ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើប្រណិត​ជា​ច្រើន​កំណាត់​ត្រូវ​បាន​ក្រុម​ឈ្មួញ​លាក់​ទុក​ក្រោម​ដី

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​៖​ឈើប្រណិត​រាប់រយ​កំណាត់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ប្រទះ​ឃើញ គេ​ជីកដី​លាក់​ទុក ដើម្បី​បំបាំងភ្នែក​សមត្ថកិច្ច​ជំនាញ ហើយ​ឈើ​ទាំងនោះ​ត្រូវ​គេ​សង្ស័យ​ថា អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​និង​ឈើ​ខុសច្បាប់ ដែល​មិន​មានការ​បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ

ខេត្តមណ្ឌលគិរី​៖​ឈើប្រណិត​រាប់រយ​កំណាត់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ប្រទះ​ឃើញ គេ​ជីកដី​លាក់​ទុក ដើម្បី​បំបាំងភ្នែក​សមត្ថកិច្ច​ជំនាញ ហើយ​ឈើ​ទាំងនោះ​ត្រូវ​គេ​សង្ស័យ​ថា អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​និង​ឈើ​ខុសច្បាប់ ដែល​មិន​មានការ​បង់ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ ។

សេចក្តីរាយការណ៍​បាន​បន្ត​ឲ្យ​ដឹង​ថា គេ​ឃើញ​មាន​គ្រឿងចក្រ​កំពុង​តែ ធ្វើ​សកម្មភាព​កាយ​និង​ជីកដី​ដែល​មាន​ទំហំ​ប្រមាណ​ជា​៥០​ម៉ែត្រការ៉េ ដើម្បី​កប់​កំណាត់ឈើ​ទាំងនោះ នៅ​ចំណុច​ភូមិ​ឆក់​ដែក ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ តែ​ទោះជា​យ៉ាងណា​ប្រភព​ព័ត៌មាន មិន​បាន​បញ្ជាក់​ថា គ្រឿងចក្រ​ទាំងនោះ​កប់​ឈើ​លាក់ ក្នុង​មូលហេតុ​អ្វី​នោះ​ទេ ។ ឬ​អាច​ជា​ឈើ​ខុសច្បាប់​ក៏​មិនដឹង?​​ហើយ​ភូមិសាស្ត្រ​និង​ចំណុច​ដែល​មានការ​កប់​ឈើ​នោះ​ត្រូវ​គេ​បញ្ជាក់​ថា នៅ​ក្បែរ​និង​បរិវេណ ក្រុមហ៊ុន​វិនិយោគ​មួយ​ឈ្មោះ ខេន ច័ន្ទ​នុ​រក្ស​ផង​ដែរ ។

កាលពី​កំឡុង​មុន​ចូល​ឆ្នាំ​ប្រពៃណី​ចិន គេ​បានឃើញ​មាន​អណ្តាតភ្លើង ឆាបឆេះ​យ៉ាង​ខ្លាំង ក្នុង​ទីតាំង​ក្រុមហ៊ុន​ខេន ច័ន្ទ នុ​រក្ស និង​បាន​ឆេះ​ឈើប្រណិត​ដែល​មានមុខ​កាត់​ធំ​ៗ​អស់​មួយ​ចំនួន ថែម​ទៀត ។ ប៉ុន្តែ​គេ​មិន​បានដឹង អំពី​មូលហេតុ​នៃ​ការ​ឆេះ នឹង​មាន​មនុស្ស​រង​គ្រោះ ក្នុង​អគ្គិភ័យ​ឬ​យ៉ាងណា​នោះ​ទេ ។

លោក​សំ​រ៉​ង់ ឌី​វិចិត្រ​នាយក​ដែនជំរកសត្វព្រៃ​ភ្នំ​ព្រេច បាន​ឲ្យ​ដឹង​ថា​ពាក់ព័ន្ធ​ជាមួយ​អគ្គិភ័យ​ឆាបឆេះ​ឈើ​ក្នុង​ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស លោក​មិន​បាន​ជ្រាប​នោះ​ទេ  ព្រោះ​ខាង​ក្រុមហ៊ុន​មិន​បាន​ជូនដំណឹង​អ្វី​ទាំងអស់ ។ ចំណែក​ឈើ​ដែល​គេ​រាយការណ៍​ថា មាន​កប់​លាក់​ក្បែរ​ក្រុមហ៊ុន​ខាងលើ លោក​មិន​ហ៊ាន​និយាយ​ថា ជា​ឈើ​របស់​ក្រុមហ៊ុន​ខាងលើ​នោះ​ទេ ។ លោក​ថា លោក​និង​បញ្ជូន​មន្ត្រី​ឲ្យ​ទៅ​ស្រាវជ្រាវ និង​សិក្សា​លើ កន្លែង​ដែល​កប់​ឈើ​ទាំងនោះ ។ លោក​បាន​បញ្ជាក់​ទៀត​ថា​ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស​បាន​វិនិយោគ​ដី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​នៅ​ចំណុច​ខាងលើ ដើម្បី​ដាំ​ដំណាំ​កៅស៊ូ និង​មាន​សិទ្ធ​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ រួច​បង់ពន្ធ​ជូន​រដ្ឋ មុន​ការ​ដឹក​ជញ្ជូន​ចេញ ។

ជាមួយ​គ្នា​នោះ​លោក ម៉ិ​ល សឿ​ន អភិបាលស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​ខេន ច័ន្ទ​នុ​រក្ស កំពុង​តែ​ដាំ​ដុះ​បាន​ចំនួន​៥០០​ហិច​តា លើ​ទំហំ​ផ្ទៃដី​សរុប​១,៥០០​ហិច​តា ។ ចំណែក​រឿង​មាន​កប់​ឈើ លោក​មិន​បានដឹង​នោះ​ទេ ។

ក្រោយ​ការ​សាកសួរ​ទៅ​មន្ត្រី​ជំនាញ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក នាយក​ដែនជំរកសត្វព្រៃ​ភ្នំ​ព្រេច អធិការ​នគរបាល​ស្រុក​និង​អ​ជ្ញា​ធរ​ពាក់ព័ន្ធ​មួយ​ចំនួន គេ​អាច​សន្និដ្ឋាន​ថា  មន្ត្រី​ទាំងនោះ​ហាក់​មានការ​បិទ​បាំង និង​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក មិន​ព្រម​បកស្រាយ​ជុំវិញ​ករណី​ខាងលើ​នោះ​ទេ ។ ដោយឡែក​តំណាង​ក្រុមហ៊ុន ក៏​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​នោះ​ឡើយ​នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​៣ មិ​នា នេះ​។ 

យ៉ាងណា​នោះ​មជ្ឈដ្ឋាន​នានា​កំពុង​រង់ចាំ​មើល​អំពី​លទ្ធផល និង​ចំណាត់ការ ទៅ​លើ​រណ្តៅ​កប់​ឈើ​នៅ​ទឹកដី​នៃ​ស្រុក​កោះ​ញែក​នោះ ថា​និង​មាន​ចំណាត់ការ​យ៉ាងណា​ចំពោះ​ផ្លូវច្បាប់ ៕​