ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងព័ត៌មាន​រៀបចំ​មហោស្រព​តន្ត្រី​ និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​គោលបំណង​បង្កើន​ស្មារតី​រួម​គ្នា​ក្នុង​ការ​កាត់​បន្ថយ​ការ​ចម្លង​បទ​ចម្រៀង​របស់​បរទេស​ជា​បណ្តើរ​ៗ ​និង​រួម​គ្នា​បង្កើត​ស្នាដៃ​តែង​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​

រាជធានី​ភ្នំពេញ ​៖ ក្នុង​គោលបំណង​បង្កើន​ស្មារតី​រួម​គ្នា​ក្នុង​ការ​កាត់​បន្ថយ​ការ​ចម្លង​បទ​ចម្រៀង​របស់​បរទេស​ជា​បណ្តើរ​ៗ ​និង​រួម​គ្នា​បង្កើត​ស្នាដៃ​តែង​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​ថ្មី​ដោយ​ខ្លួនឯង ក្រសួងព័ត៌មាន​បាន​រៀបចំ​មហោស្រព​តន្ត្រី​ និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ ដែល​គ្រោង​នឹង​ចាប់ផ្តើម​ឡើង​នៅ​អំឡុង​ដើមខែ​កក្កដា និង​បញ្ចប់​នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​ខែសីហា ​​​​២០១៥​ខាង​មុខ​នេះ ។

​ថ្លែង​នៅ​ក្នុង​ស​ន្និ​សីទ​សារ​ព័ត៌​មាននៅ​ក្រសួងព័ត៌មាន​នា​ថ្ងៃ​ទី​៣ ​មិ​នា​ ២០១៥​នេះ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បានមាន​ប្រសា​សន៍ថា ការ​រៀបចំ​មហោស្រព​តន្ត្រី​ និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​នេះ ជា​ការ​រៀបចំ​លើក​ទី​៣​របស់​ក្រសួងព័ត៌មាន​ បន្ទាប់​ពី​អាក់ខាន​រយៈពេល​២​ឆ្នាំ​ដោយសារ​តែ​ក្រសួង​មានការ​ងារ​ច្រើន​ដើម្បី​បំពេញ ​រួម​ទាំង​កង្វះខាត​ថវិកា​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​រៀបចំ​មហោស្រព​កន្លង​មកនេះ​ក្រសួង​បាន​ខិតខំ​ និង​ព្យាយាម​មិន​យក​ថវិការដ្ឋ​មក​ចំណាយ​នោះ​ទេ ប៉ុន្តែ​បាន​ស្វះ​ស្វែងរក​ដៃគូរ​សំខាន់​ក្រុមហ៊ុន​និង​សប្បុ​ជន​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​រៀបចំ ​និង​ប្រព្រឹត្តិ​ទៅ​នៃ​មហោស្រព​ដ៏​មាន​សា​រៈ​សំខាន់​នេះ ។

លោក ខៀវ កា​ញា​រី​ទ្ធ ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​សប្បុ​ជន​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រៀបចំ​មហោស្រព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​នោះ​អរគុណ​ចំពោះ​សិ​ល្ប​ករ ​សិល្ប​ការិនី​ដែល​បាន​ចំណាយ​ពេលវេលា​ និង​កំលាំង​ចូលរួម​ប្រកួតប្រជែង​ក្នុង​មហោស្រព ​បើ​ទោះបីជា​មិន​ជាប់​ចំណាត់ថ្នាក់ ​ឬក៏​ទទួល​បាន​រង្វាន់​ជ័យ​លា​ភី​តិចតួច​ក៏​ដោយ​ចុះ ហើយ​ស្មារតី​ទាំងនោះ​បាន​បង្ហាញ​នូវ​គំនិត​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​បទ​ចម្រៀង​របស់​បរទេស​ជា​បណ្តើរ​ៗ និង​រួម​គ្នា​បង្កើត​ស្នាដៃ​តែង​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀ​ន​ថ្មី​ដោយ​ខ្លួនឯង​សំដៅ​លើកកម្ពស់​សិ​ល្បៈ​វប្បធម៌​ខ្មែរ​។

លោក ជា ច័ន្ទ​បរិបូរ​ណ៌ រដ្ឋលេខាធិការ​ក្រសួងពត៌មានបាន​រំលឹក​ថា ព្រឹត្តិការណ៍​នេះ ធ្លាប់​បាន​កើតឡើង​៣​ដង​រួច​មក​ហើយ​ គឺ​ម្តង​នៅ​ក្នុង​ឆ្នាំ​១៩៦៣ នាទី​ក្រុងកែប​ក្នុង​រជ្ជកាល​ដ៏​រុងរឿង​របស់ព្រះករុណា​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វ​ររាជបិតា​ជាតិខ្មែរ បូរណភាព​ទឹកដី ​និងឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ និង​២​លើក​ទៀត​នា​ពេល​ថ្មី​ៗ​នេះ គឺ​ក្នុង​ឆ្នាំ​២០១១ មហោស្រព​ប្រឡង​តន្ត្រី និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១១ និង​មហោស្រព​ប្រឡង​តន្ត្រី និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ។

លោក​បញ្ជាក់​ថា មហោស្រព​ប្រឡង​តន្ត្រី និង​ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ទាំង​២​លើក​នេះ បាន​ប្រសូត្រឡើង​ក្រោម​ការ​ផ្តួចផ្តើម​ឡើង​ដោយ​ក្រសួងព័ត៌មាន ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព   ​