ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉​ន សា​ម៉េ​ត ផ​ន ផល្លា និង​អ៊ុំ ចំរើន ត្រៀម​ស្វាគមន៍​ថៃ​ដោយ​កណ្តាប់ដៃ​លើ​សង្វៀន​តែ​មួយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា ជា​លើក​ទី​១ ដែល​កីឡាករ​ជើង​ខ្លាំង​ដល់​ទៅ​៣​រូប ដែល​ទើប​ឡើង​សន្ទុះ​ដូច​គ្នា ត្រូវ​គេ​រៀប​ឲ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​ថ្ងៃ និង​សង្វៀន​តែ

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា ជា​លើក​ទី​១ ដែល​កីឡាករ​ជើង​ខ្លាំង​ដល់​ទៅ​៣​រូប ដែល​ទើប​ឡើង​សន្ទុះ​ដូច​គ្នា ត្រូវ​គេ​រៀប​ឲ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​ថ្ងៃ និង​សង្វៀន​តែ​មួយ ។ អ្នក​ទាំង​៣​នាក់​នឹង​ឡើង​ប្រកួត​កម្រិត​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១ មីនា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​តទៅ ។

ក្នុង​ជំនួប​ដ៏​ចម្រូងចម្រាស​នេះ កីឡាករ​ម៉​ន សា​ម៉េ​ត ប៉ះ​ជាមួយ​កីឡាករ​ថៃ Kheang Kit ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ នៅ​មិន​ទាន់​មានការ​អះអាង​ឲ្យ​បាន​ច្បាស់លាស់​ពី​ភាព​ខ្លាំងក្លា​របស់​កីឡាករ​មក​ពី​ប្រទេស​ថៃ​នៅឡើយ​ទេ ក្រៅពី​មានការ​បញ្ជាក់​ថា នោះ​ជា​កីឡាករ​ជើង​ខ្លាំង​ដែល​ត្រូវ​គេ​ដាក់​ឲ្យ​ប៉ះ ម៉​ន សា​ម៉េ​ត ដើម្បី​ឲ្យ​មាន​លក្ខណៈ​រញ្ជួយ និង​កក្រើក ។ ភាគី​ខាង​កម្ពុជា គឺជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ស្រា​បៀរ​កម្ពុជា​ឆ្នាំ​២០១៣ និង​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​ទទួល​បាន​កុងត្រា​ពី​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដោយសារ​តែ​ជាប់​ជើងឯក ដោយ​បទ​ពិសោធន៍ និង​សមត្ថភាព​របស់​កីឡាករ​រូប​នេះ ក៏​ល្អ​គួរ​ឲ្យ​កត់សម្គាល់​នា​ពេល​ចុង​ក្រោយ ទោះជា​មាន​ប្រវត្តិ​ឈ្នះ​ខ្លះ​ចាញ់​ខ្លះ​ក្ដី ។

ម៉​ន សា​ម៉េ​ត ទើបតែ​ចាញ់​កីឡាករ​ក្នុងស្រុក ឈិ​ត ង៉ុ​យ ប៉ុន្តែ​លោក​ក៏​បាន​ឈ្នះ​ថៃ​នៅ​ប៉ុន្មាន​លើក​ចុង​ក្រោយ​ដូច​គ្នា ថ្វី​ដ្បិតថា​គូប្រកួត​របស់​ខ្លួន មាន​សមត្ថភាព​បែប​ណា ។ ម៉​ន សា​ម៉េ​ត ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៤៨​ដង ចាញ់​១៤​ដង និង​ស្មើ​៣​ដង ឯ​កីឡាករ Kheang Kit  ឯណោះ​វិញ ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​បាន​៦៤​ដង ឈ្នះ​៥២​ដង ចាញ់​១១​ដង ស្មើ​១​ដង និង​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នៅ​ថៃ ។ យោង​តាម​តួលេខ​នេះ គេ​អាច​ប៉ាន់​ស្មានថា កីឡាករ​ឆ្លង​ប្រទេស​មាន​ប្រវត្តិ​ចាញ់​ការ​ប្រកួត​តិច​ជាង ស្មើ​តិច​ជាង ក្នុង​ពេល​ដែល​តួលេខ​សរុប​នៃ​ការ​ឡើង​រេញ គឺ​មាន​ចំនួន​ប្រហែល​គ្នា ។ ម៉​ន សា​ម៉េ​ត ខ្លាំង​កែង និង​ម៉ាត់ ប៉ុន្តែ​លោក​ក៏​ជា​កីឡាករ​ដែល​មាន​ទម្លាប់​វាយ​ច្រឡោត ធ្វើ​ឲ្យ​បាត់​ម្ចាស់​ការណ៍​ផង​ដែរ ទើប​អ្នក​ទុកចិត្ត​សម្រាប់​ការ​ប្រកួត​នេះ ហាក់​មាន​មិន​ច្រើន​នៅឡើយ ក្នុង​ពេល​ដែល​ភាគី​ថៃ ស្រាប់តែ​គ្មាន​ការ​បញ្ជាក់​ថា ខ្លាំង​ស្នៀត​ណាមួយ ឬ​ខ្សោយ​ស្នៀត​ណាមួយ ដើម្បី​ងាយស្រួល​វិភាគ​បែប​នេះ​។

ជា​ការ​ប៉ាន់ស្មាន ម៉​ន សា​ម៉េ​ត ទំនងជា​អាច​ដាក់​បញ្ចូល​កីឡាករ Kheang Kit ក្នុង​បញ្ជី​អ្នក​ចាញ់​ខ្លួន​បន្ថែម​ម្នាក់​ទៀត​នៅ​ក្រោយ​ការ​ប្រកួត ប៉ុន្តែ​ធាតុ​ពិត​នៅ​មិន​ទាន់​កំណត់​បាន​នោះ​ទេ ។ កីឡាករ ផ​ន ផល្លា ឬ​កីឡាករ វង្ស គង់​រាជ ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ឈរ​ក្នុង​លំដាប់​ជួរ​មុខ​ផង​ដែរ សម្រាប់​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ត្រូវ​គេ​ឲ្យ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Nong Ou ដែល​ធ្លាប់​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​មក​ហើយ ។ កីឡាករ​ឆ្លង​ប្រទេស​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា ហើយ​ផ្ដួល​កីឡាករ​កម្ពុជា​ខ្លះ និង​បរាជ័យ​ខ្លះ​នៅ​លើ​សង្វៀន​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នា​ពេល​កន្លង​មក ។

លោក​ក៏​ជា​កីឡាករ​ពូកែ​ឌឺ ដោយ​គ្រប់ការ​ប្រកួត​កម្រ​ណាស់​ថា មិន​បាន​ទទួល​ប្រជាប្រិយភាព​ពី​អ្នក​ទស្សនា បើ​ទោះជា​មាន​លទ្ធផល​មិនល្អ ។ មុន​នេះ​បន្តិច កីឡាករ Nong Ou ទើបតែ​បាន​ផ្ដួល​កីឡាករ​រូប​សង្ហា របស់​កម្ពុជា​ឈ្មោះ ពៅ ស៊ី​យ៉េ​ត ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ក្ដៅ​ៗ​ប៉ុណ្ណោះ ព្រម​ជាមួយនឹង​លទ្ធផល​ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត ក៏​បង្ហាញ​នូវ​ភាពស្វិតស្វាញ​ទម្រាំ​ចាញ់​ឈ្នះ ។ សម្រាប់​ការ​ប៉ះ​គ្នា​លើក​នេះ ផ​ន ផល្លា ធ្លាប់​ប្រកួត​បាន​៤៦​លើក ឈ្នះ​៣៥​លើក ចាញ់​៨​លើក និង​ស្មើ​៣​លើក ឯ Nong Ou  ធ្លាប់​ប្រកួត​បាន​៦០​លើក ឈ្នះ​៤៩​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក​។ ការ​ប៉ះ​គ្នា​លើក​នេះ កីឡាករ​ខាង​ថៃ ហាក់​មាន​អ្នក​ទុកចិត្ត​ច្រើន​ជាង​សម្រាប់​មហាជន​ជា​អ្នក​តាមដាន​ដោយសារ​តែ Nong  Ou ត្រូវ​គេ​ស្គាល់​រួច​ទៅ​ហើយ​ថា ល្អ​កែង​ទាត់ និង​ធាក់​ព្រម​គ្នា ។

យ៉ាងណាមិញ កីឡាករ ផ​ន ផល្លា ក៏​មាន​អ្នក​ជឿ​បែប​នេះ​មិន​អន់​ដែរ ដោយសារ​តែ​ក្នុង​ពិភព​ប្រដាល់​អ្នក​ណា​ក៏​ដឹង​ថា លោក​ខ្លាំង​កណ្ដាប់ដៃ រន្ទះ​ជើង​និង​កែង បើ​ទោះជា​បទ​ពិសោធន៍​នៅ​ស្ទើរ​បន្តិច ។ កីឡាករ​ចុង​ក្រោយ​គឺ អ៊ុំ ចំរើន ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ Keang Dea Lek  ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ កីឡាករ​កម្ពុជា​គូ​នេះ ប្រកួត​បាន​៧៥​ដង ឈ្នះ​៥៥​ដង ចាញ់​១៧​ដង និង​ស្មើ​៣​ដង ខណៈ​ដែល​ភាគី​ថៃ​ធ្លាប់​ប្រកួត​បាន​៦៦​ដង ឈ្នះ​៥៩​ដង និង​ចាញ់​៧​ដង​។ អ៊ុំ ចំរើន មានការ​ជឿជាក់​ថា អាច​ឈ្នះ​ច្រើន​ភាគរយ​ជាង បើ​ទោះជា​លោក​មមាញឹក​ក្នុង​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​រវល់​កាត់ដេរ​ស្បែកជើង ដែល​ជា​អាជីព​ផ្ទាល់ខ្លួន​ជា​ជាង​ការ​ហ្វឹកហាត់​ដូច​ពេល​មុន ។

នេះ​ជា​ព្រឹត្តិការណ៍​ដំបូង ដែល​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ជើង​ខ្លាំង​ជួរ​មុខ​កម្ពុជា​ទាំង​៣ គឺ​ម៉​ន សា​ម៉េ​ត ផ​ន ផល្លា ឬ​វង្ស គង់​រាជ និង​អ៊ុំ ចំរើន អាច​ឡើង​ប៉ះ​ជាមួយ​ថៃ​នៅ​លើ​សង្វៀន​អន្តរជាតិ​រួម​គ្នា ។ នៅ​មិន​ទាន់​ដឹង​ថា​រវាង​អ្នក​ទាំង​៣​រូប តើ​អ្នក​ណា​អាច​ផ្ដួល​កីឡាករ​ថៃ​ជា​គូបដិបក្ខ និង​អ្នក​ណា​ត្រូវ​ថៃ​ផ្ដួល​វិញ​នោះ​ទេ ក្នុង​ពេល​ការ​ប្រកួត​នា​ព្រឹក​ថ្ងៃអាទិត្យ មិន​ទាន់​កើតឡើង​បែប​នេះ ៕