ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុន ឈុ​ន​ហេង និង​ឡៅ ច​ន្ទ្រា សុទ្ធតែ​បាក់មុខ​ក្រោម​ដៃ​កីឡាករ​ថៃ​ដូច​គ្នា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អប្សរា ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ណា​ហ្គា​វើ​ល​រៀង​រាល់​មួយ​ខែ​ម្តងនោះ គឺ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អប្សរា ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ណា​ហ្គា​វើ​ល​រៀង​រាល់​មួយ​ខែ​ម្តងនោះ គឺ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ដែល​និយម​ទស្សនាការ​ប្រកួត​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ជា​ពិសេស​ឈុត​ឆាក​នៃ​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​តែ​ម្តង ។ ក្នុង​ការ​ប្រកួត​កន្លង​មក កីឡាករ​កម្ពុជា​កម្រ​ចាញ់​ណាស់ ប៉ុ​ន្តែ​សម្រាប់​ការ​ប្រកួត​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៨ កុម្ភៈ កន្លង​មកនេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប​បាន​ចាញ់​បាក់មុខ​នៅ​លើ​សង្វៀន​ក្រោម​ដៃ​កីឡាករ​ថៃ​ទាំង​២​នាក់​តែ​ម្តង ។

ហ៊ុន ឈុ​ន​ហេង មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ត្រូវ​កីឡាករ​ថៃ Dav Saiyam Kietkamphon ទាត់​ត្រូវ​កញ្ចឹងក​មួយ​ជើង​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​សន្លប់​ក្រោក​លែង​រួច​នៅ​ត្រឹម​ទឹក​ទី​៣ ។ ចំណែក ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ ត្រូវ​កីឡាករ​ថៃ Back Jo Kietkamphon ម៉ាត់​ចូល​មុខជា​ច្រើន​ដៃ​បណ្តាល​ឱ្យ​សន្លប់​ស្តូក​នៅ​ត្រឹម​ទឹក​ទី​១ បុ​៉​ណ្ណោះ ។ ការ​បរាជ័យ​របស់​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​គ្រូបង្វឹក​បាក់មុខ​បុ​៉​ណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កម្ពុជា​ភាគច្រើន​មានការ​ស្រងាកចិត្ត​យ៉ាង​ខ្លាំង ព្រោះតែ​ពួក​គេ​ទាំង​២​នាក់​សុទ្ធតែ​ជា​ជើង​ខ្លាំង​គួរ​ឱ្យ​ទុកចិត្ត​បំផុត បែរជា​មក​សន្លប់​ក្រោម​កណ្តាប់ដៃ​កីឡាករ​ថៃ​យ៉ាង​ងាយ​បែប​នេះ​ទៅ​វិញ ។

រីឯ​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​គ្នា​ឯង​វិញ កីឡាករ​បាង កា​យ៉ាក មក​ពី​ក្លិប​អប្សរា​ក្បាច់គុន​ខ្មែរ បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ហ៊ុ​ល ដា​រ៉ា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ​កំពែង ខ្មៅ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ឡុ​ង បញ្ញា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ​ផល ប្រុស​ខួច មក​ពី​ក្លិប​គិរីវង់​សុខ​សែន​ជ័យ បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​អឿ​ន សាវ​លិញ មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង និង​កីឡាករ​ធី សំណាង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ក៏​បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ផល ខ្ទឹម មក​ពី​ក្លិប​គិរីវង់​សុខ​សែន​ជ័យ​ដូច​គ្នា​ដែរ ៕