ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ដំណាំ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិនមាន​ហាងឆេង​ខ្ពស់ រថយន្ត​ថៃ​រាប់​សិប​គ្រឿង​ចូល​មក​ម៉ៅ​ទិញ​ដល់​ចំការ​​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ថា រថយន្ត​ថៃ​រាប់​សិប​គ្រឿង​បាន​បើក​ចូល​មក​ទិញ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ខណៈ​ដំណាំ​មួយ​ប្រភេទ​នេះ​មាន​ហាងឆេង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ថា រថយន្ត​ថៃ​រាប់​សិប​គ្រឿង​បាន​បើក​ចូល​មក​ទិញ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ខណៈ​ដំណាំ​មួយ​ប្រភេទ​នេះ​មាន​ហាងឆេង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​នា​ដើមឆ្នាំ​២០១៥នេះ ដោយ​ពី​មុន​ផ្លែ​តា​ង៉ែ​ន​លេខ​មួយ​គេ​លក់ត្រឹមតែ​១​គីឡូក្រាម​ថ្លៃ​៤០ទៅ​៥០​បាត​(​ប្រាក់​ថៃ​)​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គេ​លក់​១​គីឡូក្រាម​ថ្លៃ​ពី​៧០​ទៅ​៨០​បាត​ឯណោះធ្វើ​ឱ្យ​កសិករ​ម្នាក់​ៗ ដែល​ប្រកប​មុខរបរ​នេះមាន​ទឹកមុខ​ញញឹម​ញ​ញែ​ម​ស្ទើរ​ស្ងួត​ជើងធ្មេញ ដោយ​លក់​បាន​លុយរាប់​លាន​ដុល្លារ  ។

ជាក់ស្តែង​នៅ​ក្នុង​ចម្ការ​របស់​កសិករ​ម្នាក់​ឈ្មោះ សា ចំរើន ហៅ​អឿ​ង អាយុ​៤៥​ឆ្នាំ ស្ថិត​នៅ​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កំពុង​តែ​ប្រមូល​ផល​តា​ង៉ែ​ន​យ៉ាង​មមាញឹក ។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ដំណាំ​តា​ង៉ែ​ន​កំពុង​តែ​ពេញ​និយម​ពី​សំណាក់​ប្រទេស​ជិត​ខាង​ចូល​មក​ទិញ ដូច​ជា​ថៃ​ជាដើម បើ​ទោះបីជា​កសិករ​យើងដាំ​បាន​រាប់​សិប​ហិ​កតា ក៏​មិន​មានការ​ធ្លាក់​ហាងឆេង​ឡើយ ដូច្នេះ​កសិករ​ម្នាក់​ៗ ដែល​ប្រកប​មុខរបរ​ដំណាំ​ដំឡូង​មី​ខាតដើម​ខាតចុង បាន​ទុក​ដី​របស់​ខ្លួន​មួយ​ចំណែកដើម្បី​ដាំ​ដំណាំ​នេះ ព្រោះ​ជា​ដំណាំ​ឆាប់​ទទួល​បាន​ផល ក្រោយ​ពី​ដាំ​តែ​រយៈពេល៣​ទៅ​៤​ឆ្នាំ​ប៉ុណ្ណោះ អាច​ទាញ​យក​ផល​គួរ​ជាទី​ពេញចិត្ត ដោយ​១​ឆ្នាំ​ៗ​ទិន្នផល​របស់​វា​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​លោក សា ចំរើន ហៅ​អឿ​ង ជា​ម្ចាស់​ចម្ការ​បានឱ្យ​ដឹង​ថា គាត់​មាន​ដី​ចំនួន​២០​ហិ​កតានៅ​ជាប់​នឹង​ផ្លូវជាតិ​៥៧ ដោយ​ដាំ​តា​ង៉ែ​ន​ទាំងអស់​ចំនួន​១.៩០០​ដើម ​ហើយទទួលផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ គឺ​តាំងពី​ការ​តុបតែង​មែក​រហូត​ដល់​រុក្ខជាតិ​មួយ​នេះ​ទទួល​ផល​មាន​រយៈពេល​ប្រហែល​៧​ខែ ។ លោក​បាន​បន្ត​ទៀត​ថា ជា​រៀង​រាល់​ឆ្នាំ​ការ​លក់​តា​ង៉ែ​ន​ឱ្យ​សមា​គម​ថៃ​ គឺ​ក្នុង​១​គីឡូក្រាម​ពី​៤០​បាតទៅ​៥០​បាត​(​ប្រាក់​ថៃ​) ដោយឡែក​នៅ​ថ្ងៃ​ទី​២២ ​កុម្ភៈ ​២០១៥​នេះ​ គាត់​លក់​បាន​១​គីឡូក្រាម​ថ្លៃ​៦០​ទៅ​៧០​បាត ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​មើលការ​ប្រមូល​ផល​នៅ​ឆ្នាំ​នេះ អាច​ទទួល​៤៥០​តោន​ឯណោះ  ដោយ​បេះ​រយៈពេល​២​ថ្ងៃ​ទើប​អស់ ។

គាត់​បញ្ជាក់​ទៀត​ថា ការ​ជួល​កម្មករ​ គឺ​ឈ្មួញ​ជា​អ្នក​ចេញ​ប្រាក់​ឱ្យ​គេ ដោយ​១​កញ្ឆេ​រមាន​ទម្ងន់ជាង​១០​គីឡូក្រាម​ឱ្យ​ថ្លៃ​ឈ្នួល​៤០​បាត​(​ប្រាក់​ថៃ​) ។ ​លោក​ក៏​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន និង​ខេត្ត​នានា​នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​ដី​ទួល​មិន​ជាំ​ទឹក អាច​នាំ​គ្នា​សាកល្បង​ដាំ​ដំណាំ​នេះ ព្រោះ​ក្នុង​១​ដើម​ៗ ទ​ទួល​បាន​ផល​ពី​១០០​ទៅ​២០០​គីឡូក្រាម អាច​លើស​នេះ​បើសិន​ជាដើម​តា​ង៉ែ​ន​នេះ​កាន់តែ​យូរ​ឆ្នាំ ។ រហូត​​មក​ដល់​ពេល​នេះ​គាត់​លក់​បាន​ប្រាក់​មិន​តិច​នោះ​ទេ ហើយ​លោក​បន្ត​ដាំ​រាប់រយ​ដើមថែម​ទៀត ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ឱ្យ​កាន់តែ​មាន​ហូរហៀរ​ផង​ដែរ ៕ ​