ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ វណ្ណៈ ធ្វើ​ឱ្យ​ស្រិល ទ្រី ចាញ់​ការ​ប្រកួត​យ៉ាង​អស់ចិត្ត ចំណែក​ចាន់ រតនៈ ត្រូវ​គ្រូពេទ្យ​បញ្ឈប់​ត្រឹម​ទឹក​ទី​4

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ធ្វើ​ឱ្យ ស្រិល ទ្រី មក​ពី​ក្លិប​គជសារ​កីឡា ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ​យ៉ាង​អស់ចិត្ត​បំផុត​សម្រាប់​ការ​ជួប​គ្នា​នៅ​លើ

រាជធានី​ភ្នំពេញ ៖ ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ធ្វើ​ឱ្យ ស្រិល ទ្រី មក​ពី​ក្លិប​គជសារ​កីឡា ចាញ់​ការ​ប្រកួត​ដោយ​ពិន្ទុ​យ៉ាង​អស់ចិត្ត​បំផុត​សម្រាប់​ការ​ជួប​គ្នា​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​ថ្ងៃអាទិត្យ ទី​១ មីនា កន្លង​មកនេះ ។ ចំណែក ចាន់ រតនៈ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​បាន​គ្រូពេទ្យ​បញ្ឈប់​លែងឱ្យ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៤ ដោយសារ​តែ​ត្រូវ​មួយ​កែង​របស់ ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យបង្ក្រាប​គ្រឿងញៀន​បណ្តាល​ឱ្យ​បែក​រយះ​នៅ​លើ​ថ្ងាស​យ៉ាង​ធំ និង​មាន​ឈាម​ហូរ​ជោក​មុខ ។

ជ័យ វណ្ណៈ ជួប​ប្រកួត​ជាមួយ ស្រិល ទ្រី លើក​នេះ​គេ​ហាក់បីដូចជា​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​។ ចាប់តាំងពី​ទឹក​ទី​១ រហូត​ទៅ ជ័យ វណ្ណៈ បាន​ប្រើ​ក្បាច់​ពិសេស​ៗ​វាយ​សន្ធាប់​ទៅ​លើ ស្រិល ទ្រី ស្ទើរតែ​មិន​អាច​តដៃ​រួច​ឡើយ ។ ទោះបីជា​យ៉ាងណា ស្រិល ទ្រី នៅ​មានឱកាស​តដៃ​វាយបក​សង​មក​វិញ​បាន​ម្តងម្កាល​ដែរ គ្រាន់តែ​មិនសូវ​ទទួល​បាន​ផល​ល្អ​តែ​បុ​៉​ណ្ណោះ ។ ជ័យ វណ្ណៈ ធ្លាប់តែ​អស់កម្លាំង​នៅ​ក្នុង​ទឹក​ទី​៣ និង​ទី​៤ នោះ​លើក​នេះ​មិន​ដូច​ពេល​មុន​ឡើយ ដោយ​គេ​ឃើញ​កីឡាករ​រូប​នេះ​កាន់តែ​បង្កើន​ការ​វាយលុក​យ៉ាង​សាហាវ​​លើស​ដើម ហាក់ដូចជា​មើលឃើញ ស្រិល ទ្រី ជា​កូន​ឈ្លូស​អ​ញ្ចឹ​ង ។

ចាប់ពី​ទឹក​ទី​៤ រហូត​ទៅ ស្រិល ទ្រី ស្ទើរតែ​លែង​មានឱកាស​វាយ​តបត​ជាមួយ ជ័យ វណ្ណៈ ម្តង​ៗ​ទៅ​ហើយ​។ បុ​៉​ន្តែ​អ្នក​ប្រដាល់​មក​ពី​ក្លិប​គជសារ​កីឡា​រូប​នេះ​ចិត្តសឿង​គ្រាន់បើ បើ​ទោះជា​មិន​អាច​ធ្វើ​អ្វី​គូប្រកួត​កើត​មែន តែ​យ៉ាង​ហោច​ណាស់ ក៏​អាច​ទប់ទល់​រហូត​ដល់​ចប់​ទឹក​ទី​៥​ដែរ គ្រាន់តែ​ទ្រម​ខ្លួន​បន្តិច និង​ចាញ់​ពិន្ទុ​បុ​៉​ណ្ណោះ ។ ចាន់ គង់​រាជ ជួប ចាន់ រតនៈ លើក​នេះ​លេង​រាង​ធ្ងន់​ដៃ​បន្តិច​ហើយ ។ ចាប់ពី​ទឹក​ទី​១ ដល់​ទឹក​ទី​៣ ការ​ប្រកួត​របស់​គូ​នេះ​មាន​ភាព​ប្រដំប្រសង​គ្នា ដោយ​មានឱកាស​វាយបក​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ល្អ​ទៀត​ផង ។ បុ​៉​ន្តែ ចាន់ រតនៈ ហាក់បីដូចជា​មានការ​ធ្វេសប្រហែស​បន្តិច​នៅ​ក្នុង​ទឹក​ទី​៤ ពេល​គេ​បាន​ព្យាយាម​សម្រុកចូល​កៀក​ដើម្បី​ម៉ាត់​សំដៅ​មុខ​គូប្រកួត​ចៃដន្យ ចាន់ គង់​រាជ បាន​ពន្លះ​មួយ​កែង​យ៉ាង​ធ្ងន់​ចូល​ចំ​ពីលើ​ថ្ងាស​បណ្តាល​ឱ្យ​មាន​ស្នាម​បែក​យ៉ាង​ធំ ហូរ​ឈាម​ជោក​មុខ ហើយ​គ្រូពេទ្យ​ក៏​បញ្ឈប់​លែងឱ្យ​ប្រកួត​តែ​ម្តង ។

ដោយឡែក​លទ្ធផល​គូ​ផ្សេង កីឡាករ​វ៉ែន សុវណ្ណ មក​ពី​ក្លិប​កងកេង​កីឡា បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ពុធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ។ កីឡាករ​ព្រឿ​ង សុ​ជាតិ មក​ពី​មជ្ឈមណ្ឌល​កីឡា​នៃ​កង​យោធពលខេមរភូមិន្ទ បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ឡុ​ង គឹ​ម​ហៀ​ង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ​ប្រាក់ រស្មី មក​ពី​ក្លិប​តា​ដំបង​ដែក​មាន​រិ​ទ្ធ បាន​យកឈ្នះ​កីឡាករ​សំ ពិសិដ្ឋ មក​ពី​ក្លិប​កុមារ​កំព្រា​នៅ​ត្រឹម​ទឹក​ទី​២ និង​កីឡាករ​នឹម ហែម បាន​ផ្តួល​កីឡាករ​ជ័យ រ៉ា​វុ​ធ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៤ ៕