ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ​ជ្ញា​ធរ​ខេត្តមណ្ឌល​គិរី​​ត្រៀម​រៀបចំ​កម្មវិធី​ប្លែក​ៗ​សម្រាប់​ទទួល​ឆ្នាំ​ថ្មី

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ លោក​ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរ​ណ៍ខេត្តមណ្ឌលគិរី​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ក្នុង​ជំនួប​ផ្តាច់មុខ​ថា «​មន្ទីរ​ជំនាញ​ និង​អង្គភាព​ពាក់​ព័​ន្ឋ​នានា

ខេត្ត​មណ្ឌល​គិរី​ ៖ លោក​ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរ​ណ៍ខេត្តមណ្ឌលគិរី​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ក្នុង​ជំនួប​ផ្តាច់មុខ​ថា «​មន្ទីរ​ជំនាញ​ និង​អង្គភាព​ពាក់​ព័​ន្ឋ​នានា បាន​កំពុង​ប្រជុំ​សម្រេច​រៀបចំ​កម្មវិធី​អបអរ​សាទរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​២០១៥​​ ​ដើម្បី​ជា​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ឲ្យ​មានការ​ចាប់​អារ​ម្ម​ណ៍មក​កម្សាន្ត​លេង​នៅ​តាម​ទី​រមណីយដ្ឋាន​ក្នុង​ខេត្ត​។

លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៍ឲ្យ​ដឹង​ថា​ «​ក្រុមការងារ​យើង​បាន​បង្កើត​កម្មវិធី​បោសសម្អាត​តាម​រមណីយដ្ឋាន​ទាំងអស់​ក្នុង​ខេត្ត ដោយ​មានការ​ចូលរួម​ពី​ប្រជា​សហ​គម​ន៍ ជា​ពិសេស​ គឺ​ទឹកជ្រោះ​ប៊ូ​ស្រា​។ ​ក្នុង​នោះ​ដែរ​មន្ទីរ​ទេសចរ​ណ៍​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​ឈ្មោះមណ្ឌល​ខេ​រី​ស៊​ត ដែល​បាន​វិនិយោគ​អភិវឌ្ឍ​ន៏​តំបន់​ទឹកជ្រោះ​ប៊ូ​ស្រា សម្រេច​បង្កើត​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ជិះ​ខ្សែ​រ៉​ត​ឥត​គិតថ្លៃ ក្នុង​ថ្ងៃ​បុណ្យប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុខ ដោយ​មាន​អញ្ជើញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ព្រមទាំង​សិស្សសាលា​ប្រមាណ​ជា​២០០​នាក់​ចូលរួម​ផង​ដែរ​។

ចំពោះ​បញ្ហា​សណ្ឋាគារ ផ្ទះសំណាក់​ និង​ភោ​ជនីយ​ដ្ឋា​ន លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា​ «​បន្ទប់​សណ្ឋាគារ​មានការ​កើន​បន្តិចបន្តួច​ គឺ​តែ​១០​បន្ទប់ បូក​ជាមួយ​របាយ​ការ​ណ៍​ចាស់​ចំនួន​១០៩​បន្ទប់ ដូច្នេះ​ស្មើ​១២៩​បន្ទប់​។​ បន្ទប់​ផ្ទះសំណាក់​មានការ​កើនឡើង​ច្រើន​ជាង​បន្ទប់​សណ្ឋាគារ គឺ​បច្ចុប្បន្ន​កើន​៩០​បន្ទប់​បន្ថែម បើ​បូក​ជាមួយ​របាយ​ការ​ណ៍ចាស់​ដែល​មាន​ចំនួន​៤០៥​បន្ទប់ បច្ចុប្បន្ន​មាន​ចំនួន​៤៩៥​បន្ទប់​។​

ចំពោះ​ភោ​ជនីយ​ដ្ឋា​ន​ និង​អាហារ​ដ្ឋា​ន​ទាំង​តូច​ទាំង​ធំ​ដែល​អាច​បម្រើ​ដល់​ភ្ញៀវ​បាន​សរុប​ក្នុង​ខេត្ត​មាន​ចំនួន​៤១​កន្លែង​។​ លោក ងិ​ន សុ​វិ​មា បាន​បន្ត​ថា បើ​ទោះបីជា​កំណើន​សណ្ឋាគារ ផ្ទះសំណាក់​និង​ភោ​ជនីយ​ដ្ឋា​ន ដុះ​ដូច​ផ្សិត​ត្រូវ​ទឹកភ្លៀង​ក៏​ដោយ ពេល​ខ្លះ​ក៏​មិន​អាច​បំពេញ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​​​ដែល​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​។

ចំណែក​លោក​ញ៉ែ​ម វ៉ា​ន​នី ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​មាន​ប្រសា​ស​ន៏​ថា​«​ឆ្នាំ​២០១៥​នេះ ក៏​ដូច​បណ្តា​ឆ្នាំ​មុន​ៗ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តបាន​យកចិត្តទុកដាក់​បង្កើន​ការពារ​គ្រប់​គោលដៅ​សំខាន់​ៗ ដើម្បី​រក្សាសុខ​សុវត្ថិភាព​ជូន​អ្នកទេសចរ​ ដែល​បាន​អញ្ជើញ​មក​កម្សាន្ត​លេង​នៅ​ខេត្ត​នេះ​។​ ក្នុង​នោះ​ដែរ​លោកស្នងការ​ក៏​បានសំណូមពរ​ដល់​អ្នកទេសចរ​ទាំងអស់​ថា កុំ​ចាំតែ​សមត្ថកិច្ចមក​ការពារ​សុវត្ថិភាព​ជូន គឺ​ត្រូវ​ចេះ​រក្សា​សុវត្ថិភាព​ខ្លួនឯង​ផង ព្រោះ​រដូវ​ចូល​ឆ្នាំ​មាន​មនុស្ស​ច្រើន ដូច្នេះ​កងកម្លាំង​មិន​អាច​មើល​បាន​សព្វគ្រប់​ជ្រុងជ្រោយ​ឡើយ​។

លោកស្នងការ​ខេត្ត​ក៏​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​មក​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី មេត្តា​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​បើកបរ ​ព្រោះ​ស្ថានភាព​ផ្លូវ​នៅ​ខេត្តមណ្ឌលគិរី​សម្បូរ​ទៅដោយចំណោត​ខ្ពស់​ៗ​ និង​មាន​បត់​កែង​ច្រើន ដែល​អាច​បណ្តាល​ឲ្យ​កើត​មាន​គ្រោះ​គ្រប់ពេលវេលា​។​ ជាង​នេះ​ផង​ដែរ​ក៏​បាន​សុំ​ឲ្យ​បងប្អូន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ទាំងអស់ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​នៅ​ពេល​កំពុង​លេង​តាម​រមណីយដ្ឋាន​ទឹកជ្រោះ​នានា ដើម្បី​រក្សា​អាយុជីវិត​កុំ​ឲ្យ​លង់ទឹក​។

លោក​ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ទន្ទឹម​នឹង​ការ​ឈាន​ចូល​មក​ដល់​នៅ​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ការិយាល័យ​ចរាចរ​ណ៍ខេត្ត​បានកំពុង​បង្កើន​សកម្មភាព​រឹត​បន្តឹង​ការ​បើកបររបស់​ប្រជាពលរដ្ឋ​ និង​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នក​មិន​គោរព​ច្បាប់​។ ​​​មន្ត្រី​ការិយាល័យ​ជំនាញ​ក៏​កំពុងធ្វើ​សកម្មភាព​ផ្សព្វផ្សាយច្បាប់​ចរាចរ​ណ៍ដល់​ពលរដ្ឋ ទាំង​វិទ្យុ កាសែត និង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ជា​ច្រើន​ទៀត ដើម្បី​ធានា​ឲ្យ​សុវត្ថិភាព​សាធារណៈ​៕​​