ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម បូ​រ៉ា ខ្លាច​ចាញ់​ជុំ​ទី​3 ខណៈ ម៉​ន វិ​រៈ ចង់​ឈ្នះ​គូប្រកួត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​នៅ​ចុង​ស​ប្ដា​ហ៍​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​នេះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​ហើយ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយសារ​កីឡាករ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​នៅ​ចុង​ស​ប្ដា​ហ៍​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​នេះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​ហើយ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយសារ​កីឡាករ​ឃី​ម បូ​រ៉ា ប្រកាស​មិន​ចង់​ចាញ់​សម្រាប់​ការ​ប្រកួត​ក្នុង​ជុំ​ទី​៣ រីឯ​កីឡាករ​ម៉​ន វិ​រៈ ក៏​ប្រកាស​សុំ​ផ្ដួល​ជើង​ខ្លាំង​គឺ សៀវ ង៉ុ​យ ដែល​ជា​ខ្លា​ចាស់​ល្បីឈ្មោះ សងសឹក​ឲ្យ ម៉​ន សា​ម៉េ​ត ។ អ្វី​ៗ​នៅ​គ្រាន់តែ​ជា​ការ​ទស្សន៍​ទាយ​នៅឡើយ​ទេ ទល់​នឹង​ការ​ប្រកួត​មិន​ទាន់​ចាប់ផ្ដើម​នេះ ។

ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ K-cement  នៅ​ថ្ងៃ​សៅរ៍ ទី​២៨ កុម្ភៈ​នេះ កីឡាករ​៨​រូប​នឹង​ស្ថិត​ក្នុង​សភាព​តានតឹង​ដាក់​គ្នា​កាន់តែ​ខ្លាំង បើ​ធៀប​នឹង​ជុំ​ទី​១ និង​ទី​២ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ជុំ​ស្ទាបស្ទង់​សមត្ថភាព ។ នៅ​ក្នុង​ជុំ​នេះ​កីឡាករ​ដែល​មាន​៦​ពិន្ទុ ពិតជា​ត្រូវ​បង្កើន​សមត្ថភាព​ប្រជែង​យក​ភាព​ច្បាស់លាស់​ដណ្ដើម​ខ្សែក្រវាត់ និង​ប្រាក់​លាន ។ ដោយឡែក​អ្នកមាន​ពិន្ទុ​ថ្នាក់​កណ្ដាល ក៏​ត្រូវ​បង្កើន​ឲ្យ​មាន​ជ័យជម្នះ​នោះ​ដែរ​ដើម្បី​ឈោង​យក​ឱកាស​ប៉ែង​ជើង​អ្នកមាន​ពិន្ទុ​ខ្ពស់​ឲ្យ​រអិល​ធ្លាក់​ពី​កៅអី​តាម​ការ​ចង់បាន ។

មិន​ខុស​គ្នា​ដែរ កីឡាករ​ដែល​មាន​ពិន្ទុ​ទាប ក៏​ពិតជា​ត្រូវ​ស្ទុះស្ទា​ខុស​ប្លែក​ជាង​មុន​ដូច​គ្នា​ដោយសារ​ទី​១ ដើម្បី​មុខមាត់ និង​ទី​២ កុំ​ឲ្យ​ជាប់​ឈ្មោះ​ជា​កីឡាករ​ជាប់​លេខ​នៅ​បាត​តារាង ។ បើ​អាច​ដណ្ដើម​បាន​ជ័យជម្នះ ហើយ​មាន​កម្លាំងចិត្ត​ទៅ​ឈ្នះ​ក្នុង​ជុំ​បន្តបន្ទាប់ ក្រុម​អ្នកមាន​ពិន្ទុ​ទាប​នា​ពេល​នេះ​នឹង​ឆ្មក់​ពិន្ទុ​ធ្វើ​ឲ្យ​អ្នកមាន​ពិន្ទុ​លំដាប់​ទី​១ និង​លំដាប់​ទី​២ បាត់បង់​សំណាង​ទៅ​កាន់​វគ្គ​ខ្វែង ។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​ក្នុង​ជុំ​ទី​៣ ត្រូវ​គេ​ចាត់ទុកជា​ជំនួប​តានតឹង​ជៀស​មិន​ផុត​សម្រាប់​អ្នក​ប្រកួតប្រជែង​ទាំង​៨ ។ ប្រសិនបើ​ភ្លាត់​នោះ​កីឡាករ​សូត្រ ប៊ុ​ន​ធី និង​កីឡាករ​មាស ច័ន្ទ​មាន នឹង​ដណ្ដើម​បាន​៣​ពិន្ទុ​ម្នាក់​បន្ថែម​ទៀត ហើយ​មាន​សង្ឃឹម​ភាគច្រើន​ទៅ​កាន់​វគ្គ​ខ្វែង បើ​ទោះ​ការ​ប្រកួត​សន្សំ​ពិន្ទុ​នៅ​មិន​ទាន់​ចប់ ។

ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ អ្នក​ដែល​ត្រូវ​គេ​អ៊ុត​ជាងគេ គឺ ឃី​ម បូ​រ៉ា ដោយសារ​តែ​លោក គឺជា​កីឡាករ​ជើងល្អ​ក្នុង​ចំណោម​អ្នក​ប្រកួតប្រជែង ។ ប៉ុន្តែ​បើ​ភ្លាត់​ឲ្យ​បាត់​៣​ពិន្ទុ​ដូច​ជុំ​ទី​២ នោះ​មាន​ន័យ​ថា សូត្រ ប៊ុ​ន​ធី និង​មាស ច័ន្ទ​មាន ប្រាកដជា​ជិះសេះ​លែងដៃ​ហើយ ។ នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ កីឡាករ​ឃី​ម បូ​រ៉ា ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​លាស់ យី​ន ដែល​ជា​ជើងល្អ​ម្នាក់ ។ ត្រឡប់​ទៅ​កាន់​ចុងឆ្នាំ​២០១៣ ជើង​ចាស់ លាស់ យី​ន មិនមែន​ជា​ដៃគូ​របស់​កីឡាករ​វ័យក្មេង​ម្នាក់​ហ្នឹង​នោះ​ទេ ដោយសារ​តែ​ឃី​ម បូ​រ៉ា ទាំង​ដៃ​ទាំង​ជើង និង​កែង គឺ​រួស​ព្រម​គ្នា ដែល​ពិបាក​ឲ្យ​គូប្រកួត​ទប់​ជាប់ ។ ប៉ុន្តែ​សម្រាប់​ពេល​នេះ​លទ្ធភាព​នៃ​ការ​យកឈ្នះ គឺ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពឹល​ដោយសារ ឃី​ម បូ​រ៉ា ក៏​រាង​ធ្លាក់ដៃ ឯ​កីឡាករ​លាស់ យី​ន ក៏​រាង​ដំឡើង​សន្ទុះ​បាន​ល្អ​ជាង​មុន ។

យ៉ាងណា​ក៏​ដោយ ឃី​ម បូ​រ៉ា បាន​ប្រកាស​រួច​ហើយ​ថា មិន​អាច​បណ្ដោយ​ឲ្យ​ចាញ់​ក្នុង​ជុំ​ទី​៣​ទៀត​ទេ ព្រោះ​បើ​ភ្លាត់​ម្ដងនេះ ស្មើនឹង​មាន​ន័យ​ថា អតីត​ជើងឯក​រង​ម្ចាស់​ខ្សែក្រវាត់​របស់​ស្រា​បៀរ​កម្ពុជា ដែល​ធ្លាប់​ដណ្ដើម​បាន​ក្លាយជា​អសារ​បង់ និង​មិន​ខុស​ពី​បោះបង់​ឱកាស​ឡើង​ដណ្ដើម​ខ្សែក្រវាត់​ឲ្យ​គេ ។ ក្រោយ​ភ្លាត់​ឲ្យ​ចាញ់​កីឡាករ​សូត្រ ប៊ុ​ន​ធី ដែល​ធ្លាប់​ចាញ់​ខ្លួន​ក្នុង​ជុំ​ទី​២ កីឡាករ​រូប​នេះ​ញញឹម​មិន​ស្រស់​នោះ​ទេ ពេល​ឮ​ការ​បន្តុះបង្អាប់​ថា លោក​ធ្លាក់ដៃ​មិនល្អ​ដូច​មុន​ទេ ។ ពាក្យ​នេះ​សម្រាប់​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង គឺជា​រឿង​ដ៏​អាម៉ាស់​បំផុត ខណៈ​ដែល​ទីផ្សារ​សម្រាប់​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ ក៏​ដូច​ជា​តម្លៃ​ខ្លួន​ក៏​ទាញ​ទម្លាក់​ទៅ​តាម​ហ្នឹង ប្រសិនបើ​គ្មាន​ការ​កែកុន ។ ទោះជា​ការ​ប្រដាល់​មិនមែន​ជា​អាជីព​អស់​មួយ​ជីវិត ក៏​មិន​អាច​បណ្ដោយ​ឲ្យ​មហាជន​បាត់បង់​ទំនុកចិត្ត​នោះ​ដែរ គឺ​ដាច់ខាត​ត្រូវ​តែ​ប្រឹង​ដណ្ដើម​យកកេរ្តិ៍ឈ្មោះ​ត្រឡប់​មក​វិញ ។

នេះ​ជា​អ្វី​ដែល ឃី​ម បូ​រ៉ា បាន​បញ្ជាក់​នៅ​ក្រោយ​បរាជ័យ​ក្រោម​ដៃ លាស់ យី​ន កាលពី​ស​ប្ដា​ហ៍​មុន ។ លោក​ហាក់​សម្លឹង​ឃើញ​ជ័យជម្នះ​លើ​កីឡាករ​លាស់ យី​ន លើក​នេះ​ប្រកបដោយ​ភាព​ជឿជាក់ ដោយសារ​តែ​អះអាង​ថា បាន​ត្រៀមខ្លួន​ជា​មុន និង​មិន​ជឿ​ថា លាស់ យី​ន អាច​ធ្វើ​ឲ្យ​ខ្លួន​សំណាងអាក្រក់​ដូច សូត្រ ប៊ុ​ន​ធី ។ ជាមួយនឹង​ការ​តាំងចិត្ត កីឡាករ​រូប​នេះ​ពិតជា​អាច​សម្រេច​គោលដៅ ខណៈ​ដែល​លោក​ក៏​មិន​ទាន់​ធ្លាក់ដៃ​រហូត​ដល់​វ៉ៃ​លែង​កើត​ដូច​គ្នា​នឹង​កីឡាករ​ធ្លាក់​កូដ​មួយ​ចំនួន ។ ការ​បរាជ័យ​ក្នុង​ជុំ​ទី​២ មាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ចៃដន្យ និង​ដោយសារ​ការ​មើល​ស្រាល​ទៅ​លើ​ដៃគូ ព្រោះតែ​ធ្លាប់​ឈ្នះ សូត្រ ប៊ុ​ន​ធី ក្នុង​ការ​ប៉ះ​គ្នា​មុន​ៗ​រួច​ទៅ​ហើយ​។ ឃី​ម បូ​រ៉ា និង​លាស់ យី​ន មាន​៤​ពិន្ទុ​ស្មើគ្នា ដោយសារ​ឈ្នះ​១ ចាញ់​១ ដូច​គ្នា​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ ។

នៅ​ក្នុង​ជុំ​នេះ កីឡាករ​ឱម សំរេច ដែល​មាន​៤​ពិន្ទុ (​ឈ្នះ​១ ចាញ់​១) ប៉ះ មាស ច័ន្ទ​មាន ដែល​មាន​៦​ពិន្ទុ​ពេញ ។ ណា​ម ម៉ូ​រ៉ា​ក់ មាន​២​ពិន្ទុ ប៉ះ ថុ​ល មក​រា មាន​២​ពិន្ទុ​ដូច​គ្នា និង ជ័យ ប៊ុ​ន​សង់ មាន​២​ពិន្ទុ ប៉ះ សូត្រ ប៊ុ​ន​ធី ដែល​មាន​៦​ពិន្ទុ​ពេញ ខណៈ​ដែល​បើ ឃី​ម បូ​រ៉ា ឈ្នះ នោះ​នឹង​ក្លាយជា​លទ្ធផល​ប្រទាញប្រទង់​ជាមួយ មាស ច័ន្ទ​មាន និង សូត្រ ប៊ុ​ន​ធី សម្រាប់​ជុំ​បន្ទាប់ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នា​ពេល​រសៀល​ដូច​គ្នា តែ​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃអាទិត្យ​ទី​១ មីនា នោះ​វិញ ក៏​មាន​កីឡាករ​ម៉​ន វិ​រៈ ប្រាថ្នា​ចង់​ឈ្នះ​កីឡាករ​សៀវ ង៉ុ​យ ដែល​ជា​ជើង​ខ្លាំង​ឲ្យ​បាន​ដាច់ខាត​ផង​ដែរ បើ​ទោះជា​ដឹង​ច្បាស់​ថា​គូប្រកួត​ដែល​ខ្លួន​ត្រូវ​ជួប គឺ​ល្បី​ទាំង​ឈ្មោះ និង​ខ្លាំង​ទាំង​ស្នៀត​ពិបាក​ទប់ទល់​រួច ។ ម៉​ន វិ​រៈ ត្រូវ​គេ​ដឹង​ថា​ផ្អាក​ឡើង​ប្រកួត​យូរ ទើប​ការ​ប្រកួត​ជា​ថ្មី​ក្រោយ​ពេល​បាត់​មុខ​ហាក់​មិនសូវ​នឹង​ដៃ​ដូច​មួយ​រយៈ​មុន ។

បើ​គ្មាន​ការ​តាំងចិត្ត​ឲ្យ​មហាជន​បានឮ នោះ​មនុស្ស​តិច​ណាស់​ហ៊ាន​ជឿ​ថា​ស៊ី​សៀវ ង៉ុ​យ សម្រាប់​ការ​ប្រកួត​នេះ ដោយសារ​តែ សៀវ ង៉ុ​យ ទើបតែ​ស៊ី​កីឡាករ​ម៉​ន សា​ម៉េ​ត ដែល​ជា​ជើង​ខ្លាំង និង​ល្បី​ជាងគេ​ក្នុង​ត្រកូល​ម៉​ន​រួច​ទៅ​ហើយ ។ យ៉ាងណា​ក៏​ដោយ កីឡាករ​ម៉​ន វិ​រៈ ត្រូវ​បាន​ប្រភព​ពី​គ្រូបង្វឹក​ប្រាប់​ថា បាន​ទទួល​ការ​ហ្វឹកហាត់​ខ្លាំងក្លា​ជាង​មុន​មុន​នឹង​ធ្វើការ​ផ្គូផ្គង ទើប​ការ​ប្រកួត​ដែល​ត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​លើក​នេះ​ហាក់​ធ្វើ​ឲ្យ​សាមីខ្លួន និង​គ្រូបង្វឹក​ជឿ​ថា​ឈ្នះ សៀវ ង៉ុ​យ ។ ការ​ប្រកួត​គូ​នេះ ពិតជា​ធ្វើ​ឲ្យ​បែក​ផ្កាភ្លើង​ដោយសារ​តែ ម៉​ន វិ​រៈ គឺជា​កីឡាករ​ជើង​ខ្លាំង ហើយ​កីឡាករ​សៀវ ង៉ុ​យ ក៏​ជា​កីឡាករ​កម្រ​ប្រកួត​ចាញ់​គូប្រកួត​ដូច​គ្នា​។ អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ត្រូវ​គេ​ប៉ាន់​ស្មានថា នឹង​ពិតជា​មាន​លទ្ធផល​ទ្រម​ខ្លួន ខណៈ​ដែល​ភាគរយ​ជឿជាក់​បាន​សង្កត់ធ្ងន់​ទៅ​លើ សៀវ ង៉ុ​យ ច្រើន​ជាង ។ ប៉ុន្តែ​យោង​តាម​ការ​តាំងចិត្ត​របស់ ម៉​ន វិ​រៈ និង​គ្រូបង្វឹក​បាន​ធ្វើ​ឲ្យ​ការ​ទុកចិត្ត​ទៅ​លើ​សៀវ ង៉ុ​យ ធ្លាក់​ចុះ បើ​ទោះជា ម៉​ន វិ​រៈ ខាន​ប្រដាល់​មួយ​ខ្យល់​ធំ ។ ចាំ​មើល តើ​អ្នក​ណា​នឹង​ឈ្នះ​សម្រាប់​គូ​នេះ ?