ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សន សុ​វ​ណ្ណា​រ៉ា ប្រឹងប្រែង​ដើម្បី​អាជីព​សិល្បៈ​កាន់តែ​លូតលាស់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​សន សុ​វ​ណ្ណា​រ៉ា ជា​តារា​សម្តែង​បាន​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ជាង​៤​ឆ្នាំ​មក​ហើយ តែ​ស្នាដៃ​នៅ​មាន​កម្រិត​មិន​ទាន់​បាន​សម​តាម​បំណង​នៅឡើយ ។ ម្ល៉ោះហើយ

រាជធានី​ភ្នំពេញ ៖ លោក​សន សុ​វ​ណ្ណា​រ៉ា  ជា​តារា​សម្តែង​បាន​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ជាង​៤​ឆ្នាំ​មក​ហើយ តែ​ស្នាដៃ​នៅ​មាន​កម្រិត​មិន​ទាន់​បាន​សម​តាម​បំណង​នៅឡើយ ។ ម្ល៉ោះហើយ​លោក​នៅ​តែ​ពុះពារ​ជាមួយ​អាជីព​នេះ​ដើម្បី​ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង ។

លោក​សន សុ​វ​ណ្ណា​រ៉ា បាន​បើក​សាលា​បង្ហាត់​សិល្បៈ «​សុ​វ​ណ្ណា​រ៉ា​» បាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ តែ​លោក​បាន​ផ្អាក​ជាង​១​ឆ្នាំ ព្រោះ​រវល់​ទៅ​បំពេញភារកិច្ច​នៅ​បរទេស ។ សាលា​នោះ​លោក​សុ​វ​ណ្ណា​រ៉ា បាន​បើក​ដំណើរការ​វិញ​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៤ ។

បច្ចុប្បន្ន​លោក​សុ​វ​ណ្ណា​រ៉ា មមាញឹក​លើ​ផ្នែក​រាំ​ជា​លក្ខណៈ​អឹ​ម​វី​ទាក់ទង​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឱ្យ​ផលិតកម្ម​សាន់​ដេ និង​ផលិតកម្ម​ក្រៅប្រទេស​មួយ​ចំនួន​ទៀត ។ ក្រុម​សិល្បៈ​របស់​លោក​សុ​វ​ណ្ណា​រ៉ា​ក៏​ទទួល​រៀបចំ​កម្មវិធី ផ្សេង​ៗ ដូច​ជា​ទទួល​បដិសណ្ឋារកិច្ច​ជាដើម ។

លោក​សុ​វ​ណ្ណា​រ៉ា ចេះ​ពី​របៀប​ដឹកនាំ​នេះ​យូរ​មក​ហើយ ក្រោយ​ពី​បាន​សិក្សា​ជាមួយ​អ្នកគ្រូ​គង់  ណា​រី  រយៈពេល​៥​ឆ្នាំ ។ សមាជិក​ក្នុង​ក្រុម​របស់​លោក​សុ​វ​ណ្ណា​រ៉ា​មាន​ស្រី​៥​នាក់ ប្រុស​៥​នាក់ តែ​បើសិនជា​មាន​តម្រូវការ​ពី​ក្រុមហ៊ុន និង​អតិថិជន គឺ​លោក​អាច​ទាក់ទង​រៀបចំ​ជូន​មិន​ឲ្យ​លំបាក​ទេ ។ ចំពោះ​តម្លៃ​វិញ​មិនសូវ​គិត​ខ្លាំង​ទេ អ្វី​ដែល​សំខាន់​អាច​ចរចា​បាន ពោល​គឺ​ឲ្យ​សម​ល្មម​ទូទាត់​ថ្លៃ​សម្លៀក​បំពាក់ សោហ៊ុយ​ធ្វើ​ដំណើរ​និង​ការ​ហូប​ចុក ។ ចំណុច​ពិសេស​របស់​ក្រុម​លោក​សុ​វ​ណ្ណា​រ៉ា​អាច​ប្រជែង​ទីផ្សារ​បាន​ត្រង់​ថា ប្រើ​របស់​តុបតែង​ខ្លួន និង​សម្លៀក​បំពាក់​មិន​ចាញ់​តារា​បង្ហាញ​ម៉ូ​ដ ល្បី​ៗ​ទេ ។

នៅ​ចុងឆ្នាំ​២០១០ លោក​សន សុ​វ​ណ្ណា​រ៉ា​បាន​ជាប់​ជ័យ​លា​ភី​ប្រុស​ស្អាត​ចំណាត់ថ្នាក់​លេខ​២ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ក្រោយមក​លោក​សុ​វ​ណ្ណា​រ៉ា​បាត់​មុខ​ទើបតែ​ចេញ​មុខ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៥​នេះ​ដោយ​ទទួល​បានការ​ងារ​ដូច​ជា​សម្តែង​ឱ្យ​ផលិតកម្ម​សាន់​ដេ និង​ផលិតកម្ម​ក្រៅ​ស្រុក និង​ធ្លាប់​ចូលរួម​សម្តែង​រឿង «​កំណប់​បះសក់​»  ព្រមទាំង​ធ្វើ​ជា​ពិធីករ​នៅ​តាម​រោងការ​មួយ​ចំនួន ។ ក្រៅពី​នេះ​លោក​សុ​វ​ណ្ណា​រ៉ា​ត្រៀម​ថត​រឿង ថ្មី​មួយទៀត​របស់​ផលិតកម្ម​X Saven មាន​ចំណងជើង​ថា «​កោះ​ឡឺ​កឺ​» ។ ចំពោះ​ការងារ​សម្តែង​នេះ​លោក​សុ​វ​ណ្ណា​រ៉ា​មិន​ប្រាថ្នា​ជា​តួឯក​ទេ ឲ្យ​តែ​មាន​គេ​ហៅ​ថត​លោក​ទទួល​ថត​ទាំងអស់​ធ្វើ​យ៉ាងណា​ឲ្យ​មានឈ្មោះ​ឡើង​វិញ​បន្ទាប់​ពី​អាក់ខាន​មួយ​រយៈ ។

លោក​សន សុ​វ​ណ្ណា​រ៉ា និយាយ​ថា ការ​សម្តែង​ទោះជា​ត្រូវ​ក្តៅ​ត្រូវ​ខ្យល់ ទទួល​បាន​តម្លៃ​មិន​សម​តាម​ចិត្ត​ក៏​លោក​ត្រូវ​តែ​បោះ​ជំហាន​ឲ្យ​ទទួល​បាន​ផ្លែផ្កា​សមចិត្ត​ដែល​ស្រឡាញ់ ។ ម្យ៉ាងទៀត​សិល្បៈ​បើ​ចង់​ហក់​ផ្លោង​ឲ្យ​ល្បី​លឿន​មិន​ងាយ​ទេ ទាល់តែ​តស៊ូ​ជម្នះ​ឧបសគ្គ​ជា​ច្រើន ឬ​ត្រូវ​ឆ្លងកាត់​ជា​តួ​តូចតាច​សិន​ទើប​អាច​មានឱកាស​ឈោង​ចាប់​តួ សំខាន់​ៗ​បាន អាស្រ័យ​លើ​ការ​តស៊ូ​និង​គោរ​ពេលវេលា ៕