ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​រត់​តាក់ស៊ី​ចោទ​មន្ត្រី​អង្គការ​៥​នាក់​ថា ស្ទាក់​ចាប់​រថយន្ត​របស់​គាត់​ជំរិត​ទារប្រាក់

9 ឆ្នាំ មុន

ខេត្តកោះកុង ៖ គិត​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ មីនា ២០១៥ នេះ គឺ​មាន​រយៈពេល​៥​យប់​៥​ថ្ងៃ​ហើយ ដែល​ក្រុម​មន្ត្រី​មួយ​ក្រុម​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​ម្នាក់ ​ត្រូវ​បាន​គេ​ស្គាល់​ថា

ខេត្តកោះកុង ៖ គិត​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ មីនា ២០១៥ នេះ គឺ​មាន​រយៈពេល​៥​យប់​៥​ថ្ងៃ​ហើយ ដែល​ក្រុម​មន្ត្រី​មួយ​ក្រុម​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​ម្នាក់ ​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​តួនាទី​ជា​អ្នកបកប្រែ​ភាសា​ឱ្យ​អង្គការ​ខាងលើ​​ ឈ្មោះ​ណុ​ប ថេ​ត និង​កម្លាំង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ចំនួន​៤​នាក់ ប្រដាប់​ដោយ​អាវុធAK ស្វាយ​បត់​ចំនួន​៤​ដើម​ផង​ដែរ បាន​ធ្វើ​សកម្មភាព​ល្បាត ​នៅ​ពេល​យប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ចន្លោះ​ពី​ចំណុច​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ទៅ​ឃុំ​អណ្តូងទឹក ស្រុក​បទុម​សាគរ ដោយ​ប្រើ​មធ្យោបាយ​រថយន្ត​នី​ស្សាន់​ ពណ៌​ទឹកប្រាក់ មួយ​គ្រឿង ពាក់​ស្លាក​លេខ NGO 2-144 ។

ទាក់ទិននឹង​ករណីឃាត់រថយន្ត​ខាង​លើ​​ក្រុម​អ្នក​រត់​តា​ក់ស៊ី​បាន​រៀប​រាប់​ប្រាប់​ឲ្យ​ដឹង​ថា ពេល​ដែល​ក្រុម​ល្បាត​ខាងលើ ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​អន្ទង់អាំង ស្ថិត​ក្នុង​ឃុំ​ជី​មាស ឃុំ​អណ្តូងទឹក វេលា​ម៉ោង​ប្រហែល​៧​យប់ ថ្ងៃ​ទី​២២ មីនា ២០១៥ ក្រុម​មន្ត្រី​អង្គការ​ខាងលើ បាន​បើករថយន្ត​របស់​ខ្លួន​ស្ទាក់​មុខ នឹង​ធ្វើ​សកម្មភាព​ឃាត់​រថយន្ត​ទួ​រី​ស​ដឹក​ទំនិញ​ចំនួន​២​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ​​ចេញពី​ខេត្តកោះកុង​ឆ្ពោះទៅ​ខេត្តកំពត ។ ក្នុង​ខណៈ​ពេល​ដែល​ក្រុម​មន្ត្រី​អង្គការ​ខាងលើ ធ្វើ​សកម្មភាព​ស្ទាក់​រថយន្ត​ទាំង​២​គ្រឿង ដែល​មាន​តែ​អ្នកបើកបរ​នោះ ហើយ​ធ្វើការ​ឆែកឆេរ ម្ចាស់​រថយន្ត​ទាំង​ពីរ​បាន​សួរ​ក្រុម​មន្ត្រី​អង្គការ​ថា បង​ៗ​ឆែកឆេរ​រក​អ្វី? ក្រុម​មន្ត្រី​ឆ្លើយ​ថា អញ​រក​មើល​ក្រែង​មាន​ដឹកឈើ​ ។ ម្ចាស់​រថយន្ត​ខាង​មុខ​បាន​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ដឹកឈើ​ទេ តែ​ខ្ញុំ​បាន​ទិញ​ផ្លែ​ផ្តៅ និង​ដើម​សួត​ដំរី​តិចតួច​យក​ទៅ​លក់​នៅ​កំពត គ្រាន់​រួច​ថ្លៃ​ប្រេង ​នៅ​ខណៈនោះ​ដែរ ក្រុម​មន្ត្រី​អង្គការ​ក៏​បាន​បញ្ជូន​ឱ្យ​រថយន្ត​​ម៉ាក់​សាំ​យ៉ុ​ង ពណ៌​ស ពាក់​លេខ​ភ្នំពេញ 2H-3215 វិល​ត្រឡប់​មក​ក្រោយ​វិញ ដោយ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ម្នាក់​ប្រដាប់​ដោយ​អាវុធAK ស្វាយ​បត់ មួយ​ដើម ឡើង​ជិះ​ជាមួយ និង​រថយន្ត​អង្គការ​ខាងលើ បើក​ឆ្គ​ក​ពីក្រោយ ចំណែក​រថយន្ត​ដែល​ពួក​គេ​បាន​ស្ទាក់​ឃាត់​ឆែកឆេរ​មួយ​គ្រឿង​ទៀត ដោយ​ពុំ​មាន​ដឹក​អ្វី ក្រុម​មន្ត្រី​អង្គការ​ខាងលើ ក៏​បាន​ដោះ​លែង​ទៅ​វិញ ។ ចំពោះ​រថយន្ត​ដែល​បាន​ចាប់​ឃាត់​ ក៏​បាន​យក​មក​ឃុំ​ទុក ​នៅ​ក្នុង​ស្នាក់​ការ​របស់​ក្រុម​មន្ត្រី​ខាងលើ ដែល​មា​នទី​តាំងនៅ​ក្នុង​ឃុំ​ត្រពាំងរូង ខណៈពេលមកដល់ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ជា​ច្រើន ព្រោះ​ស្មាន​តែ​ចាប់​បាន​បទល្មើស​ធំ​ដុំ មិន​នឹក​ស្មានថា មាន​តែ​ផ្លែ​ផ្តៅ និង​ដើម​សួត​ដំរី​ដុះ​ផ្សិត​២-៣​កំណាត់​បាវ​តែ​ប៉ុណ្ណោះ ។ ហើយ​នៅ​ពេល​ដែល​រថយន្ត​ខាងលើ​ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ​ឃាត់​ទុក​រហូត​ដល់​ថ្ងៃ​ទី​២៦ មីនា ២០១៥ ទើប​មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់ រួម​នឹង​ម្ចាស់​រថយន្ត​បាន​ទូរស័ព្ទ​មក​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ជុំវិញ ករណី​ខាងលើ​នេះ ហើយ​ពួក​គាត់​បាន​ចោទប្រកាន់​ក្រុម​មន្ត្រី​អង្គការ​ខាងលើ​នេះ​ថា មាន​គំរោង​ឃាត់​រថយន្ត​ដឹក​ផ្លែ​ផ្តៅ និង​ដើម​សួត​ដំរី​ខាងលើ​នេះ ដើម្បី​ជំរិត​ទារប្រាក់ ព្រោះ​ក្រុម​មន្ត្រី​ដែល​បាន​ធ្វើ​សកម្មភាព​ស្ទាក់ និង​ឆែកឆេរ​រថយន្ត​ខាងលើ​នេះ មាន​គំរោង​ឃាត់​ទុក​រថយន្ត​ខាងលើ ដើម្បី​ជំរិត​ទារប្រាក់ ដោយ​យក​ហេតុផល​ថា ផាកពិន័យ ព្រោះ​ពេល​ដែល​ចេញ​ធ្វើ​សកម្មភាព​ស្ទាក់​ចាប់​រថយន្ត​ដែល​មាន​ដឹក​អនុ​ផល​ព្រៃឈើ​បន្តិចបន្តួច ពុំ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចូលរួម ហើយ​ក៏​ពុំ​បាន​បញ្ជូន ឬ​ក៏​បំពេញ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ស្ទាក់​ចាប់​រថយន្ត​​ខាងលើ​នេះឱ្យ​ថ្នាក់លើ​បានដឹង​ដែរ ។

ម្ចាស់​រថយន្ត​ដែល​ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ស្ទាក់​ចាប់​ខាងលើ បាន​ទូរស័ព្ទ​ប្រាប់​កោះសន្តិភាព​ថា គាត់​ឈ្មោះ​សុខ ទី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ដឹក​ខ្យង​ហូល​ពី​ខេត្តកំពត ​មក​កាន់​ខេត្តកោះកុង មាន​ទីលំនៅ​ឃុំ​ប្រាំង ស្រុក​កំពង់បាយ ខេត្តកំពត ។ គាត់​បាន​រៀបរាប់​ទៀត​ថា ជា​រៀងរាល់ថ្ងៃ រូប​គាត់​ស៊ីឈ្នួល​ដឹក​ខ្យង​ហូល​ពី​កំពត​មក​កោះកុង ពេល​ត្រឡប់​ទៅ​វិញ​ឡាន​ទទេ មក​ដល់​ចំណុច​ឃុំ​ត្រពាំងរូង រូប​គាត់​បាន​ទិញ​ផ្លែ​ផ្តៅ​ចំនួន​ជាង​៣០០​គីឡូក្រាម និង​ដើម​សួត​ដំរី​ចំនួន​៨០​គីឡូក្រាម ដើម្បី​យក​ទៅ​លក់​នៅ​កំពត ក្រែង​រួច​ថ្លៃ​ប្រេង ព្រោះ​គាត់​ធ្លាប់​ឃើញ​គេ​ដឹក​ទៅ​លក់​ទាំង​ទូក​ៗ មិន​ដែល​ឃើញ​មាន​អ្នក​ណា​ចាប់​ផង ហេតុនេះ​ទើប​គាត់​ទិញ​ទៅ​លក់​នឹង​គេ ដោយ​ផ្លែ​ផ្តៅ​ក្នុង​មួយ​គីឡូក្រាម​៥.០០០​រៀល និង​ដើម​សួត​ដំរី​ក្នុង​មួយ​គីឡូក្រាម​៣០០​រៀល​ប៉ុណ្ណោះ ។ ប៉ុន្តែ​បន្ទាប់​ពី​ក្រុម​មន្ត្រី​អង្គការ​ខាងលើ​ស្ទាក់​ចាប់​គាត់​រួច ពួក​គេ​បាន​ប្រាប់​គាត់​ថា បទល្មើស​នេះ ត្រូវ​ផាកពិន័យ​មួយ​គុណ​នឹង​បី ដូច្នេះ​សរុប​ទាំង​ផ្លែ​ផ្តៅ​៣២៥​គីឡូក្រាម និង​ដើម​សួត​ដំរី​៨០​គីឡូក្រាម​ទៀត សរុប​ជាង​ទឹកប្រាក់​អស់​ជា​៤​លាន​រៀល ។

ម្ចាស់​រថយន្ត​បាន​រៀបរាប់​ទៀត​ថា រូប​គាត់​បាន​ត្រៀមខ្លួន​ចូល​ទទួល​នូវ​ការ​ផាកពិន័យ​តាម​ច្បាប់ ប៉ុន្តែ​មិន​គួរ​ចាប់​រថយន្ត​របស់​គាត់​ទុកជា​ច្រើន​ថ្ងៃ មិន​ព្រម​ដោះស្រាយ​បែប​នេះ​ទេ ព្រោះ​គាត់​បាន​បាត់បង់​ពេលវេលា​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់ ដោយសារ​តែ​រថយន្ត​ត្រូវ​គេ​ឃាត់​ទុក​មិន​ព្រម​ព្រោះ​ដោះស្រាយ​បែប​នេះ ។

កោះសន្តិភាព​បាន​ទូរស័ព្ទ​ទាក់ទង​ទៅ​ផ្នែក​រដ្ឋបាល​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កោះកុង ប៉ុន្តែ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កោះកុង បាន​ឆ្លើយ​បដិសេធ​ថា ពុំ​មាន​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​រថយន្ត​ដឹក​ផ្លែ​ផ្តៅ និង​ដើម​សួត​ដំរី​ខាងលើ​នេះ បញ្ជូន​មក​ដល់​ខណ្ឌ​ឡើយ ហើយ​មន្ត្រី​ដដែល​ប្រាប់​លេខ​ទូរស័ព្ទ​ឱ្យ​ទាក់ទង​ទៅ​លោក​គង់ ចិ​ត្រា ជា​ប្រធាន​ក្រុម​ល្បាត ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ស្នាក់​ការ​តា​តៃ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល ចំណែក​លោក​ណុ​ប ថេ​ត ដែល​ជា​អ្នកដឹកនាំ​ កម្លាំង​ស្ទាក់​ចាប់​រថយន្ត​ខាងលើ​នេះ គឺ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​តែ​ម្តង​ ។ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ខេត្តកោះកុង ជា​ពិសេស​ពួក​គាត់​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ បាន​សំណូមពរ​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ដែល​មាន​ភារៈកិច្ច​គ្រប់គ្រង​អង្គការ​ខាងលើ​នេះ គួរតែ​បើក​ការ​ស៊ើបអង្កេត​អំពី​សកម្មភាព​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​អង្គការ​ខាងលើ​នេះ​ផង ព្រោះ​សកម្មភាព​របស់​មន្ត្រី​អង្គការ​មួយ​នេះ ច្រើន​ករណី​ណាស់​ដែល​ធ្វើផ្ទុយ​នឹង​ការ​ចង្អុលបង្ហាញ ផ្ទុយ​នឹង​អនុសាសន៍ សេចក្តី​ប្រកាស របស់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​បំ​ផ្លែង​ករណី​ស​ទៅ​ជា​ខ្មៅ ធំ​ទៅ​ជា​តួច ជាក់ស្តែង​ដូច​ជា​អនុ​ផល​ព្រៃឈើ​ផ្លែ​ផ្តៅ​នេះឯង ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​អនុគ្រោះ​ឱ្យ​ប្រជាពលរដ្ឋ​ មាន​សិទ្ធិ​ធ្វើ​ចរាចរណ៍​ក្នុង​ទូ​ទាំង​ប្រទេស បែរជា​ចោទ​​ថា បទល្មើស ហើយ​មាន​ឈ្មួញ​ធំ​ៗ​ដឹក​តាម​ទូក​សមុទ្រ​ម្តង​ៗ ​រាប់រយ​តោន ​បើក​ឱ្យ​រួចខ្លួន ទទួល​តែ​សំណូក ។

ពលរដ្ឋ​សំណូមពរ​ឱ្យ​លោក​រដ្ឋមន្ត្រី​មាន​វិធានការ​ឆាប់​ៗ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​មន្ត្រី​អង្គការ​ដែល​បាន​ធ្វើបាប​ពលរដ្ឋ ដូច​ជា​ករណី​ដឹក​ផ្លែ​ផ្តៅ​ខាងលើ​នេះ ៕