ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ចាប់ផ្តើម​ទោះ​មានការ​គំរាម​របស់​ក្រុង​ព្យុ​ង​យ៉ាង

9 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​ជើង​ទឹក​រួម​នានា មុន​ពេល​បើក​ធ្វើ​នា​ស​ប្តា​ហ៍​ខាង​មុខ​នេះ​នូវ​សមយុទ្ធ​យោធា​រួម​ដោយ​ទ្រង់ទ្រាយ

ប្រទេស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​ជើង​ទឹក​រួម​នានា មុន​ពេល​បើក​ធ្វើ​នា​ស​ប្តា​ហ៍​ខាង​មុខ​នេះ​នូវ​សមយុទ្ធ​យោធា​រួម​ដោយ​ទ្រង់ទ្រាយ​ធំ​នៅ​កូរ៉េ​ខាងត្បូង ។

នាវាចម្បាំង​កូរ៉េ​ខាងត្បូង​១០​គ្រឿង គាំទ្រ​ដោយ​បណ្តា​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ ស៊ើប​ការណ៍​ព្រមទាំង​នាវា​ពិឃាត​អា​មេ​រិ​ក US Aegis និង​នាវាចម្បាំង​ឯទៀត​ៗ ព្រមទាំង​ឧទ្ធម្ភាគចក្រ​ធុន Sea Hawk បាន​ចូលរួម​ក្នុង​ការ​ហាត់​សម​នោះ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស កូរ៉េ​ខាងត្បូង និយាយ​ថា គោលដៅ​នៃ​សមយុទ្ធ​នេះ​គឺ កែ​លម្អ​សមត្ថភាព​ប្រតិបត្តិការ ព្រមទាំង​ពង្រឹង​សមត្ថ​ភាព​​ការពារ​របស់​សម្ព័ន្ធមិត្ត​ទាំង​២ ។

នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​សមយុទ្ធ​ប្រចាំ ឆ្នាំ​មានឈ្មោះ​ថា Foal Eagle ។ សមយុទ្ធ Foal Eagle ចាប់ផ្តើម​នា​ថ្ងៃ​ទី​២ មីនា ហើយ​មាន​រយៈពេល​៨​ស​ប្តា​ហ៍ ។ សមយុទ្ធ​នេះ រួម​មាន​សមយុទ្ធ​តាម​ជើង​គោក ជើង​អាកាស និង​ជើង​ទឹក ។ ទាហាន​ប្រមាណ​ជា​២០០.០០០​នាក់​របស់​កូរ៉េ​ខាងត្បូង និង​ទាហាន​អា​មេ​រិ​ក​៣.៧០០​នាក់ នឹង​ចូលរួម​នា​ឱកាស​នោះ ។ ទន្ទឹម​នឹង​នេះ សមយុទ្ធ​រួម​មួយទៀត មានឈ្មោះ​ថា Key Resolve ដែល​មាន​រយៈពេល​១​ស​ប្តា​ហ៍ ក៏​នឹង​ត្រូវធ្វើ​ដែរ ។

សមយុទ្ធ​យោធា​រួម​ទាំងនេះ ដែល​ជា​ការ​បង្ហាញ​កម្លាំង​ជា​ប្រភព​នៃ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ។ ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ីន​តោន ពន្យល់​ថា វា​ជា​សមយុទ្ធ​មាន​លក្ខណៈ​ការពារ​សុទ្ធសាធ ក៏​ប៉ុន្តែ​ក្រុង​ព្យុ​ង​យ៉ាង យល់​ឃើញ​ថា នេះ​ជា​ការ​រៀបចំ​សម្រាប់​ការ​វាយលុក​ជាយថាហេតុ​មួយ ។ កូរ៉េ​ខាងជើង​ស្នើ​ពន្យារពេល​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន ប្រសិនបើ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​២០១៥​ទាំងឡាយ ត្រូវ​ផ្អាក ។ ក្រុង​វ៉ា​ស៊ី​ន​តោន បាន​បដិសេធ​សំណើ​នេះ ដោយ​វាយតម្លៃ​ថា នេះ​គ្រាន់តែ​ជា​ការ​គំរាម​របស់​ក្រុង​ព្យុ​ង​យ៉ាង ដើម្បី​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៤ របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។

កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ កន្លង​មកនេះ កាសែត​ផ្លូវការ​កូរ៉េ​ខាងជើង Rodong Sinmun និយាយ​ថា ការ​សម្រេចចិត្ត​របស់​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន ធ្វើ​ទៀត​តាម​ការ​គ្រោងទុក​នូវ​បណ្តា​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​របស់​ពួក​គេ គឺជា​ការ​បំផ្លាញ​រាល់​ឱកាស​នៃ​ការ​ចរចា​អន្តរ​កូរ៉េ ឡើង​វិញ ។ កាសែត​នេះ​បន្ត​ថា អ្វី​ដែល​យើង​ត្រូវធ្វើ គឺ​ប្រតិកម្ម​តប​ខាង​យោធា​ចំពោះ​សហរដ្ឋអាមេរិក ដោយ​ពង្រឹង​ខ្លាំង​បំផុត​នូវ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​យើង ។

ក្នុង​សមយុទ្ធ​ជើង​ទឹក​រួម រយៈពេល​៤​ថ្ងៃនេះ ដែល​ធ្វើ​នៅ​សមុទ្រ​ខាងត្បូង កងទ័ព​ត្រូវធ្វើ​ត្រាប់​ដូច​ធ្វើសង្គ្រាម​ពិត​ៗ ៕