ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ករត្នោត​កំពង់ស្ពឺ​កំពុង​មាន​ទីផ្សារ​ក្នុងស្រុក​បន្ត​ហក់​ចូល​ទីផ្សារ​បរទេស

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ដើម​ត្នោត​ដែល​ដុះ​ឡើង​ត្រដែត​នៅ​វាលស្រែ​នៃ​ប្រទេស​កម្ពុជា ជា​និមិត្តរូប​នៃ​ទេសភាព​ស្រុក​ខ្មែរ ។ ដើម​ត្នោត​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា និង​មក​ដល់​អាស៊ី​

ខេត្តកំពង់ស្ពឺ ៖ ដើម​ត្នោត​ដែល​ដុះ​ឡើង​ត្រដែត​នៅ​វាលស្រែ​នៃ​ប្រទេស​កម្ពុជា ជា​និមិត្តរូប​នៃ​ទេសភាព​ស្រុក​ខ្មែរ ។ ដើម​ត្នោត​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា និង​មក​ដល់​អាស៊ី​អាគ្នេយ៍​តាំងពី​កកើត​មាន​ប្រទេស​កម្ពុជា​មក​ម្ល៉េះ ។

ដើម​ត្នោត​មាន​ប្រយោជន៍​ណាស់ គេ​ប្រើ​វា​សម្រាប់​សង់ផ្ទះ ផ្កា​គេ​កៀប​យក​ទឹក ស្លឹក​ធ្វើ​មួក ឬ​ស្មុ​ក និង​ស្លឹកកណ្តប​ប្រក់់ផ្ទះ ផ្លែ​សម្រាប់​ធ្វើ​អាហារ និង​ឫស​របស់​វា​សម្រាប់​ធ្វើ​ថ្នាំបុរាណ ។ សព្វថ្ងៃ ត្នោត​ជា​និមិត្តរូប​ជាតិ​ស្ករត្នោត​តំបន់​កំពង់ស្ពឺ ស្ថិត​នៅ​ខាងលិច​រាជធានី​ភ្នំពេញ ហើយ​ស្ករត្នោត​មានឈ្មោះ​ល្បី​ជាងគេ​នៅ​ប្រទេស​កម្ពុជា ។ ការ​ប្រមូល​ផល និង​ការ​កែ​ច្នៃ​ឱ្យទៅ​ជា​ស្ករត្នោត​បាន​ធ្វើ​ឡើង​ត​ៗ​គ្នា​ពី​បុព្វបុរស​មក គឺជា​បេតិកភណ្ឌ​វប្បធម៌​មរតក ។ ចំណេះដឹង​នេះ​មាន​ភាព​សម្បូរ​បែប​តាំងពី​រាប់​ឆ្នាំ​មក​ហើយ និង​ជា​កេរដំណែល​បទ​ពិសោធន៍​ដ៏​ច្រើន​លើសលប់ ។

លោក សំ សា​រឿ​ន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្ត ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​មាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ស្ករត្នោត​កំពង់ស្ពឺ ដែល​មាន​លោក ហុង ហឿ​ន ជា​ប្រធាន មា​នទី​តាំងនៅ​ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ លោក​បន្ត​ថា សហគមន៍​មាន​តួនាទី​រៀបចំ​សៀវភៅ​បន្ទុក​ណែនាំ​ពី​ការ​ផលិត ចំណែក​សមាគម​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ និង​មាន​ភារកិច្ច​ដើរ​មើល​ក្នុង​តំបន់​ដែល​មាន​អ្នក​ធ្វើ​ស្ករត្នោត​ថា តើ​ដី​នោះ​មាននៅ​ក្នុង​ស្តង់ដា​ដែរ​ឬទេ ។ នីតិវិធី​ផលិត​តាំងពី​ដើម​រហូត​ដល់​ចប់ ក៏​ត្រូវ​ដាក់​ឱ្យ​តាមដាន​ដំណើរការ​ផង​ដែរ គេ​ត្រូវ​គោរព​ទៅ​លើ​បទដ្ឋាន​អនាម័យ និង​បែបបទ​ការងារ​ប្រកបដោយ​អនាម័យ និង​មាន​លក្ខណៈ​បុរាណ ។ ទាក់ទង​នឹង​ស្ករត្នោត​កំពង់ស្ពឺ គឺ​ផ្សារ​ភ្ជាប់​ប្រពៃណី កេរដំណែល​ដែល​ផុស​ចេញពី​ធម្មជាតិ ។

លោក​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្ត​លើក​ឡើង​ថា មុន​ត្រង​យក​ទឹក គេ​ត្រូវ​កៀប​ផ្កា​ឈ្មោល​៣​ដង​ក្នុង​មួយ​ព្រឹក ហើយ​ក្នុង​រយៈពេល​៥​ព្រឹក យើង​ត្រូវការ​រូត​ផ្កា​នោះ​ដោយ​យក​កាំបិត​ចិត​កាត់មុខ​ផ្កា​ពេល​មានទឹក គេ​យក​បំពង់​ទៅ​ត្រង ដែល​នេះ​គឺជា​បច្ចេកទេស​ពី​បុរាណ​មក ។ ពេល​ដាក់ចុះ​ពីលើ​ដើម គឺ​មិន​អាច​ទុក​ទឹកត្នោត​នោះ​លើស​ពី​២​ម៉ោង​ទេ កាលណា​លើស​២​ម៉ោង​ទឹកត្នោត​វា​នឹង​ជូរ ព្រោះ​ឡើង​មេ​ហើយនឹង​បាត់​ក្លិន ។ ក្នុង​ការ​ត្រង​យក​ទឹក គេ​និយម​ប្រើ​បំពង់​ឫស្សី ព្រោះ​បំពង់​ឫស្សី​អាច​រក្សា​ក្លិន​បាន​ល្អ ការពារ​ពន្លឺ​ថ្ងៃ ហើយ​ក្នុង​បំពង់​គេ​ដាក់​សម្បក​ពពេល ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឡើង​មេ និង​ចៀសវាង​កុំឱ្យ​ទឹកត្នោត​ទៅ​ជា​ជូរ ។

កសិករ​ម្នាក់​ឈ្មោះ ហុង ហុ​ក រស់នៅ​ភូមិ​ត្រពាំង​អន្ទង់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ ឱ្យ​ដឹង​ដែរ​ថា ការ​ផលិត​ស្ករត្នោត​ធ្វើ​ឡើង​តាម​បែប​ធម្មជាតិ​សុទ្ធ​ៗ ។ ក្រោយ​ដាក់ចុះ​ពី​ដើម គេរ​ម្ង​ស់​ទឹកត្នោត​ដោយ​ប្រើ​អុស និង​ចង្ក្រាន​កែ​ច្នៃ (​ចង្ក្រាន​គុក​) មាន​បំពង់ផ្សែង​។​កាលណា​ទឹកត្នោត​រីង​ហើយ​មាន​ពណ៌​ជើង​អង្ក្រង គេ​យក​ឧបករណ៍​ស្នូល​ទៅ​កូរ​ឱ្យទៅ​ជា​ស្ករត្នោត​ហើយ​ប៉ាត​ជាមួយ​ឆ្នាំងខ្ទះ​ឱ្យ​ស្ងួត ទើប​រែង ពេល​រែង​ហើយ​ក៏​យក​មក​ហាលថ្ងៃ ។ ចំពោះ​ការ​ហាល​ក្រោយ​ពេល​រាយ​សព្វ​ហើយ ត្រូវ​យក​ស្បៃ​មក​គ្រប​ការពារ​ធូលី​ដី​ហុយ​លើ ។

ក្លិន​ពិសេស​របស់​ស្ករត្នោត គឺ​អាស្រ័យ​ដោយ​ពពួក​ទឹកភ្លៀង​ដែល​ច្រើន​តែ​មាន​តិចតួច និង​អាស្រ័យ​ដី​នៅ​តំបន់​នោះ​មាន​ខ្សាច់​នៅ​ស្រទាប់​លើ និង​មាន​ក្រួស​នៅ​ស្រទាប់​ជ្រៅ​ធ្វើ​ឱ្យ​ទឹក​ជ្រាប​បាន​ល្អ ទើប​ទឹកត្នោត​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​ពិសេស ។ នៅ​ក្នុង​បរិបទ​នេះ ការ​ការពារ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មួយ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានា​ដល់​អ្នក​ប្រើប្រាស់​នូវ​ឈ្មោះ គុណភាព និង​រសជាតិ​ដើម​នៃ​ស្ករត្នោត​មក​ពី​កំពង់ស្ពឺ ។ ហេតុនេះ​ហើយ​ទើប​មានការ​អន្តរាគមន៍​មក​ពី​សមាគម​ដើម្បី​លើកកម្ពស់​ស្ករត្នោត ។ ស្ករត្នោត​កំពង់ស្ពឺ​បច្ចុប្បន្ន​មាន​ទីផ្សារ​នៅ​ក្នុងស្រុក ១​គីឡូក្រាម​តម្លៃ​ចាប់ពី​២.៧០០​រៀល​ទៅ​៣.០០០​រៀល ។ ចំពោះ​ទីផ្សារ​បរទេស គឺ​៣.៥០០​រៀល ។

ក្នុង​នាម​ប្រធាន​សហគមន៍ លោក​ក៏​សូម​អំពាវនាវ​ផង​ដែរ​ដល់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​បរទេស សូម​ជួយ​ងាក​មក​គាំទ្រ​ស្ករត្នោត​របស់​ខ្មែរ​យើង​ឱ្យ​បាន​ផុលផុស​ដើម្បី​ជួយ​លើក កម្ពស់​កម្រិតជីវភាព ក៏​ដូច​ជា​ការ​លើកទឹកចិត្ត​របស់​ពួក​គាត់​ឱ្យ​កាន់តែ​ខិតខំ​ផលិត​ស្ករត្នោត​ឡើង ។ ចំពោះ​ការ​លក់​វិញ លោក ហុ​ក ហឿ​ន បន្ត​ឱ្យ​ដឹង​ទៀត​ថា សព្វ​ថ្ងៃនេះ​សហគមន៍​មាន​ដៃគូ​នាំ​ស្ករត្នោត​ចេញ​ទៅ​ក្រៅប្រទេស​ចំនួន​៨ ចំនួន​២​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​កុង​ហ្វី​រ៉ែ​ល និង​ក្រុមហ៊ុន​ហ្វា​ម​លីង ដែល​ឈានមុខ​គេ​ក្នុង​ការ​នាំ​ស្ករត្នោត​កំពង់ស្ពឺ​ចេញ​ក្រៅប្រទេស ។ ក្នុង​នោះ​ការ​នាំ​ស្ករត្នោត​ចេញ​មាន​ចំនួន​១៥​ប្រទេស​ដូច​ជា បារាំង អូស្ត្រាលី អា​ល្លឺ​ម៉​ង់ អូ​ទ្រី​ស ញូ​វ​ហ្សឺ​លែ​ន ប៊ែ​ល​ហ្សិ​ក ហូ​ឡង់ អា​មេ​រិ​ក ចិន ជប៉ុន វៀតណាម និង​ម៉ា​ឡេ​ស៊ី ។

កញ្ញា​ណា​រ៉ា​នូ​អា​លី​នី អ្នកចាត់ការ​ទូទៅ​ក្នុង​សហគមន៍​ឱ្យ​ដឹង​ដែរ​ថា ទាក់ទង​ទៅ​នឹង​ស្ករត្នោត​កំពង់ស្ពឺ ដែល​រៀបចំ​ឡើង​ដោយ​សហគមន៍ យើង​មាន​ផែនការ​ចុះ​ប្រមូល​ទិញ​ពី​សមាជិក​គ្រប់​រូប ក្នុង​នោះ​នៅ​ពេល​ដែល​ប្រមូល​ទិញ សមាជិក​ត្រូវ​រៀ​បម្រុង​ស្ករ​ទុក​នៅ​តាម​មុខ​ផ្ទះ​ជា​ស្រេច​ហើយ​ពេល​ទិញ គឺ​គិតលុយ​ភ្លាម​ៗ​តែ​ម្តង ។ ចំពោះ​នីតិវិធី​ក្នុង​ការ​លក់​ស្ករ​បន្ត​ទៅ​ឱ្យ​អតិថិជន គឺ​អនុវត្ត​តាម​កិច្ចសន្យា ក្នុង​នោះ​កិច្ចសន្យា​នីមួយ​ៗ គឺ​ប្រែប្រួល​តាម​ក្រុមហ៊ុន​នីមួយ​ៗ​ដែល​គេ​ចង់បាន ក្នុង​នោះ​ក្រុមហ៊ុន​ត្រូវ​វេច​ខ្ចប់​ទៅ​តាម​បទដ្ឋាន​អនាម័យ ។ កញ្ញា​ណា​រ៉ា​នូ​អា​លី​នី បន្ត​ថា សារធាតុចិញ្ចឹម​របស់​ស្ករ​ធម្មជាតិ​មាន​សារសំខាន់​ជា​ខ្លាំង ព្រោះ​ស្ករ​មាន​សារធាតុ​កា​រូ​សេន​១០០​ភាគរយ ចំណែក​ស្ករត្នោត​វិញ គឺជា​ស្ករ​ដើម​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​តូច​ៗ ។

គេ​ប្រើ​ស្ករត្នោត​ប្រចាំ​ថ្ងៃ និង​គ្រប់ពេលវេលា​ប្រើ​ដាក់​ក្នុង​តែ នំ កាហ្វេ និង​សម្រាប់​ចម្អិន​អាហារ​ដែល​ជា​ស្ករ​ដែល​មាន​រសជាតិ​ពិសេស និង​មាន​ក្លិន​ឈ្ងុយ លក្ខណសម្បត្តិ​ទាំង​ពីរ​នេះ​ហើយ​ដែល​បន្ថែម​រសជាតិ​លើ​អាហារ​ឱ្យ​កាន់តែ​ប្លែក ។ ស្ករ​មិន​ត្រឹម​មាន​រសជាតិ​ឈ្ងុយ ថែម​ទាំង​ជួយ​ដល់​សុខភាព​ទៀត ដែល​បង្ហាញ​នូវ​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ខ្មែរ បទ​ពិសោធន៍ និង​ចំណូលចិត្ត​ដ៏​ខ្លាំងក្លា ។ ជា​ទូទៅ អ្នក​កំពង់ស្ពឺ ក៏​ដូច​ជា​អ្នក​រស់នៅ​ក្នុង​និង​ក្រៅប្រទេស ទាំង​បុរស និង​ស្ត្រី​ផង​ដែរ ៕