ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​សម្លា.ប់​មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ី​លោកពូ​ទី​ន​សន្យា​ធ្វើ​អ្វី​គ្រប់​យ៉ាង​ចាប់​ពួក​ឃាតករ​មក​កាត់ទោស

9 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ៉្លា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ សន្យា​ថា នឹង​ធ្វើ​អ្វី​គ្រប់​យ៉ា​ង​ដើម្បី​ដាក់ទោស​ពួក​ឃាតករ​បា.ញ់​សម្លា.ប់​មេដឹកនាំ​ប្រឆាំង​លោក បូ​រី​ស ណេ​ម​សូវ ដែល​ការ​ធ្វើឃាត​នោះ​

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ៉្លា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ សន្យា​ថា នឹង​ធ្វើ​អ្វី​គ្រប់​យ៉ា​ង​ដើម្បី​ដាក់ទោស​ពួក​ឃាតករ​បាញ់​សម្លាប់​មេដឹកនាំ​ប្រឆាំង​លោក បូ​រី​ស ណេ​ម​សូវ ដែល​ការ​ធ្វើឃាត​នោះ​នាំ​ឱ្យ​បណ្តា​មេដឹកនាំ​លោក​ខាងលិច និង​ពួក​ប្រឆាំង​រុ​ស្ស៊ី សម្តែង​ការ​ក្តុកក្តួល ចំណែក​បណ្តា​សម្ព័ន្ធមិត្ត​របស់​វិមាន​ត្រឹម​ច្បាំង​បរិហារ​ការ​ធ្វើឃាត​នេះ​ថា ជា​ការ​បង្កហេតុ​មួយ​សំដៅ​ធ្វើ​ឱ្យ​ប្រទេស​មាន​អ​ស្ថិរភាព ។

ក្នុង​សារ​ចូលរួម​មរណទុក្ខ​មួយ​ផ្ញើ​ជូន​ម្តាយ​លោក​ណេ​ម​សូវ លោកពូ​ទី​ន អះអាង​ថា អ្វី​គ្រប់​យ៉ាង​នឹង​ត្រូវធ្វើ​ដើម្បី​វែកមុខ​ពួក​អ្នក​រៀបចំ និង​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដ៏​កំសាក​នេះ​ឱ្យ​ទទួលទោស​សម​នឹង​អំពើ​របស់​ពួក​គេ ។

ពេល​ដែល​ប៉ូលិស​កំពុង​តាម​រក​ពួក​ឃាតករ មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​ដាក់​ផ្កា និង​បាច់ផ្កា​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​លើ​ស្ពាន​មួយ ស្ថិត​នៅ​ក្បែរ​របង​វិមាន​ក្រឹម​ឡាំង ជា​កន្លែង​ដែល​មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ី អាយុ​៥៥​ឆ្នាំ​រូប​នោះ​ត្រូវ​គេ​បាញ់​សម្លាប់​មុន​នេះ​បន្តិច​នា​ពាក់កណ្តាល​យប់ ពេល​លោក​ដើរ​លេង​ជាមួយ​នារី​វ័យក្មេង​ម្នាក់ ទើប​មក​ពី​អ៊ុយ​ក្រែ​ន ដែល​គេ​អាច​ចាត់​ទុក​ថា​ជា​មិត្ត​ស្រី​របស់​លោក ។

ការ​ដើរ​ហែ​ក្បួន​មួយ​របស់​ពួក​ប្រឆាំង​កាត់​កណ្តាល​ក្រុង​មូ​ស្គូ ជា​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​លោក ណេ​ម សូវ ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ដោយ​ការ​ដើរ​ហែ​ក្បួន​នោះ​ត្រូវធ្វើ​នា​រសៀល​ថ្ងៃ​ទី​១ មីនា ។

យោង​តាម​គណៈកម្មាធិការ​ស៊ើ​ប​អង្កេត​ក្រុង​មូ​ស្គូ​ផ្អែក​លើ​ភស្តុ​តាង​ប្រមូល​បាន​ដំបូង​នានា​ថា ការ​ធ្វើឃាត​លោក បូ​រី​ស ណេ​ម​សូវ អតីត​ឧបនាយករដ្ឋមន្ត្រី​របស់​លោក បូ​រី​ស យែ​ល​ស៊ីន ហើយ​ក្លាយជា​មេដឹកនាំ​ប្រឆាំង​រ៉ាឌី​កាល់ ចំពោះ​លោកពូ​ទី​ន ត្រូវ​បាន​គេ​រៀបចំ​ផែនការ​ទុក​យ៉ា​ង​ល្អិតល្អន់ ។ នា​វេលា​ម៉ោង​២៣​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក រថយន្ត​១​គ្រឿង​បាន​បើក​មក​ក្បែរ​អ្នក​ទាំង​២ ហើយ​មនុស្ស​ម្នាក់​បាន​បាញ់ប្រហារ​ត្រូវ​ខ្នង​លោក ណេ​ម​សូវ ៤​គ្រាប់ បណ្តាល​ឱ្យ​លោក​ស្លាប់​នៅ​នឹង​ក​ន្កែ​ង ។

បណ្តា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​រុ​ស្ស៊ី TVC កាលពី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ដោយ​រូបភាព​ទាំងនោះ យក​ពី​កា​មេ​រ៉ាត្រួតពិនិត្យ​តាំងនៅ​ឆ្ងាយ​ពី​ស្ពាន បង្ហាញ​ពី​ឆាក​នៃ​ការ​ធ្វើឃាត​នោះ ទោះបីជា​រូបភាព​ទាំងនោះ​ពុំ​សូវ​ច្បាស់​ក្តី ។ ក្នុង​ពេល​បាញ់ប្រហារ​គេ​ឃើញ​លោក ណេ​ម​សូវ និង​សង្សារ​ពួន​អែប​ក្បែរ​គ្រឿងចក្រ​ឈូស​ព្រិល  មួយ ។ បន្ទាប់​មក​គេ​ឃើញ​មនុស្ស​ម្នាក់​ដែល​ជា​ឃាតករ​រត់​ទៅ​លើ​ថ្នល់ មុន​ឡើង​លើ​រថយន្ត​មួយ​គ្រឿង​ដែល​នៅ​រង់ចាំ​ជា​ស្រេច​ហើយ​ចាក​ចេញពី​ទីនោះ ។

បណ្តាល​មេដឹកនាំ​លោក​ខាងលិច​ក្នុង​នោះ​រួម​មាន​ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ភ្លាម​ៗ​បាន​ថ្កោលទោស​ការ​បាញ់​សម្លាប់​មេដឹកនាំ​ប្រឆាំង​រូប​នេះ​យ៉ាង​សាហាវព្រៃផ្សៃ ហើយ​អំពាវនាវ​ឱ្យ​មានការ​សើ​ុ​ប​អង្កេត​ដ៏​មាន​ប្រសិទ្ធភាព​មួយ ។

ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆេ​ន​កូ វិញ បញ្ចេញ​ប្រតិកម្ម​ថា លោក បូ​រី​ស ណេ​ម​សូវ ជា​ស្ពាន​មួយ​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី ហើយ​ស្ពាន​នោះ​ត្រូវ​បាន​បំផ្លាញ​ដោយ​គ្រាប់កាំភ្លើង​របស់​ឃាតករ​ម្នាក់ ។ ខ្ញុំ​គិត​ថា​នោះ​ពុំ​មែន​ជា​រឿង​ចៃដន្យ​មួយ​ឡើយ ។

ប៉ុន្មាន​ម៉ោង​មុន​ត្រូវ​គេ​សម្លាប់​លោក ណេ​ម​សូវ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រុ​ស្ស៊ី តាម​វិទ្យុ​ក្រុង​មូ​ស្គូ ឱ្យ​នាំ​គ្នា​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ទី​១ មីនា នៅ​ក្រុង​មូ​ស្គូ ប្រឆាំង​ការ​ឈ្លានពាន​របស់​លោកពូ​ទី​ន នៅ​អ៊ុ​យ​ក្រែ​ន ។ បាតុកម្ម​នោះ​ត្រូវ​បាន​លុប​ចោល​វិញ ប្រែ​ក្លាយទៅជា​ការ​ដើរ​ក្បួន​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​របស់​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ទៅ​វិញ ។

ចំពោះ​បណ្តា​មនុស្ស​ជំនិត​នៃ​វិមាន​ក្រឹម​ឡាំង​និយាយ​ថា ការ​ធ្វើឃាត​នេះ​មាន​លក្ខណៈ​បង្កហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថិរភាព​របស់​រុ​ស្ស៊ី ។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ និយាយ​ថា លោក ពូ​ទី​ន ចាត់​ទុក​ការ​ធ្វើឃាត​នោះ​ថា​ជា​អំពើ​ដ៏​សាហាវ ដោយ​មាន​អ្នកបញ្ជា​នៅ​ពីក្រោយ​ក្នុង​គោលបំណង​ធ្វើការ​បង្កហេតុ ។

ប្រមុខ​គណបក្ស​កុំ​មុ​យ​នី​ស្ត​រុ​ស្ស៊ី លោក​ហ្គេ​ន​ណា​ឌី ហ្ស៊ី​អ៊ូ​ហ្គា​ណូ​វ ធ្វើ​អត្ថាធិប្បាយ​ថា ពិត​ណាស់​គេ​ធ្វើ​ឱ្យ​មាន​ឈាម​ហូរ​ដើម្បី​ឱ្យ​ផ្ទុះ​ចលាចល​នៅ​កណ្តាល​ក្រុង​មូ​ស្គូ ។ អ្នក​ទទួលខុសត្រូវ​ម្នាក់​ទៀត​នៃ​គណបក្ស​នេះ លោក អីុ​វ៉ា​ន មែ​ល​នី​សូវ យល់​ថា នោះ​ជា​ការ​បង្កហេតុ​សំដៅ​បង្កើត​ភាព​ស្អប់ខ្ពើម​ប្រឆាំង​រុ​ស្ស៊ី​នៅ​ឯ​បរទេស ។

អតីតជន​លេខ​មួយ​សហភាព​សូ​វៀត លោក​មី​ខា​អីុល​ហ្គ័​រ បា​ឆូវ និយាយ​ថា ការ​ស្លាប់​របស់​លោក​ណេ​ម​សូវ នាំ​ឱ្យ​មានការ​បារម្ភ​ថា​ពួក​ឃាតករ​ពុំ​អាច​ចាប់​បាន ។ លោក​គូសបញ្ជាក់​ថា គេ​ត្រូវ​តាម​រក​ពួក​ឃាតករ ប៉ុន្តែ​រឿង​ឧក្រិដ្ឋ​ប្រភេទ​នេះ​ជួនកាល​វា​ពិបាក​វែកមុខ​ណាស់ ៕