ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិភាគ​ប្រអប់​ខ្មៅ​អ្នក​បើក​ម្នាក់​មិន​នៅ​ក្នុង​កាប៊ី​ន​ពេល​មក​វិញ​ជាប់​ទ្វារ

9 ឆ្នាំ មុន

ក្រោយ​ចាប់ផ្តើម​ការ​ហោះហើរ ធម្មតា​អ្នក​បើក​ម្នាក់​ក្នុង​ចំណោម​អ្នក​បើក​២​នាក់​នៃ​យន្តហោះ AIRBUS A 320 នៃ​ក្រុមហ៊ុន GERMANWINGS ដែល​ធ្លាក់​នៅ​តំបន់​ភ្នំ ALPES ប្រទេស​បារាំង

ក្រោយ​ចាប់ផ្តើម​ការ​ហោះហើរ ធម្មតា​អ្នក​បើក​ម្នាក់​ក្នុង​ចំណោម​អ្នក​បើក​២​នាក់​នៃ​យន្តហោះ AIRBUS A 320 នៃ​ក្រុមហ៊ុន GERMANWINGS ដែល​ធ្លាក់​នៅ​តំបន់​ភ្នំ ALPES ប្រទេស​បារាំង ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​១៥០​នាក់​បាន​ចេញពី​បន្ទប់​កាប៊ី​ន រួច​ពុំ​មាន​លទ្ធភាព​ចូល​មក​ក្នុង​វិញ​បាន​ពេល​វិល​មក​វិញ​អំឡុង​ពេល​យន្តហោះ​ធ្លាក់ ។

ព័ត៌មាន​បែប​នេះ​លេច​ចេញពី​ប្រភព​ជិតដិត​នឹង​ការ​ស៊ើប​អង្កេត​ដែល​បានដឹង​ពី​សំឡេង​ទាំងឡាយ​ដែល​ប្រអប់​ខ្មៅ​ថត​បាន ។ បែប​នេះ គឺ​ដូច​គ្នា​នឹង​ព័ត៌​មាន​​ដំបូង​លាតត្រដាង​ដោយ​កាសែត​ញូ​វ​យ៉​ក​ថែម រួច​កំណត់​ពី​ការ​ជឿនលឿន​យ៉ាង​ច្បាស់​នៃ​ការ​ស៊ើ​ប​អង្កេត​ក្រោយ​គ្រោះថ្នាក់​ដែល​នាំ​ឱ្យ​មាន​ក្តុកក្តួល​យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប​ទាំងមូល​នេះ ។

ប្រភព​ជិតដិត​នឹង​ការ​ស៊ើប​អង្កេត​គូសបញ្ជាក់​ថា ពេល​ចាប់ផ្តើម​ការ​ហោះហើរ គេ​ស្តាប់​ឮ​ក្រុម​យានិក​និយាយ​គ្នា​ធម្មតា បន្ទាប់​មក​ឮ​សំឡេង​ចេញពី​កៅអី​អង្គុ​យ​មួយ​ដែល​ទាញ​ថយ និង​ឮ​សំឡេង​ទ្វារ​បើក ហើយ​បិទ​វិញ ។ បន្ទាប់​មក​ឮ​សំឡេង​ពី​ការ​គោះ​ទ្វារ និង​ការ​ស្រែកហៅ ហើយ​ពុំ​ឮ​ពាក្យ​និយាយ​ឆ្លើយឆ្លង​គ្នា​នា​គ្រានោះ​ឡើយ រហូត​ដល់​ពេល​យន្តហោះ​ធ្លាក់ ។

អ្នក​បើក​ទាំង​២​នាក់​និយាយ​គ្នា​ជា​ភាសា​អា​ល្លឺ​ម៉​ង់ ។ ទី​បញ្ចប់​នៃ​ការ​ហោះហើរ​ឮ​ពាក្យ​ស្រែក​អាសន្ន​ដែល​បញ្ជាក់​ថា យន្តហោះ​ធ្លាក់​ជិត​ដល់​ដី​ហើយ ។

ប្រភព​ដដែល​នោះ​បន្ត​ថា គេ​ពុំ​អាច​និយាយ​ថា តើ​មេបញ្ជាការ​យន្តហោះ ឬ​ក៏​សហ​អ្នក​បើក​ជា​អ្នក​ដើរ​ចេញពី​កាប៊ី​ន​បើកបរ ហើយ​ពេល​វិល​មក​វិញ​បើកទ្វារ​មិន​បាន ទោះ​ខំ​ធាក់​ក៏​ដោយ ។

ព័ត៌មាន​ទាំងនេះ​បាន​មក​ពី​ការ​វិភាគ​របស់​ពួក​អ្នក​ស៊ើប​អង្កេត​ប្រអប់​ខ្មៅ​ដែល​ថត​សំឡេង​និយាយ​គ្នា​ក្នុង​បន្ទប់​បើកបរ ដោយ​ប្រអប់​ខ្មៅ​នោះ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៤ មីនា ប៉ុន្មា​ន​ម៉ោង​ក្រោយ​យន្តហោះ​ធ្លាក់ រួច​ការ​ស្តាប់​សំឡេង​ដែល​ថត​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​២៥ មីនា ។

កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មីនា រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​គូសបញ្ជាក់​ថា សេណា​រី​យ៉ូ​ភេរវកម្ម​ដូច​ជា​គ្មាន​ទេ ។ ចំណែក​អ្នក​ជំនាញការ​ម្នាក់​និយាយ​ប្រាប់ AFP ថា ប្រសិនបើ​អ្នកបើកបរ​ទាំង​ពីរ​ពុំ​បាន​រារាំង​យន្តហោះ​មិន​ឱ្យ​ហោះ​ធ្លាក់​បុក​ភ្នំ មាន​តែ​ពួក​គេ​បាត់បង់​ស្មារតី ឬ​ស្លាប់ និយាយ​ឱ្យ​ចំ​ទៅ​ទាល់តែ​ពួក​គេ​ចង់​ស្លាប់ ឬ​មួយ​ពួក​គេ​បង្ខំ​ឱ្យ​ស្លាប់ ។

ប្រភព​ព័ត៌មាន​មួយទៀត​ជិតដិត​នឹង​សំណុំរឿង​នេះ​ពេល AFP សួរ​កាលពី​យប់​ថ្ងៃ​ទី​២៥ មក ២៦ មីនា​ថា សហ​អ្នក​បើក​យន្តហោះ​នេះ​ទើប​ចូល​បម្រើ​ក្រុមហ៊ុន​អាកាសចរណ៍​អា​ល្លឺ​ម៉​ង់ ជា​សាខា​របស់​ក្រុមហ៊ុន LUFTHANSA នា​ពេល​ថ្មី​ៗ គឺ​កាលពី​ដំណាច់ឆ្នាំ​២០១៣ ជាមួយ​ការ​បើកបរ​រយៈពេល​ប៉ុ​ន្មា​ន​រយ​ម៉ោង​ប៉ុ​ណ្ណោះ​។ សញ្ជាតិ​របស់​គេ នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​៕