ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលាន​ចាក់សំរាម​ក្រុមហ៊ុន​សា​រុំ​ត្រេ​ឌី​ង​ដុត​សំរាមបង្ក​ផល​ប៉ះពាល់​ល់​សុខភាព​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារនៅ​ជិត​ទីលាន​ចាក់សំរាម​ក្រុមហ៊ុន​សា​រុំ​ត្រេ​ឌី​ង​បាន​ទទួលរង​ផល​ប៉ះពាល់​សុខភាព និង​មានការ​ភ្ញាក់ផ្អើលដោយសារ​តែក្រុមហ៊ុន​

រាជ​ធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារនៅ​ជិត​ទីលាន​ចាក់សំរាម​ក្រុមហ៊ុន​សា​រុំ​ត្រេ​ឌី​ង​បាន​ទទួលរង​ផល​ប៉ះពាល់​សុខភាព និង​មានការ​ភ្ញាក់ផ្អើលដោយសារ​តែក្រុមហ៊ុន​មួយ​នេះដុតសំរាម​បង្ក​ឲ្យ​មាន​ផ្សែងហុយ​ឡើង​យ៉ាងខ្មួលខ្មាញ់​ឡើង​ទៅ​លើ​​​អាកាសលាយឡំ​ជាមួយ​កម្ទេចផេះពាស​វាល​ពាសកាល​ថែម​ទៀត​ផង​។​

ចំណែក​ប្រជាពលរដ្ឋមុន​ដំបូង​មិន​បានដឹង​ថា ផ្សែង​ដែលហុយ​ឡើង​លើ​នោះ​​ជា​ការ​ដុត​សំរាមនោះ​ទេ នឹក​ស្មានថា​មាន​ភ្លើង​ឆេះ​ផ្ទះ ឬរោងចក្រ​សហគ្រាស​កន្លែង​ណាមួយ លុះ​ក្រោយមក​ដឹង​ថា ក្រុមហ៊ុន​ខាងលើ​ដុតសំរាមបំ​ពុល​បរិស្ថាន​បែប​នេះ ពួក​គាត់​មានការ​ខឹងសម្បារយ៉ាង​ខ្លាំង​គ្រប់​ៗ​គ្នាតែ​ម្ដង​។

ហេតុ​ការ​ណ៍នោះបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង៧​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ​​មីនា ​២០១៥ នៅ​ទីលាន​ចាក់សំរាមក្រុមហ៊ុន​សា​រុំ​ត្រេ​ឌី​ង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​តា​នួន សង្កា​ង់​កំ​បូល ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទីលាន​ចាក់សំរាម​របស់​ក្រុមហ៊ុន សា​រុំ​ត្រេ ឌី​ង​នោះ ស្ថិត​នៅ​ជិត​ភូមិឋាន​អ្នកស្រុក​បំផុត ហើយ​បាន​បង្ក​ផល​ប៉ះពាល់ការ​រស់នៅ​របស់​ពួក​គាត់ ជា​បន្តបន្ទាប់​។ ដោយពេល​ខ្លះ​មាន​ធំ​ក្លិនស្អុយយ៉ាង​អសោចិ៍ ជះក្លិន​ពាស​វាល​ និង​មាន​រុយ​ទៀត​ផង និង​ពេល​ខ្លះ​ទៀត បាន​ដុត​សំរាមធ្វើ​ឲ្យ​មាន​ផ្សែងហុយបង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើលជា​ញឹកញាប់​រួច​មក​ហើយ ដោយ​មិន​ខ្វល់​ពី​អ្នក​ដទៃ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា​ ដោយឡែក​នៅព្រឹក​ថ្ងៃ​កើតហេតុ បាន​ដុតសំរាម​​ទាំង​ព្រឹក​តែ​ម្ដង ដែល​ពេល​នោះមាន​ផ្សែង​ហុយ​ឡើង​លើកប់​អាកាសវេហាស៍ យ៉ាង​ខ្មួល​ខ្មាញ់ លាយឡំ​ជាមួយ​កម្ទេចផេះ និង​ក្លិន​អាក្រក់​មក​ជាមួយទៀត​ផង​ ​ព្រោះ​ទីលាន​ចាក់សំរាម​មួយ​នោះ មានសំរាម​​ភាគច្រើនជា​កម្ទេចក្រណាត់ ដែល​ដឹក​ចេញពី​តាម​បណ្ដា​រោងចក្រ សិប្បកម្មនានា​ដែល​ងាយ​នឹងឆាបឆេះ ព្រមទាំង​ជះក្លិន​អាក្រក់​ថែម​ទៀត ។​

កន្លង​មក​ទោះបីជា​មានការ​ដុតបង្ក​ការ​បះ​ពាល់ដល់​ប្រជា​ពល​ដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះជា​ញឹកញាប់​ក្ដីក៏មិនដែល​ឃើញ​មានមន្ត្រី​ពាក់ព័ន្ធ​ណាមួយចុះ​ទៅ​ពិនិត្យ​មើល​ឡើយ​។ ជា​ពិសេស ខាង​មន្ត្រី​បរិស្ថានគួរតែ​មាន​វិធានការចំពោះ​ការ​បំពុលបរិស្ថាន​បែប​នេះ ហើយ​រហូត​ដល់​វេលាល្ងាច​ថ្ងៃ​ដដែល​នោះ ភ្លើង​នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ នៅ​តែមាន​ផ្សែងហុយ​ឡើង​លើ​អាកាស​ដដែល​។

ទាក់ទិន​ទៅ​និង​ហេតុ​ការ​ណ៍នោះ ត្រូវ​បាន​អ្នក​មើល​ការ​ខុស​ត្រូវនៅ​ទីនោះ​​និយាយ​ថា ការ​ឆាបឆេះ​នេះមិនមែន​បណ្ដាល​មក​ពីការ​ដុត​នោះ​ឡើយ គឺ​វាឆេះ​ដោយ​ខ្លួនឯង ព្រោះ​ខែ​នេះ​វា​ក្ដៅ ហើយ​ស្ងួត​ពេកទើប​ឆេះ​តែ​ម្ដង​ទៅ​។ ប៉ុន្តែប្រជាពលរដ្ឋមិន​បាន​ជឿជាក់​នោះ​ឡើយ ដោយ​ពួក​គាត់​បាននិយាយ​ថា​មិនដែល​អត់​ដុត​ឆេះ​ទៅ​កើត​នោះ​ទេ ទាល់តែ​ដុត​ទើប​ឆេះ ហើយ​ក្រុមហ៊ុន​ខាងលើគួរតែ​ចេះ​គោរពអ្នក​ដែល​រស់នៅ​ជុំវិញ​នោះ​ផង​ កុំ​ធ្វើ​អី​តាមតែ​ចិត្ត​បែប​នេះ​អី ហើយ​ពួក​គាត់បាន​សំណូមពរ​ដល់អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រី​ក្រសួង មន្ទីរ​ពាក់ព័ន្ធ ជួយ​ពិនិត្យ​មើលទីលាន​ចាក់សំរាម​មួយ​នេះ​ផង​៕​​