ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទេរ​ភារកិច្ច​អគ្គស្នងការ​រង​2​រូប​ដាក់​ខុស​ជំនាញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្គប្រជុំ​ប្រចាំខែ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ថ្ងៃ​ទី​៥ មីនា មានការ​ប្រកាស​រៀបចំ​ភារកិច្ច​អគ្គស្នងការ​រង​នគរ បាល​ជាតិ​២​រូប ឱ្យ​កាន់​តំណែង​ថ្មី​ដែល​មជ្ឈដ្ឋាន​ទូទៅ​បាន​សម្លឹង​ឃើញ​ថា ការ​ផ្ទេរ​ភារកិច្ច​នោះ​ពិតជា​ដាក់​ខុស​ជំនាញ ហើយ​ដែល​ពួក​

រាជធានី​ភ្នំពេញ ៖ អង្គប្រជុំ​ប្រចាំខែ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ថ្ងៃ​ទី​៥ មីនា មានការ​ប្រកាស​រៀបចំ​ភារកិច្ច​អគ្គស្នងការ​រង​នគរ បាល​ជាតិ​២​រូប ឱ្យ​កាន់​តំណែង​ថ្មី​ដែល​មជ្ឈដ្ឋាន​ទូទៅ​បាន​សម្លឹង​ឃើញ​ថា ការ​ផ្ទេរ​ភារកិច្ច​នោះ​ពិតជា​ដាក់​ខុស​ជំនាញ ហើយ​ដែល​ពួក​គេ​នាំ​គ្នា​និយាយ​គួរតែ​ថ្នាក់លើ ឬ​ក៏​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ពិនិត្យ​ទ្បើ​ង​វិញ​ដើម្បី​កុំឱ្យ​ការងារ​មិន​ទៅ​មុខ ។

កិច្ចប្រជុំ​បាន​ប្រារព្ធ​ធ្វើ​ទ្បើ​ង​នៅ​អគ្គស្នងការ​នគរបាល​ជាតិ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​អគ្គស្នងការ​រង ស្នងការ​រាជធានី ខេត្ត ក្រុង​ទូ​ទាំង​ប្រទេស ដែល​ជា​អង្គប្រជុំ​បូក​សរុប​ការងារ​ប្រចាំខែ ។ ប៉ុន្តែ​អ្វី​ដែល​អស់លោក​ស្នងការ​មក​ពី​បណ្តា​ខេត្ត​នានា ចាប់អារម្មណ៍​នោះ​ត្រង់​ចំណុច​សំខាន់​មួយ គឺ​អង្គប្រជុំ​បាន​យក​នូវ​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ប្រកាស​តែងតាំង​មុខ​តំណែង និង​ផ្ទេរ​ភារកិច្ច​អគ្គស្នងការ​រង​២​រូប​ដាក់​មិន​ចំ​ជំនាញ ដែល​គេ​ហៅ​ថា ដាក់​ខុស​ប្រអប់ ។

មាន​អស់លោក​ស្នងការ​នគរបាល​ភាគច្រើន​ច​ចេ​ច​ច​ចូ​ច​អ៊ូអរ​ថា ដូច​លោក​ឧត្តមសេនីយ៍ឯក ម៉ក ជី​តូ អគ្គស្នងការ​រង ធ្លាប់​មានបទ ពិសោធន៍ និង​មាន​ជំនាញ ក្នុង​ការងារ​សហការ​គ្រប់​ខេត្ត​ដឹកនាំ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ដែល​ក្រុម​ចោរ​ឬ​ជន​សង្គម​ងងឹត​គ្រាន់តែ​ឮឈ្មោះ បាក់បប​ខ្លបខ្លាច ។ ពួក​គេ​ថា លោក​ចេះ​សម្របសម្រួល និង​ទំនាក់ទំនង​ការទូត​បាន​ល្អជា​មួយ​បក្សនយោបាយ កាត់​បន្ថយ​សភាពការណ៍​ពី​ភាព​ខ្មៅ​ងងឹត​ឱ្យ​ប្រសើ​ទ្បើ​ង រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បែរជា​ត្រូវ​ប្រកាស​ឱ្យទៅ​កាន់​តំណែង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនទៅ​វិញ ហើយ​បែរជា​យក​លោក​ឧត្តមសេនីយ៍ឯក កង សា​ខន អគ្គស្នងការ​រង​មក​ទទួល​ការងារ​ផែន​នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ ដែល​លោក កង សា​ខន មិន​មាន​ជំនាញ​ការងារ​ព្រហ្មទណ្ឌ​ណា​នោះ​សោះ​ទ្បើ​យ ។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ផ្ទេរ​ភារកិច្ច​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នងការ​រង​ចេញពី​មន្ត្រី​នគរបាល​យុត្តិធម៌​បែប​នេះ អាច​នឹង​ធ្វើ​ឱ្យ​មាន​បទល្មើស​កើន​ទ្បើ​ង ។ ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា មុន​នឹង​មានការ​ប្រកាស​ផ្ទេរ​ភារកិច្ច​នេះ ព័ត៌មាន​ត្រូវ​បាន​ធ្លាយ​ទៅ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សម្តេច​បាន​មាន​ប្រតិកម្ម​ទៅ​លោកនាយ​ឧត្តម សេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរ​ជាតិ ឱ្យ​សើរើ​ទ្បើ​ង​វិញ តម្រូវ​ធ្វើ​លិខិត​មួយ​ដាក់​ជូន​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឧ្យ​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ នៅ​ទទួល​ការងារ​នគរបាល​យុត្តិធម៌​ដដែល ។

ប្រភព​ដដែល​និយាយ​ថា លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​ធ្វើ​លិខិត​មួយ​ដាក់​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សុំ​រៀបចំ​លោក​ឧត្តមសេនីយ៍ឯក កង សា​ខន អគ្គស្នងការ​រង​ជា​ប្រធាន ហើយ​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ ជា​អនុប្រធាន ទទួល​ការងារ​រួម​គ្នា​ផែន​នគរបាល​យុត្តិធម៌ ។ ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ថា ប៉ុន្តែ​ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង ច្រានចោល ពោល​គឺ​ចែក​ដាច់​ពី​គ្នា គឺ​លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នងការ​រងទទួល​ការងារ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ។ ឯ​លោក​ឧត្តមសេនីយ៍ឯក កង សា​ខន អគ្គស្នងការ​រង ទទួល​ផែន​នគរបាល​យុត្តិធម៌ ដូច​អ្វី​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នេះ ។

មជ្ឈដ្ឋាន​ទូទៅ​បាន​សម្លឹង​ឃើញ​ថា ការ​ផ្ទេរ​ភារកិច្ច​ដូច្នេះ​ពិតជា​ខុស​ជំនាញ​ហើយ គួរតែ​ថ្នាក់លើ ឬ​សម្តេច​នាយក​រដ្ឋមន្ត្រី​ពិនិត្យ និង​រៀបចំ​ទ្បើ​ង​វិញ ដើម្បី​ឱ្យ​ការងារ​ព្រហ្មទណ្ឌ​ដំណើរការ​បាន​រលូន​បន្ត​ទៅ​ទៀត បើ​ព្រហ្មទណ្ឌ​ខ្លាំង​ជា​បង្អែក​រឹង​មាំ​នៃ​សន្តិសុខ​សង្គម ព្រោះថា​កាលណា​ដាក់​មនុស្ស​ខុស​ជំនាញ ក្រែង​ថ្នាក់​ខេត្ត​ពិបាក​សហការ ឬ​ក្រែងលោ​ចង្អុល​មិន​ចំ ដែល​ថ្នាក់​ស្នងការ​ពិបាក​សហការ​ជាមួយ ៕