ចោរ​ចូល​មក​ប្លន់​ចាប់ចង តែ​នៅ​ពេល​សមត្ថកិច្ច​សួរនាំ​ម្នាក់​ៗ ឃើញ​ថា​ការ​ឆ្លើយ​មិន​បាន​ស៊ីសង្វាក់​គ្នា​ឡើយ ដោយ​មាន​អ្នកខ្លះ​ថា​បាន​ចាប់ចង និង​ខ្លះ​ទៀត​ថា​មិន​បាន​ចាប់ចង​ទេ ដូច្នេះ​ការ​ឆ្លើយ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ទាំងអស់ ។ ចំណែក​ភូមិសាស្ត្រ​កន្លែង​ក្រោល​ក្របី​នោះ រថយន្ត​ពិបាក​បើក​ចូល​ទៅ​ណាស់ ព្រោះ​ផ្លូវ​លំបាក គឺ​ទាល់តែ​មាន​អ្នក​ស្គាល់​ទើប​អាច​ទៅ​បាន ។ ចំពោះ​ក្របី​ច្រើន​ក្បាល​នេះ​ជា​របស់​បងប្អូន​ដែល​ក្រោយ​ពី​គេ​ឃ្វាល​ហើយ មិន​បាន​ដឹក​ទៅ​ផ្ទះ​ទេ គឺ​ឲ្យ​អ្នក​ទាំង​៦​នាក់​នោះ មើលថែ​រក្សា​នៅ​ក្រោល​ត្រឹមត្រូវ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ករណី​ខាងលើ​មិនមែន​ជា​អំពើ​ប្លន់​ទេ អាច​ជា​ករណី​ប្រឌិត​ឡើង​របស់​ក្រុម​អ្នក​មើល​ក្របី​ទាំងនោះ ៕