ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​សាន់ ហ្វឺ​រី ត្រៀមខ្លួន​ជួប​វ្ល៉ា​ឌី​មៀ ឃី្ល​ត​ស្តូ ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក

9 ឆ្នាំ មុន

កីឡាករ​ប្រដាល់​អង់គ្លេស ថៃ​សាន់ ហ្វឺ​រី​កំពុង​សម្លឹង​រក​ការ​ជួប​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​ពី​កីឡាករ​អ៊ុយ​ក្រែ​ន វ្ល៉ា​ឌី​មៀ ឃ្លី​ត​ស្កូ ក្រោយ​ពី​រក្សា​បាន​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ទ្វីបអឺរ៉ុប​របស់​ខ្លួន​នៅ​សង្វៀន

កីឡាករ​ប្រដាល់​អង់គ្លេស ថៃ​សាន់ ហ្វឺ​រី​កំពុង​សម្លឹង​រក​ការ​ជួប​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​ពី​កីឡាករ​អ៊ុយ​ក្រែ​ន វ្ល៉ា​ឌី​មៀ ឃ្លី​ត​ស្កូ ក្រោយ​ពី​រក្សា​បាន​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ទ្វីបអឺរ៉ុប​របស់​ខ្លួន​នៅ​សង្វៀន O2 Arena ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ។

ហ្វឺ​រី បាន​ផ្តួល​កីឡាករ​រូ​ម៉ា​នី Christian Hammer ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៨ រក្សា​បាន​ឯតទគ្គ​កម្ម​មិន​ធ្លាប់​ចាញ់​របស់​ខ្លួន​ដល់​២៤​លើក ។

ស្ថិត​ក្នុង​វ័យ​២៦​ឆ្នាំ និង​ជា​អ្នក​ទទួល​បាន​សិទ្ធិ​វាយ​ដណ្តើម​ខ្សែក្រវាត់​ស្ថាប័ន WBO ពី​វ្ល៉ា​ឌី​មៀ ជា​ផ្លូវការ​ផង​នោះ ហ្វឺ​រី បាន​បញ្ជាក់​ថា ៖ «​ពេល​នេះ ខ្ញុំ​បាន​រៀបចំ​ខ្លួន​រួច​ស្រេច​ហើយ​ដើម្បី​ជួប​ជាមួយ វ្ល៉ា​ឌី​មៀ ។ ខ្ញុំ​ជា​កីឡាករ​ដែល​រីក​ចម្រើន​លឿន ហើយ​នេះ​ក៏​ជា​ហេតុផល​សមរម្យ​មួយ​សម្រាប់​ការ​ជួប​ជាមួយ​វ្ល៉ា​ឌី​មៀ​នៅ​ពេល​បន្ទាប់​» ។

គួរ​កត់​សម្គាល់ថា អំឡុង​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ហ្វឺ​រី បាន​ប្រើ​ប្រៀប​ផ្នែក​កម្ពស់ និង​ចម្ងាយ​ដៃ​របស់​ខ្លួន​វាយ​ចូល​ចំ​ៗ​គោលដៅ ។ កីឡាករ Hammer ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​ចំនួន​មួយ​លើក​ក្នុង​ទឹក​ទី​៥ បន្ទាប់​ពី​រង​ការ​វាយ​ផ្ទួន​ៗ​ចំ​ផ្ទៃមុខ​ពី​សំណាក់​កីឡាករ​ហ្វឺ​រី ។ ដោយ​ឃើញ កីឡាករ​របស់​ខ្លួន​ហាក់​គ្មាន​អ្វី​តបត​ទៅ​ដៃគូ ក្រុម​អ្នក​ឱ្យ​ទឹក​កីឡាករ Hammer បាន​សម្រេច​បោះ​កន្សែង​សុំ​ចុះចាញ់​ក្នុង​ទឹក​ទី​៨ ។

ហ្វឺ​រី បាន​ថ្លែង​បន្ទាប់​ពី​ការ​ប្រកួត​ថា ៖ «​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ផ្តល់​ការ​រីករាយ​ដល់​បណ្តា​អ្នកគាំទ្រ ។ ខ្ញុំ​មក​ទី​នេះ​ដើម្បី​ប្រកួត​ជាមួយ​ដៃគូ​ល្អ​ៗ និង​ស្វិតស្វាញ ។ អំឡុង​ការ​ប្រកួត​នេះ កីឡាករ Hammer បាន​ទទួល​រង​កណ្តាប់ដៃ​ច្រើន​រាប់​មិន​អស់ ហើយ​អ្នក​ឱ្យ​ទឹក​របស់​គេ​បានដឹង​ពី​ស្ថានការណ៍ រួច​សម្រេចចិត្ត​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង​» ។

មើល​លើ​ឯតទគ្គ​កម្ម​ប្រកួត ហ្វឺ​រី ពេល​នេះ​គឺ​២៤​លើក ឈ្នះ​ទាំង​២៤​លើក ក្នុង​នោះ​គេ​ឈ្នះ​ដោយ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ចំនួន​១៨​លើក ។ ឯ​វ្ល៉ា​ឌី​មៀ ឃ្លី​ត​ស្កូ វិញ នៅ​ក្នុង​ចំនួន​ប្រកួត​សរុប​៦៦​លើក គេ​ឈ្នះ​៦៣ ចាញ់​៣ មិន​ដែល​ស្មើ និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​ចំនួន​៥៣​លើក ៕