ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​លោក​ខាងលិច​គំរាម​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ប្រឆាំង​រុ​ស្ស៊ី​បើ​បទ​ឈប់​បា.ញ់​គ្នា​ត្រូវ​បំផ្លាញ

9 ឆ្នាំ មុន

លោក បា​រ៉ា​ក់ អូ​បា​ម៉ា​, លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​លោកស្រី អេ​ន​ហ្សឺ​ឡា ម័​រ​កែ​ល កាលពី​ថ្ងៃ​ទី​៣ មីនា បាន​សន្យា​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​របស់​លោក​ខាងលិច​ក្នុង​ករណី​បទ​ឈប់​បា.ញ់​គ្នា​ត្រូវ​បំផ្លាញ

លោក បា​រ៉ា​ក់ អូ​បា​ម៉ា​, លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​លោកស្រី អេ​ន​ហ្សឺ​ឡា ម័​រ​កែ​ល កាលពី​ថ្ងៃ​ទី​៣ មីនា បាន​សន្យា​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​របស់​លោក​ខាងលិច​ក្នុង​ករណី​បទ​ឈប់​បាញ់​គ្នា​ត្រូវ​បំផ្លាញ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ហើយ​អំពាវនាវ​ឱ្យ​ពង្រឹង​តួនាទី​របស់​អង្គការ​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​អឺរ៉ុប OSCE ដើម្បី​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​នោះ ។

វិមាន​ប្រធានាធិបតី​បារាំង អេ​លី​ហ្សេ ប្រកាស​ថា ជំហរ​នេះ​ត្រូវ​បាន​ព្រមព្រៀង​គ្នា ក្រោយ​ការ​ពិភាក្សា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​បារាំង ប្រធានាធិបតី​អា​មេ​រិ​ក និង​អធិការបតី​អា​ល្លឺ​ម៉​ង់ ព្រម​ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក ដា​វី​ដ កា​មឺ​រ៉ូ​ន នាយក​រដ្ឋមន្ត្រី​អីុ​តា​លី លោក Matteo Renzi ព្រមទាំង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Donald Tusk ។

សេចក្តី​ប្រកាស​មួយ​របស់​វិមាន​ប្រធានាធិបតី​បារាំង បញ្ជាក់​ថា​មេដឹកនាំ​ទាំងនេះ​បាន​ព្រមព្រៀង​គ្នា​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​មួយ​របស់​សហគមន៍​អន្តរជាតិ ដែល​ចាំបាច់​ក្នុង​ករណី​មានការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​បទ​ឈប់​បាញ់​គ្នា ។

ដោយ​មិន​និយាយ​ចំ​ៗ ការ​គំរាម​នេះ​ពិត​ណាស់​សំដៅលើ​រុ​ស្ស៊ី ។ មេដឹកនាំ​ទាំង​៦​រូប​នោះ ម្យ៉ាងទៀត​ចង់ឱ្យ​ពង្រឹង​មធ្យោបាយ​របស់ OSCE ដើម្បី​អាច​ធានា​ឱ្យ​មានការ​គោរព​បទ​ឈប់​បាញ់​គ្នា និង​ការ​ដក​អាវុធ​ធុន​ធ្ងន់ ពី​ខ្សែ​រណសិរ្ស ។

ចំណែក​នាយទាហានជាន់ខ្ពស់​បំផុត​អា​មេ​រិ​ក ឧត្តមសេនីយ៍ Martin Dempsey គាំទ្រ​ឱ្យ​អា​មេ​រិ​ក​ជួយ​ផ្តល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន ក្នុង​ក្របខ័ណ្ឌ​អង្គការ​អូតង់ ។ នៅ​មុខ​គណៈកម្មការ​កងទ័ព​របស់​ព្រឹទ្ធសភា ឧត្តមសេនីយ៍​រូប​នេះ​ថ្លែង​ថា យើង​គ្រោង​ផ្តល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ហើយ​ប្រការ​នេះ​ត្រូវធ្វើ​ក្នុង​ក្រប​ខណ្ឌ​អូតង់ ។ លោក​យល់​ថា ទិស​ដៅ​ទី​មួយ​របស់​លោក ពូ​ទី​ន គឺ​កាច់​បំបាក់​អូតង់ ។

សម្រាប់​ពេល​នេះ អា​មេ​រិ​ក​ផ្តល់​គ្រឿង​ឧបករណ៍​យោធា​ដល់​អ៊ុយ​ក្រែ​ន ពុំ​មែន​ជា​អាវុធ ។  សមាជិក​អូតង់ ពិសេស​បារាំង និង​អា​ល្លឺ​ម៉​ង់ បាន​ប្រឆាំង​ចំពោះ​ការ​លក់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ព្រោះ​ខ្លាច​ជម្លោះ​កាន់តែ​រាលដាល​នៅ​អឺរ៉ុប ៕