ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Antonio Inoki ជើងឯក​កីឡាកាស​ជ​ប៉ុន​ទទួល​ការ​តែងតាំង​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ NOCC

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក Antonio Inoki ដែល​ជា​ជើងឯក​កីឡាកាស​ប្រទេស​ជ​បុ​៉​ន​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​តែងតាំង​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​របស់​គណៈ​កម្មា​

រាជធានី​ភ្នំពេញ ៖ លោក Antonio Inoki ដែល​ជា​ជើងឯក​កីឡាកាស​ប្រទេស​ជ​បុ​៉​ន​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​តែងតាំង​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​របស់​គណៈ​កម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ។ ពិធី​តែងតាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១ មីនា កន្លង​មក​នេះ ។

លោក Antonio Inoki មិន​ត្រឹមតែ​ជា​កំពូល​ជើងឯក​កីឡាកាស​ប្រចាំ​ប្រទេស​ជ​បុ​៉​ន​បុ​៉​ណ្ណោះ​ទេ លោក​គឺជា​សមាជិក​រដ្ឋសភា​របស់​ប្រទេស​ជ​បុ​៉​ន​ទៀត​ផង ។ លោក​ត្រូវ​បាន​ប្រជាជន​ជ​បុ​៉​ន ក៏​ដូច​ជា​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក​ទទួលស្គាល់​ស្នាដៃ​របស់​លោក បន្ទាប់​ពី​លោក​ប្រកួត​ស្មើ​ជាមួយ​កំពូល​អ្នក​ប្រដាល់​លំដាប់ថ្នាក់​ពិភពលោក គឺ​លោក​មហា​ម៉េ​ត អា​លី របស់​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ក្នុង​ឆ្នាំ​១៩៧៦ ដែល​ការ​ប្រកួត​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​តូ​ក្យូ ។ មិន​តែ​បុ​៉​ណ្ណោះ លោក​ក៏​ជា​សកម្មជន​មួយ​រូប​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កន្លង​មក​ទៀត​ផង ។ លោក​បាន​ជួយ​ជា​សម្ភារ​ហ្វឹកហាត់​កីឡា​ដល់​កីឡា​ប្រយុទ្ធ​មាន​ដូច​ជា កីឡាករ​តេ​ក្វា​ន់​ដូ​ជាដើម​តាំងពី​ឆ្នាំ​១៩៩២ មក​ម្ល៉េះ ។ ដោយ​មើលឃើញ​ពី​ភាព​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​មិត្តភាព​ដ៏​ល្អជា​មួយ​គ្នា​បែប​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្រកាស​តែងតាំង​រូប​លោក​ឱ្យ​ក្លាយជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​របស់ NOCC តែ​ម្តង​ទៅ ។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា តំណាង​ឱ្យ​លោក​ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ថ្លែង​នូវ​ការ​គាំទ្រ​ជា​និច្ច​រាល់​សកម្មភាព​ដែល​លោក Antoino Inoki ធ្លាប់​បាន​ធ្វើ​មក​លើ​វិស័យ​កីឡា​របស់​ប្រទេស​កម្ពុជា ហើយ​លោក​មាន​ជំនឿ​ថា លោក Antoino Inoki នឹង​បន្ត​ស្វែងរក​ជំនួយ​ជួយ​ដល់​កម្ពុជា​ជា​រៀង​រហូត ។

ជា​ការ​ឆ្លើយ​តប លោក Antoino Inoki មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០២០ ប្រទេស​ជ​បុ​៉​ន​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ដូច្នេះ​លោក​ចង់​ជំរុញ​ឱ្យ​កីឡាករ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឱ្យ​បាន​ច្រើន ។ លោក​បញ្ជាក់​ថា ថ្វី​ដ្បិតតែ​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ​ខុស​គ្នា តែ​កីឡា​គឺ​ដូច​តែ​គ្នា​ទេ​។ ការ​លេង​កីឡា​ដើម្បី​សុខភាព កីឡា​នាំ​មក​នូវ​សន្តិភាព​សម្រាប់​ពិភពលោក ។ ថ្ងៃ​ណាមួយ​លោក​នឹង​បង្កើត​ឱ្យ​ការ​ប្រកួត​កីឡា​នៅ​តំបន់​សៀមរាប​អង្គរ ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ជ​បុ​៉​ន​មក​ទស្សនា​ប្រាសាទ​អង្គរ​ឱ្យ​បាន​ច្រើន ។ មិន​តែ​បុ​៉​ណ្ណោះ​ដើម្បី​ជួយ​ជំរុញ​ឱ្យ​កីឡាករ​កម្ពុជា​មានឱកាស​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ក្នុង​ឆ្នាំ​២០២០ ឱ្យ​បាន​ច្រើន​នោះ ជប៉ុន​នឹង​បញ្ជូន​ក្រុម​យុវជន​ស្ម័គ្រចិត្ត​មួយ​ក្រុម​មក​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា រយៈពេល​៣​ខែ​ចាប់ពី​ថ្ងៃ​ទី​២ មីនា តទៅ ៕