ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចម្រុះ​ច្រើន​ប្រទេស​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ិ​សា​អ៊ូ​ឌី​ត ធ្វើ​ប្រតិបត្តិការ​យោធានៅ​យេ​ម៉ែ​ន​ប្រឆាំង​ពួក​ហ៊ូ​ធី​ដែល​វាយ​រុល​មក​ក្រុង​អា​ដេ​ន

9 ឆ្នាំ មុន

ពួក​ឧទ្ទាម​ស៊ី​អីុ​ត​យេ​ម៉ែ​ន ហ៊ូ​ធី កាលពី​ថ្ងៃ​ទី​២៥ មីនា វាយ​ដណ្តើម​យក​បាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​អា​ដេ​ន ក្រោយ​ពី​ពួក​ជីវពល​កុលសម្ព័ន្ធ បាក់ទ័ព​ដកថយ​ចេញពី​ទីនោះ

ពួក​ឧទ្ទាម​ស៊ី​អីុ​ត​យេ​ម៉ែ​ន ហ៊ូ​ធី កាលពី​ថ្ងៃ​ទី​២៥ មីនា វាយ​ដណ្តើម​យក​បាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​អា​ដេ​ន ក្រោយ​ពី​ពួក​ជីវពល​កុលសម្ព័ន្ធ បាក់ទ័ព​ដកថយ​ចេញពី​ទីនោះ រួច​បាន​វាយប្រហារ​លើ​វិមាន​ប្រធានាធិបតី ខណៈ​ប្រធានាធិបតី លោក Abd Rabbo Mansour Hadi រត់​ចេញពី​ទីក្រុង​នេះ​ទៅ​កាន់​កន្លែង​សម្ងាត់​មួយ ។

ចំណែក​បណ្តា​យន្តហោះ​ប្រយុទ្ធ​របស់​ពួក​ហ៊ូ​ធី នា​ថ្ងៃ​ទី​២៥ មីនា បាន​បាញ់​គ្រាប់​រ៉ុក្កែត​៣​គ្រាប់​លើ​អគារ​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​អា​ដេ​ន ។

ប្រភព​ព័ត៌មាន​សន្តិសុខ​មូលដ្ឋាន​និយាយ​ថា ពួក​ជីវពល​កុលសម្ព័ន្ធ ជា​សម្ព័ន្ធមិត្ត​របស់​លោក Hadi បាន​ចាក​ចេញពី​បណ្តា​ទីតាំង​ពួក​គេ​នៅ​ជុំវិញ​ព្រ​លាន​យន្តហោះ​ក្រុង​អា​ដេ​ន ហើយ​លើកគ្នា​ទៅ​កាន់​ខេត្ត Abyan ។

ក្រោយ​ពី​ពួក​នេះ​ចាកចេញ កងកម្លាំង​របស់​ពួក​ហ៊ូ​ធី ដែល​លុក​ចូល​ក្នុង​ជំរំ​យោធា​មួយ​ចំនួន​ក្នុង​ក្រុង​អា​ដេ​ន ក៏​ចូល​ត្រួតត្រា​ព្រ​លាន​យន្តហោះ​ដែរ ។

ប្រជាជន​ក្រុង​អា​ដេ​ន​ជា​ច្រើន​រយ​នាក់ បាន​លើកគ្នា​លុក​ចូល​អគារ​រដ្ឋាភិបាល ព្រមទាំង​ក្នុង​បណ្តា​អគារ​វិមាន​ប្រធានាធិបតី ដើម្បី​ប្រមូល​យក​របស់របរ​ផ្សេង​ៗ ។

ទន្ទឹម​នឹង​នេះ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​បន្ត​រវាង​ពួក​ឧទ្ទាម​ហ៊ូ​ធី គាំទ្រ​ដោយ​កងកម្លាំង​សន្តិសុខ និង​ពួក​ជីវពល​ស្និទ្ធ​លោក Hadi ក្នុង​ខេត្ត Lahij ជាប់​ក្រុង​អា​ដេ​ន ។ នា​ថ្ងៃ​ដដែល​នោះ​ដែរ ពួក​ឧទ្ទាម​ហ៊ូ​ធី​វាយ​ដណ្តើម​ត្រួតត្រា​ទាំងស្រុង​នូវ​មូលដ្ឋាន​អាកាសចរណ៍​យោធា​យុទ្ធសាស្ត្រ​នៅ Lahij ហើយ​ចាប់ខ្លួន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​យេ​ម៉ែ​ន ព្រមទាំង​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ច្រើន​រូប​ទៀត របស់​កងទ័ព​ដែល​ស្មោះត្រង់​នឹង​លោក Hadi ។

ចំណែក​យន្តហោះ​ប្រយុទ្ធ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី បាន​បាញ់​គ្រាប់​រ៉ុក្កែត​៣​គ្រាប់ ប្រឆាំង​អគារ​វិមាន​ប្រធានាធិបតី​ក្រុង​អា​ដេ​ន នាំ​ឱ្យ​មាន​ផ្សែង​ខ្មៅ​ហុយ​ចេញពី​វិមាន​ប្រធានាធិបតី​នោះ ។

ប្រភព​យោធា​មួយ​និយាយ​ថា កង​ឆ្មាំ​ប្រធានាធិបតី​បាន​ប្រើ​កាំភ្លើង​ធំ​ការពារ​អាកាស ដើម្បី​បណ្តេញ​យន្តហោះ​ប្រយុទ្ធ​ទាំងនេះ ដែល​ហោះ​ពី​ក្រុង​សា​ណា មក ។

ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​យេ​ម៉ែ​ន
ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​សុំ​ជំនួយ​របស់​ប្រធានាធិបតី​យេ​ម៉ែ​ន លោក Hadi ។ ប្រទេស​នេះ កាលពី​ថ្ងៃ​ទី​២៥ មីនា បាន​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​មួយ​នៅ​យេ​ម៉ែ​ន ចូលរួម​ដោយ​ប្រទេស​ជាង​១០ ដើម្បី​ការពារ​លោក Hadi ។ នេះ​ជា​ការ​ប្រកាស​របស់​ឯកអគ្គរាជទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្រចាំ​ក្រុង​វ៉ា​សុ​ី​ន​តោន លោក Del Al-Jubeir ។

ក្រោយ​ការ​ប្រកាស​នេះ​បន្តិច ប្រជាជន​ក្រុង​សា​ណា រដ្ឋធានី​យេ​ម៉ែ​ន រៀបរាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ព្រ​លាន​យន្តហោះ​ក្រុង​សា​ណា ត្រួតត្រា​ដោយ​ពួក​ហ៊ូ​ធី ។

ទោះបី​យ៉ាងណា ឯកអគ្គរាជទូត​រូប​នេះ ពុំ​បញ្ជាក់​ឈ្មោះ​បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ឡើយ តែ​បញ្ជាក់​ថា បាន​ពិគ្រោះគ្នា​ជាមួយ​សម្ព័ន្ធមិត្ត​ជា​ច្រើន ពិសេស​សហរដ្ឋអាមេរិក ។

ទន្ទឹម​នឹង​នេះ ប្រទេស​៤​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ គឺ​កា​តា គុយ​វ៉ែត បា​រ៉ែ​ន និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ មីនា ថា ពួក​គេ​សម្រេច​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​លោក Hadi ជួយ​ការពារ​ប្រទេស​យេ​ម៉ែ​ន និង​ប្រជាជន​ប្រទេស​នេះ ប្រឈម​មុខ​នឹង​ការ​ឈ្លានពាន​របស់​ពួក​ជីវពល​ហ៊ូ​ធី ។

ប្រតិបត្តិការ​យោធា​បរទេស​នេះ ធ្វើ​ឡើង​ខណៈ​ដែល​ពួក​ជីវពល​ស៊ី​អីុ​ត ហ៊ូ​ធី គាំទ្រ​ដោយ​អុ​ី​រ៉​ង់ កំពុង​វាយ​រុល​ឆ្ពោះទៅ​ដណ្តើម​កាន់កាប់​ក្រុង​អា​ដេ​ន ។ អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​ហ៊ូ​ធី និយាយ​ថា ការ​វាយប្រហារ​កាន់កាប់​ក្រុង​កំពង់​ផែ​ធំ​នេះ ប្រើ​ពេល​តែ​រាប់​ម៉ោង​ប៉ុណ្ណោះ ។ អ្នកនាំពាក្យ​រូប​នេះ​អះអាង​ពី​ការ​ផ្តល់​រង្វាន់​ប្រមាណ​ជា​១០០.០០០​ដុល្លារ សម្រាប់​ការ​ចាប់ខ្លួន​លោក Hadi ។

បណ្តា​រដ្ឋមន្ត្រី​ការ​បរទេស​អា​រ៉ាប់ ត្រូវ​រួម​ប្រជុំ​គ្នា​នា​ថ្ងៃ​ទី​២៦ មីនា នៅ​ទីក្រុង​គែរ ដើម្បី​ពិភាក្សា​ពី​វិបត្តិ​នៅ​យេ​ម៉ែ​ន ៕