ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែ​ច្នៃ​លាមក​ជ្រូក​បង្កើត​ជា​ហ្គា​ស​សម្រាប់​ផ្គត់ផ្គង់​ការ​ប្រើប្រាស់ និង​ត្រៀម​ចែកចាយ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ ដែល​សាងសង់​ស្រប​តាម​ស្តង់ដា​បច្ចេកទេស មិន​បង្ក​ក្លិនស្អុយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​រស់នៅ​របស់​ពលរដ្ឋ​នៅ​ជុំវិញ គឺ​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧

ខេត្ត​ប៉ៃលិន ៖ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ ដែល​សាងសង់​ស្រប​តាម​ស្តង់ដា​បច្ចេកទេស មិន​បង្ក​ក្លិនស្អុយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​រស់នៅ​របស់​ពលរដ្ឋ​នៅ​ជុំវិញ គឺ​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ កសិដ្ឋាន​មួយ​នេះ​ជា​របស់​លោក​ឧកញ៉ា ជា គា ដែល​សាងសង់​ឡើង​អស់​រយៈពេល​ប្រហែល​៤​ឆ្នាំ​ហើយ ។ គិត​មក​ដល់​ពេល​នេះ មាន​ជ្រូក​សាច់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​និង​ក្រៅ​ខេត្ត​ជាង​១​ម៉ឺន​ក្បាល ដោយ​ក្នុង​១​ថ្ងៃ​លក់​ចេញពី​៤០​ទៅ​៥០​ក្បាល ។ បច្ចុប្បន្ន​កសិដ្ឋាន​មួយ​នេះ កំពុង​បំពាក់​ឧបករណ៍​ទំនើប​សម្រាប់​កែ​ច្នៃ​លាមក​ជ្រូក​ឱ្យទៅ​ជា​ហ្គា​ស​សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន និង​ត្រៀម​លក់​ចែកចាយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។

លោក ប៉ុ​ស សុ​ជា មេការ​គ្រប់គ្រង​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក បានឱ្យ​ដឹង​ថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ មាន​កម្មករ​កំពុង​បំពេញការងារ​ប្រមាណ​៧០​នាក់ មាន​ម៉ាស៊ីន​សម្រាប់​ផលិត​ចំណី​ជ្រូក​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ទិញ​ពី​ប្រទេស​ជិតខាង​ឡើយ ។ ចំណែក​ក្លិន​សាយភាយ​លាមក និង​ចំណីអាហារ​របស់​ជ្រូក​មាន​តិចតួច​បំផុត ។ កសិដ្ឋាន​នេះ ចិញ្ចឹម​តែ​ជ្រូក​សាច់​សុទ្ធ​ប៉ុណ្ណោះ សម្រាប់​លក់​ចែកចាយ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ដោយ​ក្នុង​១​ថ្ងៃ​ៗ​លក់​ចេញ​ប្រហែល​៥០​ក្បាល ។

លោក​បាន​បន្ត​ថា ដោយឡែក​ការ​បង្កាត់​ពូជ​ជ្រូក គឺ​មាន​កសិដ្ឋាន​មួយទៀត​ស្ថិត​នៅ​ចំណុច​អូរ​កម្មករ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ លុះ​ពេល​ជ្រូក​កើតកូន​រួច ទើប​ដឹក​មក​ថែបំប៉ន​នៅ​ក្នុង​កសិដ្ឋាន​នេះ គឺ​តាំងពី​ជ្រូក​កើតកូន​រហូត​ដល់​ពេល​ចាប់​លក់​មាន​រយៈពេល​ប្រហែល​១៥០​ថ្ងៃ ។

ចំពោះ​បរិស្ថាន លោក​បាន​បញ្ជាក់​ថា ដើម្បី​កុំឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ជា គា ក៏​បាន​រៀបចំ​អាង​ស្តុក​លាមក​សត្វ​ជ្រូក ដែល​មាន​ប្រវែង​បណ្តោយ​១០០​ម៉ែត្រ​គុណ​នឹង​ទទឹង​៥០​ម៉ែត្រ​នៅ​ខាងក្រោយ​កសិដ្ឋាន ដោយ​បង្ហូរ​លាមក​ចូល​ទៅ​ក្នុង​អាង​នេះ ហើយ​គ្រប​តង់​កៅស៊ូ​ក្រាស​ពីលើ ដោយ​ទុក​រហូត​ដល់​លាមក​សត្វ​ជ្រូក​ហូរ​ចូល​ពេញ មាន​កម្លាំង​ហ្គា​ស​ពី​៥០០ ទៅ​៦០០​គីឡូវ៉ាត់ ទើប​ខាង​លោក​អាច​បង្កើត​ទៅ​ជា​ហ្គា​ស​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​កសិដ្ឋាន និង​លក់​ចែកចាយ​ទៅ​ខាងក្រៅ​ថែម​ទៀត​ផង ។

រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​កំពុង​បំពាក់​ឧបករណ៍​ឌី​ណា​ម៉ូ​ម៉ា ស៊ី​ន​ភ្លើង ដែល​នឹង​ប្រើប្រាស់​ដោយ​ហ្គា​ស​ផលិត​ចេញពី​លាមក​ជ្រូក​នេះ សម្រាប់​បំភ្លឺ​នៅ​ក្នុង​កសិដ្ឋាន​ទាំងមូល ធ្វើ​ឱ្យ​យើង​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន ពិសេស​ទៅ​លើ​ការ​ប្រើប្រាស់​អគ្គិសនី ៕