ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរ រាជសីហ៍ និង​ផុ​ន ផា​ន់​ណា បង្កើន​សន្ទុះ​លើ​សង្វៀន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ K-Cement កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៥ កីឡាករ​២​រូប គឺ​សរ រាជសីហ៍ និង​កីឡាករ​ផុ​ន ផា​ន់​ណា បាន​ក្លាយជា​គូ​ឯក​ទទួល

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ K-Cement កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៥ កីឡាករ​២​រូប គឺ​សរ រាជសីហ៍ និង​កីឡាករ​ផុ​ន ផា​ន់​ណា បាន​ក្លាយជា​គូ​ឯក​ទទួល​ការ​ចាប់អារម្មណ៍​គួរ​ឲ្យ​កត់សម្គាល់​។ ក្នុង​តំណែង​ជា​គូ​ឯក អ្នក​ទាំង​ពីរ​បង្កើន​សន្ទុះ​បាន​យ៉ាង​ប្រសើរ​នៅ​លើ​សង្វៀន​ប្រកួត ។

នេះ​ជា​ការ​ឡើង​ប្រកួត​ប៉ះ​គ្នា​ដ៏​កម្រ​ចាប់តាំងពី​កីឡាករ​ទាំង​ពីរ​បាន​ក្លាយជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន​ប្រដាល់ ។ យ៉ាងណា​ក៏​ដោយ កីឡាករ​បង្គោល​ក្រហម​ផុ​ន ផា​ន់​ណា ក៏​បាន​សារភាព​ដោយ​ត្រង់​ថា មិន​បាន​វាយលុក​ទៅ​លើ​គូប្រកួត​បាន​អស់ពី​សមត្ថភាព​នោះ​ផង​ដែរ បើ​ទោះជា​ក្នុង​ការ​ប្រកួត​ក៏​បាន​តតាំង​គ្នា​ពេញ​រយៈពេល​៥​ទឹក ។ នោះ​បណ្ដាល​មក​ពី​ផុ​ន ផា​ន់​ណា ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កីឡាករ​ដែល​មាន​ស្នាដៃ និង​មាន​កម្រិត​កម្រ​បរាជ័យ​ជាមួយ​គូប្រកួត​បែរជា​ធ្លាក់ដៃ​បណ្ដោយ​ឲ្យ​ចាញ់​កីឡាករ​សរ រាជសីហ៍ នៅ​វគ្គ​ចុង​ក្រោយ ។ ជ័យជម្នះ​បង្គោល​ខៀវ​បាន​រុញ​ឲ្យ​ក្រេ​ឌី​ត​ក្នុង​ចំណោម​អ្នក​ទស្សនា​ភាគច្រើន​ឈាន​ឡើង​មួយ​កម្រិត ខណៈ​ដែល​មុន​ការ​ប្រកួត​មិន​មាន​អ្នកគាំទ្រ​ច្រើន​ណាស់ណា​ទាល់តែ​សោះ​ថា ផុ​ន ផា​ន់​ណា នឹង​ចាញ់​ការ​ប្រកួត ។ ពេញការ​ប្រកួត​៤​ទឹក​ដំបូង​ម្នាក់​ៗ​សុទ្ធតែ​បញ្ចេញស្នាដៃ​ដាក់​គ្នា​បាន​ល្អ និង​ធ្វើ​ឲ្យ​ការ​ប្រកួត​ទទួល​បានការ​ចាប់អារម្មណ៍​មិនធម្មតា បើ​ធៀប​នឹង​វត្តមាន​គូប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ជុំ​ទី​៣ របស់​កីឡាករ​ទាំង​៨ ។ គូ​នេះ​នឹង​ត្រូវ​បើក​ឆាក​សងសឹក​គ្នា​ជា​ថ្មី​ម្ដងទៀត ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា នឹង​កើតឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ណាមួយ​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​ទេ ដោយសារ​តែ​ស្ថាប័ន​មួយ​នេះ​មានការ​ប្រកួត​ច្រើន​សង្វៀន ។ កីឡាករ​ផុ​ន ផា​ន់​ណា​បាន​អះអាង​ថា ខ្លួន​ប្រកួត​មិន​ទាន់​អស់ដៃ​នោះ​ឡើយ​ដោយសារ​តែ​មាន​បញ្ហា​សម្រាក​មិន​គ្រប់គ្រាន់​នៅ​មុន​ការ​ប្រកួត​ចាប់ផ្ដើម ។ អ​ញ្ចឹ​ង​ហើយ​ទើប​លោក​សម្ដែង​ការ​ពេញចិត្ត​នៅ​ពេល​មានការ​ប្រកាស​ថា នឹង​រៀប​ឲ្យ​សងសឹក​ជាមួយ សរ រាជសីហ៍ ក្នុង​ពេល​ខាង​មុខ ។ ជា​លទ្ធផល​អ្នក​ទាំង​ពីរ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ដូច​គ្នា ដោយ​មិន​គិត​ពី​រឿង​ឈ្នះ​ចាញ់​ដែល​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​សៅរ៍​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ ។ មិនយូរ​ប៉ុន្មាន ឱកាស​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​នឹង​ធ្លាក់​ចូល​ដៃ​មិនយូរ​មិនឆាប់​បន្ទាប់​ពី​ធ្វើ​ឲ្យ​បែក​ផ្កាភ្លើង​ក្នុង​តំណែង​ជា​គូ​ឯក​លើក​នេះ ។

ងាក​មក​កាន់ការ​ប្រកួត​របស់​កីឡាករ​៨​រូប​ដែល​មានមុខ​បើក​ឆាកប្រយុទ្ធ​សន្សំ​ពិន្ទុ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​នោះ​វិញ ក៏​បាន​ទទួល​ការ​ចាប់អារម្មណ៍​មិនធម្មតា បន្ទាប់​ពី​កីឡាករ​ដែល​ឈ្នះ​ក្នុង​ជុំ​ទី​៣ ក៏​ទទួល​បាន​ពិន្ទុ​កាន់តែ​ខ្ពស់ ឯ​អ្នក​ចាញ់​ត្រូវ​គេ​មើលឃើញ​ថា ទំនងជា​ត្រូវ​បង្កើន​សន្ទុះ​ខ្លាំង​ជាង​នេះ ដើម្បី​មុខមាត់ ។ សម្រាប់​ការ​ប្រកួត​គូ​ទី​១ កីឡាករ​មាស ច័ន្ទ​មាន ឬ សា​រឹម ង៉ា ដណ្ដើម​បាន​៣​ពិន្ទុ​ជា​លើក​ទី​៣ បន្ទាប់​ពី​ការ​ប្រកួត​ក្នុង​ជុំ​ទី​១ និង​ទី​២ ទទួល​បាន​៦​ពិន្ទុ​នាំមុខ​គេ​រួច​ទៅ​ហើយ​។ លោក​យកឈ្នះ​កីឡាករ​ឱម សំរេច ដែល​ក្នុង​ការ​ប្រកួត​៣​លើក គឺ​បាន​ត្រឹមតែ​ឈ្នះ​១​ចាញ់​២ ស្មើនឹង​៥​ពិន្ទុ ។ គូ​នេះ​ប្រកួត​គ្នា​៥​ទឹក​ពេញ ដោយ​មាន​ន័យ​ថា ក្នុង​ចំណោម​កីឡាករ​ដែល មាស ច័ន្ទ​មាន បាន​ប៉ះ​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ មាន​តែ ឱម សម្រេច ម្នាក់​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព​តតាំង​ជាមួយ​ដល់​ពេញ​៥​ទឹក និង​បាន​ធ្វើ​ឲ្យ​កីឡាករ​ចាស់វស្សា​រូប​នេះ​ឈ្នះ​ទាំង​លំបាក​។ ងាក​មក​ការ​ប្រកួត​គូ​ទី​២ កីឡាករ​ថុ​ល មក​រា បាន​ឈ្នះ​កីឡាករ​ណា​ម ម៉ូ​រ៉ា​ក់ ក្នុង​ទឹក​ទី​១ ហើយ​ទទួល​បាន​៥​ពិន្ទុ​យ៉ាង​ងាយ​បំផុត ស្មើ​ពិន្ទុ​កីឡាករ​ឱម សម្រេច ។ នេះ​ជា​ជ័យជម្នះ​លើក​ទី​២ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៣​ជុំ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​K- Cement ។ ថុ​ល មក​រា មាន​៧​ពិន្ទុ​ក្នុង​ដៃ ដែល​នេះ​គឺជា​ពិន្ទុ​ប្រកិត​ៗ​នឹង​កីឡាករ​មាស ច័ន្ទ​មាន ដែល​ច្បាស់​ណាស់​ថា គឺ​មិន​ពិបាក​សម្រាប់​ការ​ប្រដេញ​ពិន្ទុ​ជាមួយ​អ្នកមាន​ពិន្ទុ​នាំមុខ​នោះ​ឡើយ ។ គូ​បន្ទាប់​កីឡាករ​សូត្រ ប៊ុ​ន​ធី បាន​ឈ្នះ​ជា​លើក​ទី​៣ លើ​កីឡាករ​កីឡាករ​ជ័យ ប៊ុ​ន​សង់ ត្រឹមតែ​ប្រើ​រយៈពេល​៣​ទឹក​ប៉ុណ្ណោះ​។ លោក​ក្ដោប​បាន​៩​ពិន្ទុ​ស្មើនឹង​កីឡាករ​មាស ច័ន្ទ​មាន ក្នុង​ចំណោម​កីឡាករ​៨​រូប​ដែល​មាន​ពិន្ទុ​កំពូល ។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា អ្នកមាន​ពិន្ទុ​៩​ក្នុង​ដៃ ជិះសេះ​លែងដៃ​នោះ​ឡើយ​ក្នុង​ពេល​ដែល​អ្នកមាន​៧​ពិន្ទុ គឺ​មាន​ដល់​ទៅ​២​រូប​ហើយ​ក៏​មាន​សមត្ថភាព​មិនធម្មតា​សម្រាប់​ឱកាស​ប៉ែង​ជើង​យកឈ្នះ ។ ឆ្លងកាត់​វគ្គ​នេះ​ម្នាក់​ៗ​នៅ​សល់​៤​ប្រកួត​ទៀត​ទើប​កាន់តែ​ធ្វើ​ឲ្យ​អ្នកមាន​ពិន្ទុ​ខ្ពស់​កាន់តែ​ប្រយ័ត្ន ឯ​អ្នកមាន​ពិន្ទុ​ក្នុង​លំដាប់​បន្ទាប់ ក៏​រឹតតែ​ត្រូវ​បង្កើន​ល្បឿន ។ អ្នកមាន​ពិន្ទុ​ទាប ក៏​នឹង​អាច​កែប្រែ​ការ​បរាជ័យ​បាន​ដែរ ប្រសិនបើ​អាច​ឈ្នះ​ទាំង​៤​ប្រកួត​ចុង​ក្រោយ បើ​ទោះ​នោះ​នឹង​ពិបាកទៅ​រួច ព្រោះតែ​អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់ ក៏​កាន់តែ​ពង្រឹង​កម្រិត​បច្ចេកទេស​ដូច​គ្នា ។ គូ​ទី​៤ ចុង​ក្រោយ​កីឡាករ​ឃី​ម បូ​រ៉ា ដែល​រង​ការ​រិះគន់​ថា​វាយ​ធ្លាក់ដៃ និង​កន្លង​មក​មិន​ព្រម​បើក​ឆាក​ស៊ី​ផុយ​លើ​គូប្រកួត​នោះ​ហាក់​ស្រូត​យកឈ្នះ​ខុស​ពី​មុន ដោយសារ​តែ​បាន​ផ្ដួល​កីឡាករ​លាស់ យី​ន ឲ្យ​សន្លប់​ទឹក​ទី​១ ។ ឃី​ម បូ​រ៉ា មាន​ពិន្ទុ​៧ មិន​អន់​ជាង​អ្នកមាន​៩​ពិន្ទុ​ដាច់​ឆ្ងាយ​នោះ​ទេ ទើប​ការ​ប្រកួត​សន្សំ​ពិន្ទុ​នៅ​វគ្គ​ក្រោយ​ៗ​នឹង​ក្លាយជា​សង្វៀន​កាន់តែ​តានតឹង​បំផុត​សម្រាប់​អ្នកមាន​ពិន្ទុ​៩ និង​ពិន្ទុ​៧ ទាំង​៤​រូប ៕