ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ម្ទេសខ្មាំង និង​ថៃ​មិន​បាន​ក្តៅ​សាច់​ក្នុង​ព្រឹត្តិការណ៍​ប្ល៊េ​ក​ខេត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​១ មីនា កីឡាករ​ជើង​ខ្លាំង​២​រូប​បាន​ប៉ះ​ប្រកួត​ជា មួយ​កីឡាករ​ថៃ នៅ​ក្នុង​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​ប្ល៊េ​ក​ខេត​» របស់​ស្រា​បៀរ​ប្ល៊េ​ក​ខេត

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​១ មីនា កីឡាករ​ជើង​ខ្លាំង​២​រូប​បាន​ប៉ះ​ប្រកួត​ជា មួយ​កីឡាករ​ថៃ នៅ​ក្នុង​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​ប្ល៊េ​ក​ខេត​» របស់​ស្រា​បៀរ​ប្ល៊េ​ក​ខេត ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ កីឡាករ​អុ​៊​ង វី​រៈ ត្រូវ​គេ​ផ្លាស់​ប្តូរ​ចេញ ខណៈ​ដែល ពេជ្រ ម្ទេសខ្មាំង និង​គូប្រកួត​ជា​ជនជាតិ​ថៃ ដែល​មិន​បាន​ក្តៅ​សាច់​ដាក់​គ្នា​ផង​នោះ ក៏​លេចឡើង​នូវ​លទ្ធផល​ចាញ់​ឈ្នះ​ដោយ​គ្មាន​ការ​ព្រាង​ទុក ។

ចាត់ទុកជា​រឿង​ភ្ញាក់ផ្អើល​ដែល​គូប្រកួត​អន្តរជាតិ​ទី​១ សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ បែរជា​អាច​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា ពេជ្រ ម្ទេសខ្មាំង ទទួល​បាន​ជ័យជម្នះ​លើ​គូប្រកួត​ស្រួល​ដូច​បក​ចេក​ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ស្រាប់តែ​ចុះចាញ់​នៅ​ពេល​ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​មិន​បាន​ពាក់កណ្តាល​ទឹក​ទី​១ ផង ។ កីឡាករ Phai Mai Khit ត្រូវ​គេ​អះអាង​ថា ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​មុន​ពេល​មក​ប្រកួត បុ​៉​ន្តែ​សភាព​ជាក់ស្តែង​នៃ​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​មិន​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​អ្វី​ទាល់តែ​សោះ ។ ការ​ប្រកួត​ទើបតែ​ប្រព្រឹត្ត​ទៅ​ដោយ​ខ្លី​បំផុត ស្រាប់តែ​កីឡាករ​ថៃ​សម្រេចចិត្ត​បោះបង់ ដែល​ធ្វើ​ឱ្យ​មើលឃើញ​ថា ភាគី​បង្គោល​ខៀវ​ខ្វះ​សមត្ថភាព​ក្នុង​ការ​តតាំង ។ រីឯ ពេជ្រ ម្ទេសខ្មាំង ដែល​មាន​ជំហរ​ត្រូវការ​ឈ្នះ​តាំងពី​មុន​ការ​ប្រកួត បាន​សម្រុក​តាំងពី​វិនាទី​បើក​ឆាក​ដើម្បី​វាយ​សម្លុត​គូប្រកួត​នោះ ។

Phai Mai Khit ត្រូវ​គេ​អះអាង​ថា ធ្លាប់​ប្រកួត​បាន​៤៦​លើក ឈ្នះ​៣៦​លើក ចាញ់​៧​លើក និង​ស្មើ​៣​លើក ខណៈ​ដែល​កីឡាករ​កម្ពុជា ពេជ្រ ម្ទេសខ្មាំង ធ្លាប់​ប្រកួត​បាន​៤៩​លើក ឈ្នះ​៤៣​លើក ចាញ់​៤​លើក និង​ស្មើ​២​លើក គឺជា​តួលេខ​មាន​ប្រៀប​លើ​គូប្រកួត​ស្រេច​ទៅ​ហើយ​។ ក្រុម​អ្នក​ទស្សនា​សង្ស័យ​ថា កីឡាករ Phai Mai Khit មិនសូវ​ពូកែ​ស្នៀត ទើប​ភ្លាត់​ឱ្យ ពេជ្រ ម្ទេសខ្មាំង ម៉ាត់​ផង និង​អុក​ត្រូវ​ពេញទំហឹង​ចំ​ចុងដង្ហើម​បណ្តាល​ឱ្យ​ប្រកាច់​លើ​សង្វៀន​រហូត​រាប់​ដល់​១០ ។

ឆ្លើយ​តប​នឹង​ការ​យល់​ឃើញ​នេះ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​អះអាង​ថា កីឡាករ​ខ្លួន​កើត​មាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​ចាញ់​ចំណីអាហារ​នៅ​កម្ពុជា ព្រោះ​ការ​ជិះ​រថយន្ត​ផ្លូវ​ឆ្ងាយ​តាំងពី​ក្រុង​បាងកក​មក ។ គាប់​ជួន​ជា​លោក​មើលឃើញ​កម្រិត​ខ្លាំងក្លា​របស់​ដៃគូ ទើប​សុខចិត្ត​មិន​បន្ត​ការ​ប្រកួត​នៅ​ពេល​ត្រូវ​បុ​៉​ន្មា​ន​ដៃ និង​អុក​មួយ​ជង្គង់​ចំ​ចុងដង្ហើម ។ រីឯ​អ្នក​ទស្សនា​មើលឃើញ​ថា កីឡាករ​ថៃ​រូប​នេះ​ខ្ជិល​ប្រកួត ទើប​សម្រេចចិត្ត​បោះបង់​ថែម​ទាំង​ធ្វើ​ឱ្យ​កើត​មាន​សម្រែក​សើចចំអក​ក្នុង​ពេល​កីឡាករ​ថៃ​ចុះ​ពីលើ​រេញ ។

គូ​អន្តរជាតិ​ទី​២ នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​ស្រា​បៀរ​ប្ល៊េ​ក​ខេត​នេះ កីឡាករ​អុ​៊​ង វី​រៈ ដែល​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ Phai Mai Khit មិន​បាន​ប្រកួត​ដូច​ការ​គ្រោងទុក​ទេ ដោយ​ត្រូវ​ប្តូរ​ដាក់​កីឡាករ​លួ​ន សុខ​ខេ​ង ដែល​ជា​កីឡាករ​ជើង​ខ្លាំង​បាត់​មុខ​មួយ​រយៈ​ធំ​មក​ជំនួស​វិញ ។ ហេតុផល​នៃ​ការ​ដោះ​ដូរ​ត្រូវ​គេ​អះអាង​ថា ដោយសារ​តែ​កម្ពស់​ជាក់ស្តែង​របស់​កីឡាករ Phai Mai Khit មិន​ស៊ី​នឹង អុ​៊​ង វី​រៈ ដែល​ទាមទារ​ឱ្យ​ប្តូរ​ដាក់ លួ​ន សុខ​ខេ​ង ជំនួស​វិញ ។

ជំនួស​មុខ​ឱ្យ​មិត្ត​រួម​ក្រុម កីឡាករ​លួ​ន សុខ​ខេ​ង មិន​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ទេ ដោយ​ប្រឹង​បង្កើន​សន្ទុះ​វាយ​សម្រុក​ទៅ​កាន់​គូប្រកួត ធ្វើ​ឱ្យ​កម្មវិធី «​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​ប្ល៊េ​ក​ខេត​» កក្រើក និង​មាន​សំឡេង​ហ៊ោកញ្ជ្រៀវ ។ ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​រូប​ធ្វើ​ឱ្យ​ការ​ប្រដាល់​ប្ល៊េ​ក​ខេត​មានការ​គាំទ្រ​រហូត​ដល់​ជិត​ពាក់កណ្តាល​អធ្រាត្រ មុន​នឹង​រក​ឃើញ​លទ្ធផល​ចាញ់​ឈ្នះ ។ កីឡាករ Phai Mai Khit ជា​ជើង​ខ្លាំង​មាន​ស្នៀត​មុត​ស្រួច បុ​៉​ន្តែ​កីឡាករ​រូប​នេះ​បាន​ត្រឹមតែ​ស្ទុះស្ទា​ដល់​ទឹក​ទី​៤ បុ​៉​ណ្ណោះ ក៏​សម្រេច​បោះបង់​ការ​ប្រកួត​ដូច​មិត្ត​រួម​ក្រុម បើ​ទោះជា​គេច​ផុត​មិន​បាន​ប្រកួត​ជាមួយ អុ​៊​ង វី​រៈ ដែល​មាន​ប្រៀប​ឈ្នះ​ដាច់​រួច​ជា​ស្រេច​នោះ​ក៏​ដោយ ។

លួ​ន សុខ​ខេ​ង ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ឡើយ បន្ទាប់​ពី​អាច​យកឈ្នះ​កីឡាករ​ថៃ​ក្នុង​ទឹក​ទី​៤ ក្នុង​ពេល​ដែល​រូបគេ​ក៏​មិន​បាន​ត្រៀមខ្លួន​ខ្លាំងក្លា ព្រោះ​ជា​តួ​ជំនួស​បែប​នេះ ។ អុ​ី​ចឹ​ង​ហើយ​ទើប​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្រា​បៀរ​ប្ល៊េ​ក​ខេត​នា​រាត្រី​នោះ គឺ​កីឡាករ​កម្ពុជា​ឈ្នះ​ថៃ​ទាំង​ពីរ​គូ ខណៈ​ដែល​មួយគូ​ឈ្នះ​ដោយ​ថៃ​ខ្វះ​ឆន្ទៈ​តស៊ូ និង​មួយគូ​ទៀត​ឈ្នះ​ដោយ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​អស់​សមត្ថភាព​តតាំង ។

នៅ​ថ្ងៃអាទិត្យ​នោះ ក៏​មានការ​ប្រកួត​ជា​អន្តរជាតិ​មួយ​ព្រឹត្តិការណ៍​ទៀត​ដែរ​សម្រាប់​សង្វៀន​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ គឺ​ការ​ប្រដាល់​ពេល​ព្រឹក តែ​ការ​ប្រកួត​នេះ កីឡាករ​កម្ពុជា​ឈ្នះ​តែ​មួយគូ​បុ​៉​ណ្ណោះ​ក្នុង​ចំណោម​៣​គូ ។ កីឡាករ​ម៉​ន សា​ម៉េ​ត ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​បាន​ត្រឹមតែ​ទឹក​ទី​៣​បុ​៉​ណ្ណោះ ក៏​ត្រូវ​កីឡាករ​ថៃ​ឈ្មោះ Kheang Kit វាយ​ឱ្យ​សន្លប់ ។ មិន​ខុស​គ្នា​ដែរ កីឡាករ​ផ​ន ផល្លា ដែល​ជា​ជើង​ខ្លាំង​មួយ​រូប ក៏​ត្រូវ​កីឡាករ​ថៃ​ឈ្មោះ Noung Ou វាយ​ឡើង​ទ្រម​ខ្លួន​ពេញ​រយៈពេល​៥​ទឹក​ផង​ដែរ ។ គូ​នេះ កីឡាករ​កម្ពុជា​ចាញ់​ពិន្ទុ​ដាច់​តែ​ម្តង ដោយសារ​តែ​ថៃ​មាន​កម្រិត​វាយលុក​ល្អ​ជាង​តាំងពី​ទឹក​ទី​១ ។ និយាយ​រួម​មាន​តែ​កីឡាករ​អ៊ុំ ចំរើន ម្នាក់​បុ​៉​ណ្ណោះ​ដែល​បាន​បំបាក់​ជើង​ខ្លាំង​របស់​ថៃ​គឺ Keang Dealek ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២​វិញ ជា​ការ​សងសឹក និង​លើកមុខ​មាត់​ឱ្យ​មិត្ត​រួម​ក្រុម​ទាំង​២​ខាងលើ​ដែល​ទទួល​បរាជ័យ ៕