ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC ធ្វើ​មហាសន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​2014 និង​លើក​ទិស​ដៅ​ឆ្នាំ​2015

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ បាន​រៀបចំ​មហាសន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៤ របស់​ខ្លួន និង​លើក​ទិស​

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ បាន​រៀបចំ​មហាសន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៤ របស់​ខ្លួន និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៥ ។ មហាសន្និបាត​នេះ​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កីឡា​ជា​ច្រើន​រូប​ទៀត ។

អំពី​ផែនការ​សកម្មភាព​របស់​សហព័ន្ធ​កីឡា​ជាតិ​ក្នុង​ឆ្នាំ​២០១៤ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​មាន​ប្រសាសន៍​ថា មាន​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​២១ ក្នុង​ចំណោម​៤៤​សហព័ន្ធ​បាន​បញ្ជូន​របាយការណ៍​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៤ ជូន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ស្តី​ពី​សកម្មភាព​ក្នុង​ប្រទេស គឺ​មាន​សកម្មភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដូច​ជា ការ​ចូលរួម​ធ្វើ​មហាសន្និបាត ការងារ​បដិសណ្ឋារកិច្ច​ប្រតិភូ​បរទេស ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាដើម​។

ចំណែក​សកម្មភាព​ក្រៅប្រទេស​វិញ ក៏​មាន​សកម្មភាព​ផុលផុស​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ដូច​ជា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បញ្ជូន​ប្រតិភូ​កីឡា​ជាតិ​ឱ្យទៅ​ចូលរួម​ប្រកួត​ស្ទើរតែ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ថែម​ទៀត​ផង ។ លោក​វ៉ា​ន់ ចំរើន បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា មហាសន្និបាត​ថ្ងៃនេះ​ក្រៅពី​ការ​ធ្វើ​កំណែទម្រង់​នូវ​ចំណុចខ្សោយ​ខ្លះ​នោះ​យើង​នៅ​មានការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ហើយ​ការងារ​សំខាន់​គឺ​ត្រូវ​បង្ហើយ​ផែនការមេ និង​អនុម័ត​ឱ្យ​បាន​រួចរាល់​នៅ​ក្នុងឆ្នាំនេះ ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC បាន​មាន​ប្រសាសន៍​ថា មហាសន្និបាត​ថ្ងៃនេះ នឹង​ក្លាយជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ពិភាក្សា​រិះរក​មធ្យោបាយ និង​បទ​ពិសោធន៍​ថ្មី​ៗ​ដើម្បី​ជា​ធាតុ​ផ្សំ​ចូលរួម​ចំណែក​ដល់​ការ​លើក​ទិស​ដៅ​ការងារ និង​ដាក់​ចេញ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៤ ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ស្រប​តាម​និន្នាការ​រីក​ចម្រើន​នៃ​ចលនា​កីឡា​អន្តរជាតិ ពិសេស​ផែនការមេ​ឆ្ពោះទៅ​រក​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ។

លោក​មាន​ប្រសាសន៍​បន្ត​ថា អស់​រយៈពេល​ពេញ​១​ឆ្នាំ (​ក្នុង​ឆ្នាំ​២០១៤) គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​យ៉ាង​ជិត​ស្និទ្ធ ជា​ពិសេស​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិស័យ​កីឡា​ជាតិ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​គួរ​ជាទី​មោ​ទ​នៈ​ក្នុង​ឆ្នាំ​២០១៤​កន្លង​មកនេះ គឺ​ការ​បង្កើត​បាន​នូវ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​នៃ​ការ​ដណ្តើម​បាន​មេដាយមាស​កីឡា​អាស៊ី​ជា​លើក​ដំបូង (Asian Games) ក្នុង​រយៈពេល​៦០​ឆ្នាំ​របស់​កម្ពុជា និង​មេដាយ​សំរឹទ្ធ​ដំបូង​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​តំបន់ឆ្នេរ​នៅ​ទីក្រុង​ភូ​កេ​ត ប្រទេស​ថៃ ។ ជា​ពិសេស​ទៅ​ទៀត​នោះ​សហព័ន្ធ​ប៊ូល និង​ប៉េតង់ ក៏​ទទួល​បាន​មេដាយ​ជើងឯក​ថ្នាក់​ពិភពលោក និង​ថ្នាក់​អាស៊ី​អាគ្នេយ៍​ប្រចាំឆ្នាំ​២០១៣-២០១៤ ទៀត​ផង ។

តាម​លទ្ធផល​ជាក់ស្តែង​ចេញពី​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ​២០១០ ក្នុង​ការ​ស្វែងរក​មេដាយមាស​២​ខ្ទង់​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៣​កន្លង​មក គឺ​យើង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​កត់សម្គាល់ ក្នុង​នោះ​យើង​ទទួល​បាន​មេដាយមាស​៨​គ្រឿង និង​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ​២០១៤ ក៏​សម្រេច​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ​នៃ​កីឡា​កម្ពុជា គឺ​ដណ្តើម​បាន​មេដាយមាស​១​គ្រឿង​លើ​វិញ្ញាសា​តេ​ក្វា​ន់​ដូ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ធំ​ៗ​បាន​ក្លាយជា​ផលិតផល​ទេសចរណ៍ ជា​ធុរកិច្ច​ដ៏​អស្ចារ្យ និង​ជា​ការ​បង្ហាញ​ឥទ្ធិពល​នៃ​ប្រទេស​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​បាន​ចាត់ទុកជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​សង្គម រួមចំណែក​ដល់​ការ​រេ​ៀ​ប​ចំ​ផែនការ​ជាតិ លើកកម្ពស់​ស្មារតី​សាមគ្គីភាព ឯកភាព​ជាតិ ឧត្តមភាព​ជាតិ តាម​រយៈ​ឥទ្ធិពល​នៃ​កីឡា​។

ដោយឡែក​សម្រាប់​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​ក៏​ខិតខំ​ប្រឹងប្រែង និង​មាន​ភាពរឹងមាំ​ទាំង​ផ្នែក​រដ្ឋបាល ទាំង​ផ្នែក​បច្ចេកទេស និង​មាន​សកម្មភាព​កីឡា​ជំនាញ ការងារ​ទំនាក់ទំនង​សហព័ន្ធ​អន្តរជាតិ​របស់​ខ្លួន​ជា​ប្រចាំ ក្នុង​នោះ​ប្រភេទ​កីឡា​គួរ​ឱ្យ​កត់សម្គាល់​មាន​កីឡាបាល់ទាត់ កីឡាប្រដាល់ កីឡា​ប៊ូល និង​ប៉េតង់ កីឡា​ចំបាប់ កីឡា​តេ​ក្វា​ន់​ដូ កីឡា​ទ្រី​យ៉ា​ត្លុង កីឡា​វាយ​សី កីឡា​វាយ​កូន​បាល់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ និង​កីឡា​ប្រណាំងទូក ៕