ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kovalev ជួប Pascal ថ្ងៃ​ទី​14 មីនា ការពារ​ខ្សែក្រវាត់​3​ស្ថាប័ន

9 ឆ្នាំ មុន

​ជើងឯក​ប្រដាល់​ទម្ងន់ Light Heavyweight ជាតិ​រុ​ស្ស៊ី Sergey Kovalev នឹង​ឡើង​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ប្រទេស​កា​ណា​ដា នា​ថ្ងៃ​ទី​១៤ ខែមីនា​នេះ ដោយ​ជួប​ជាមួយ​កំពូល​អ្នក​ប្រើ​

​ជើងឯក​ប្រដាល់​ទម្ងន់ Light Heavyweight ជាតិ​រុ​ស្ស៊ី Sergey Kovalev នឹង​ឡើង​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ប្រទេស​កា​ណា​ដា នា​ថ្ងៃ​ទី​១៤ ខែមីនា​នេះ ដោយ​ជួប​ជាមួយ​កំពូល​អ្នក​ប្រើ​កណ្តាប់ដៃ​របស់​ប្រទេស​ម្ចាស់ផ្ទះ Jean Pascal ។ ការ​ប្រកួត​ដែល​មាន​១២​ទឹក​នេះ​នឹង​រៀបចំ​នៅ​សង្វៀន Bell Centre ទីក្រុង Montreal ខេត្ត​កេ​បិ​ច ប្រទេស​កា​ណា​ដា ។

Kovalev វ័យ​៣១​ឆ្នាំ បច្ចុប្បន្ន​គ្រង​ខ្សែក្រវាត់​ស្ថាប័ន WBA/WBO និង IBF ធ្លាប់​ប្រកួត​បាន​ចំនួន​២៧​លើក ក្នុង​នោះ​ឈ្នះ​២៦​លើក មិន​ធ្លាប់​ចាញ់ តែ​ស្មើ​១​លើក និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន​២៣​លើក ។ ប្រកួត​លើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឈ្នះ​កីឡាករ​ជើង​ចាស់​អា​មេ​រិ​ក Bernard Hopkins ដោយ​ពិន្ទុ ។

បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​លើក​នេះ Kovalev បាន​បញ្ជាក់​ថា ៖ «​នេះ​ពិតជា​ការ​ប្រកួត​មួយ​ដែល​ខ្ញុំ​ចង់បាន ។ តាម​ខ្ញុំ​ដឹង Pascal ជា​កីឡាករ​ម្នាក់​ដែល​មិន​ចេះ​កោតខ្លាច​គូប្រកួត ហើយ​គេ​តែង​ដើរ​ចូល​ទៅ​រក​គូប្រកួត​ជា​និច្ច ។ ខ្ញុំ​បានដឹង​ពី​បញ្ហា​នេះ នៅ​ពេល​ដែល​ខ្ញុំ​មើល​ការ​ប្រកួត​របស់​គេ​កន្លង​មក​» ។

ចំណែក​កីឡាករ Pascal នៅ​ក្នុង​ចំនួន​ប្រកួត​សរុប​៣៣​លើក គេ​ឈ្នះ​២៩​លើក ចាញ់​២ និង​ស្មើ​១ ។ កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន​១៧​លើក​ផង​ដែរ ។

ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​គេ​នៅ​ទីក្រុង Montreal ប្រទេស​កា​ណា​ដា កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៤ ឈ្នះ​កីឡាករ​រូ​ម៉ា​នី Lucian Bute ដោយ​ពិន្ទុ ។

គេ​បាន​ថ្លែង​ថា ៖ «​នេះ​គឺជា​ជំហាន​បន្ទាប់​ដើម្បី​ពង្រឹង​បច្ចេកទេស​ប្រកួត​របស់ខ្ញុំ​ឡើង​វិញ​។ Kovalev ជា​កីឡាករ​ជើង​ខ្លាំង និង​ពេញ​ដោយ​បទ​ពិសោធន៍ ។ ដូច្នេះ នេះ​គឺជា​ការ​សាកល្បង​យ៉ាង​ល្អ​មួយ​សម្រាប់​រូប​ខ្ញុំ ។ មួយវិញទៀត ការ​ជួប​ជាមួយ​កីឡាករ​ដែល​មាន​កណ្តាប់ដៃ​ធ្ងន់​ដូច​ជា Kovalev នេះ​គឺ​អាច​បង្ហាញ​ឱ្យ​យើង​បានឃើញ​ពី​កម្រិត​នៃ​ការ​រីក​ចម្រើន​របស់​ខ្លួនឯង​ផង​ដែរ ពោល​បន្ទាប់​ពី​ទំនេរ​អស់​មួយ​រយៈពេល​មក​» ៕