ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារព័ត៌មាន​កោះសន្តិភាព​ប្រារព្ធ​ខួប៤៨​ឆ្នាំ​នៃ​ការ​ចេញផ្សាយ​របស់​ខ្លួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​សារព័ត៌មាន​កោះសន្តិភាព​ពី​គ្រប់​បណ្តា​ខេត្ត បាន​មក​ជួបជុំ​គ្នា​លើ​ទីស្នាកការ​កណ្តាល ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៤៨​នៃ​ការ​ចេញផ្សាយ​របស់​ខ្លួន

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​សារព័ត៌មាន​កោះសន្តិភាព​ពី​គ្រប់​បណ្តា​ខេត្ត បាន​មក​ជួបជុំ​គ្នា​លើ​ទីស្នាកការ​កណ្តាល ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៤៨​នៃ​ការ​ចេញផ្សាយ​របស់​ខ្លួន ដែល​ជា​សារព័ត៌មាន​វ័យ​ចំណាស់​មួយ​នៅ​ប្រទេស​កម្ពុជា ហើយ​ដែល​បាន​ឆ្លងកាត់​របប​ជា​ច្រើន​ពី​អតីតកាល និង​បច្ចុប្បន្ន ។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​មក​ពី​តាម​បណ្តា​ខេត្ត លោក​ឧក​ញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ស្ថាបនិក​សារព័ត៌មាន​កោះសន្តិភាព មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​មានការ​ជួបជុំ​អ្នក​យក​ព័ត៌មាន​ទាំងអស់ ហើយ​ក៏​ជា​ការ​ជួបជុំ​ដ៏​ធំ​មួយ​ស្រប​ពេល​ដែល​សារព័ត៌មាន​កោះសន្តិភាព​បាន​ប្រារព្ធ​ខួប​របស់​ខ្លួន​ក្នុង​មោទនភាព ។
លោក​ឧក​ញ៉ា​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​ខិតខំ​ពង្រឹង​ចំណេះដឹង​បន្ថែម​ទៀត​លើ​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្តាសារ​ព័ត៌មាន​ផ្សេង​ៗ ពិសេស​នោះ​គឺ​បណ្តាញ​ព័ត៌មានវិទ្យា ហ្វេ​ស​ប៊ុ​ក គេហទំព័រ ដែល​បច្ចុប្បន្ន​កំពុង​តែ​ផ្តល់​នូវ​ព័ត៌មាន​លឿន​រហ័ស​ខ្លាំង​ណាស់ ។ ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន ត្រូវ​គិត​ពី​អ្វី​ដែល​ប្លែក​សម្រាប់​អ្នក​អាន ដោយ​មិន​គិតតែ​ព័ត៌មាន​ណា​កើតឡើង​នោះ​ទេ គឺ​ត្រូវ​តែ​ស្វែងរក​ព័ត៌មាន​ដែល​ជា​ចំណី​របស់​អ្នក​អាន​ចង់​ដឹង និង​ផ្តល់​ចំណេះដឹង​សម្រាប់​សង្គម​ផង​ដែរ ។

លោក​ឧក​ញ៉ាបាន​ធ្វើការ​ដាស់តឿន​ដល់​អ្នក​យក​ព័ត៌មាន​ត្រូវ​តែ​ស្វែងរក​អ្វី​ដែល​ថ្មី និង​ត្រូវ​សរសេរ​អ្វី​ដែល​មិន​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​បុគ្គល​។ ជំនាញ​ចំណេះ​ដែល​អ្នក​សារព័ត៌មាន​ត្រូវ​មាន​បន្ថែម​គឺ ការ​អាន​និង​តាមដាន​សកម្មភាព​ដែល​កើត​ឡើងជា​ប្រចាំ ។ ព័ត៌មាន​ដែល​អតិថិជន​ឬ​អ្នក​អាន​ចង់បាន​នោះ មិនមែន​តែ​ព័ត៌មាន​រឿង​រ៉ែ រឿង​ដឹកឈើ​នោះ​ទេ តែ​ព័ត៌មាន​ដែល​គេ​ចង់​ដឹង​នោះ គឺ​ទាក់ទង​នឹង​បញ្ហា​ជីវិត​គ្រួសារ​ដូច​ជា​ព្រាត់ប្រាស បែកបាក់​ប្តី​ប្រពន្ធ សង្សារ​ជាដើម និង​ការ​រក​ឃើញ​ថ្មី​តាម​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន ។

លោក​និពន្ធ​នាយក ប៉ុ​ល សា​រឿ​ន មាន​ប្រសាសន៍​ដោយ​ផ្តល់​ដំបូន្មាន​ដល់​អ្នក​យក​ព័ត៌មាន​ត្រូវ​តែ​គោរព​ឱ្យ​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ផ្តល់​តែ​ព័ត៌មាន​ដែល​ពិត និង​លឿន​រហ័ស​អាច​ទុកចិត្ត​បាន ។ បច្ចុប្បន្ន​សារព័ត៌មាន​បោះពុម្ពផ្សាយ កំពុង​ប្រឈម​នឹង​ការ​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍ តាម​គេហទំព័រ និង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រោះថា​បច្ចេកវិទ្យា​ព័ត៌មាន​កំពុង​តែ​មាន​ភាព​ជឿនលឿន​ណាស់ ប៉ុន្តែ​រាល់​ព័ត៌មាន​តាម​បែប​បច្ចេកវិទ្យា​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ដែល​អាច​ក្លាយទៅជា​ឯកសារ​ផ្លូវការ​បាន​ទេ គឺ​មាន​តែ​សារព័ត៌មាន​បោះពុម្ពផ្សាយ​ប៉ុណ្ណោះ ។

លោក​និពន្ធ​នាយក ក៏​ស្នើ​ឱ្យ​អ្នករាយការណ៍​ព័ត៌មាន​ទាំងអស់​ត្រូវ​តែ​សិក្សា​បន្ថែម​លើ​វិជ្ជាជីវៈ​សារព័ត៌មាន ទាំង​ចំណេះដឹង និង​របៀប​សរសេរ​ដែល​ភាគច្រើន​អ្នក​សារព័ត៌មាន​សុទ្ធតែ​មានគំនិត​ផ្សេង​ៗ​ពី​គ្នា ។ ចំណេះដឹង​ពិតប្រាកដ​គឺ​អ្នក​សារព័ត៌មាន​ត្រូវ​អាន​ឱ្យ​បាន​ច្រើន ពិសេស​នោះ​គឺ​ប្រៀបធៀប​របៀប​សរសេរ​របស់​អ្នក​ដទៃ និង​ស្នាដៃ​របស់​ខ្លួន​ថា​នៅ​មាន​ចំណុច​ណា​ដែល​ខ្លួន​នៅ​មាន​ភាព​ខ្វះខាត និង​ត្រូវ​បំពេញបន្ថែម​ទៀត ។

គួរ​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៥ សារព័ត៌មាន​កោះសន្តិភាព​មាន​អាយុកាល​៤៨​ឆ្នាំ​ហើយ ក្នុង​ការ​បោះពុម្ពផ្សាយ​របស់​ខ្លួន ៕