ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង « ល្បុក្កតោ​ចម្លែក » ចំណាយ​ប្រាក់​ផលិត​13​ម៉ឺន​ដុល្លារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាមួយ​ទុន​ជាង​១៣​ម៉ឺន​ដុល្លារ​ដើម្បី​លើកកម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ និង​តម្លៃ​ដ៏​វិសេស​នៃ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ផលិតកម្ម Z Entertaiment បាន​រួម​សហការ​គ្នា​ជាមួយ​ក្រុមការងារ

រាជធានី​ភ្នំពេញ ៖ ជាមួយ​ទុន​ជាង​១៣​ម៉ឺន​ដុល្លារ​ដើម្បី​លើកកម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ និង​តម្លៃ​ដ៏​វិសេស​នៃ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ផលិតកម្ម Z Entertaiment បាន​រួម​សហការ​គ្នា​ជាមួយ​ក្រុមការងារ និង​តារា​សម្តែង​ផលិត​ខ្សែភាពយន្ត​បុរាណ​មាន​ចំណងជើង​ថា «​ល្បុក្កតោ​ចម្លែក​»​។ ផលិតកម្ម​នេះ​រៀបចំ​ពិធី​សែន​ក្រុង​ពលី​ដំណើរការ​ថត​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០១៥ នៅ​តំបន់​ភ្នំ​បាសិត ដែល​ជាទី​តាំង​ថត​រឿង «​ល្បុក្កតោ​ចម្លែក​» ។

លោក​លៀង ខេ​ង​ហេង ចាងហ្វាង​ផលិតកម្ម Z Entertaiment បាន​ថ្លែង​ថា «​រឿង​ល្បុក្កតោ​ចម្លែក​» ជា​ប្រភេទ​រឿង​វាយតប់​បែប​ក្បាច់គុន​បុរាណ​ខ្មែរ ។ រឿង​នេះ​ចំណាយពេល​ថត​ជាង​៣​ខែ និង​ចំណាយ​ដើមទុន​១៣​ម៉ឺន​ដុល្លារ ឬ​អាច​លើស​នេះ​តាម​សភាព​ជាក់ស្តែង ។ ចំណុច​សំខាន់​ដែល​មិន​ផលិត​រឿង​ស្នេហា រឿង​ខ្មោច​បិសាច​និង​យក​កីឡាករ​ប្រដាល់ ល្បី​ៗ​មក​សម្តែង ព្រោះ​ចង់បាន​រសជាតិ​ប្លែក​ជាង​រឿង​ដែល​គេ​ធ្វើ​កន្លង​មក ដដែល​ៗ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​។ ចំណុច​ប្លែក​មិន​ប្រើ​ក្បាច់គុន​ទំនើប​ទាន់សម័យ តែ​ប្រើ​ក្បាច់គុន​បុរាណ ដែល​ជា​ប្រភេទ​ការ​វាយតប់​លំបាក​ខ្លាំង​សម្រាប់​តារា​សម្តែង​ដែល​ត្រូវ​តែ​ធ្វើ​ឱ្យ​ទាល់តែ​បាន ។

បច្ចេកទេស​នៃ​ការ​ផលិត​រឿង​ក្បាច់គុន​វាយតប់​នេះ មិន​អាច​យក​ទៅ​ប្រៀបផ្ទឹម​ជាមួយ​រឿង​បរទេស​បាន​ទេ តែ​សម្រាប់​ខ្មែរ​យើង​នៅ​ក្នុងស្រុក​គឺ​ក្បាច់ ល្បុក្កតោ​​ពិតជា​ទាក់ទាញ​មហាជន ខណៈ​តួ​សម្តែង​សុទ្ធតែ​ជា​អ្នកចេះ​ក្បាច់គុន និង​មានបទពិសោធន៍ ។ គុណភាព​ដែល​ផលិត​សង្ឃឹម​ខ្ពស់​ថា ទស្ស​និក​ជន​អាច​ទទួលយក​បាន​ព្រោះ​ប្លែក ថ្មី​ដែល​គេ​មិន​ទាន់​រក​ឃើញ​។ តួ​សម្តែង​ដែល​ជា​អ្នក​ប្រដាល់​ភាគច្រើន បានឱ្យ​ហ្វឹកហាត់​រយៈពេល​២​ខែ​មុន​នឹង​ថត ។ ចំពោះ​រយៈពេល​ថត​៣​ខែ​អាច​គ្រប់គ្រាន់ ឬ​លើស​តិចតួច​ដែល​ភាគច្រើន​ថត​នៅ​តំបន់​ភ្នំ​បាសិត ។ ចំពោះ​តម្លៃ​ខ្លួន​សិល្បករ គឺ​ផលិតកម្ម​បាន​ជូន​សមរម្យ ។
កីឡាករ វ៉​ន វី​វា ជា​តួអង្គ​សំខាន់​ក្នុង​រឿង «​ល្បុក្កតោ​ចម្លែក​» ឱ្យ​ដឹង​ថា តួ​សម្តែង​វាយ​គប់​នីមួយ​ៗ ត្រូវ​ផលិតកម្ម​តម្រូវ​ឱ្យ​ហាត់​រាប់​ខែ​មុន​ថត​ជា​ផ្លូវការ ។ សិល្បករ​ទាំងអស់​មាន​ទំនុកចិត្ត​ថា សម្តែង​បាន​ល្អ ។ ចំណុចខ្លាំង​សម្រាប់​ទីផ្សារ ទី​មួយ​ភាពយន្ត​បុរាណ​គឺ​ផលិតកម្ម​ធ្វើ​ឡើងជា​រឿងបុរាណ ពិត​ៗ និង​ប្លែក​គេ ព្រមទាំង​ចូលរួម​ពី​តារា​ដែល​ចេះ​ក្បាច់គុន ដូច​ជា​លោក​សេន ប៊ុ​ន​ថេ​ន លោក​សុខ ដែន លោក​ពេជ្រ សុ​ផា​ន់ លោក​ធន់ សុភា លោក​អូត ភូ​ថង និង​លោក​សេង សុខ​ចាន់ ជាដើម ។

វ៉​ន វី​វ៉ា និយាយ​ថា ភាពយន្ត​ដែល​មាន​ឈុត​ឆាក​វាយតប់​គ្នា​នេះ​មាន​តិចតួច​ណាស់​នៅ​ស្រុក​ខ្មែរ ហើយ​បើ​មាន​ពី​មុន គឺ​មិនសូវ​ល្អ ។ ម្ល៉ោះហើយ​កីឡាករ​ទាំងអស់​នឹង​សម្តែង​ឱ្យ​ល្អ​បំផុត​បំពេញចិត្ត​អ្នក​ទស្សនា ។ ការ​យក​ល្បុក្កតោ​មក​សម្តែង​នេះ​ជួយ​អភិរក្ស​ក្បាច់គុន​សម្រាប់​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ចាប់​អារម្មណ៍៕