រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង០៨ និង៤៥នាទីយប់ថ្ងៃទី១៨ កុម្ភៈ ២០១៥ មានការភ្ញាក់ផ្អើលមួយដោយសារតែអ្នករើសអេតចាយបានដុតសំរាម បង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅរហូតដល់មានរថយន្តពន្លត់អគ្គិភ័យទៅដល់កន្លែងកើតហេតុ និងបានបាញ់ពន្លត់អស់ចំនួនមួយរថយន្តទើបរលត់ ដែលហេតុការណ៍នេះកើតឡើងនៅចំណូចដីឡូត៍ទុកចោលមួយកន្លែង តាមបណ្តោយផ្លូវនរោត្តម កែងនិងផ្លូវ១៧២ សង្កត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ប្រភពឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានក្មេងហិតកាវ និងរើសអេតចាយបានផ្លោះចូលក្នុងដីឡូត៍ដែលជាកន្លែងកើតហេតុខាងលើ បន្ទាប់មកមិនដឹងជាពួកគេនាំគ្នាដុតអ្វីទេ ទើបធ្វើឱ្យមានអណ្តាតភ្លើងឆាបឆេះរាលដាលដល់ដើមត្រែង បង្កឱ្យមានការភ្ញាក់ផ្អើលរហូតដល់កម្លាំងសមត្ថកិច្ច និងចៅសង្កាត់ចុះទៅពិនិត្យ និងបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យរបស់រាជធានី មកដល់កន្លែងកើតហេតុភ្លាមៗចំនួន២គ្រឿង ហើយបានធ្វើការបាញ់ពន្លត់អស់ចំនួនមួយរថយន្ត ទើបរលត់ជាស្ថាពរ ។
បើតាមសម្តីអ្នកដែលរស់នៅក្បែរនោះ បានត្អូញត្អែប្រាប់អ្នកយកព័ត៌មានថា មិនមែនជាលើកទីមួយទេ ដែលមានអណ្តាតភ្លើងឆាបឆេះចេញពីតំបន់ដីឡូត៍ដែលទុកចោលនេះ ហើយប្រជាជនក៏បានរាយការណ៍ទៅចៅសង្កាត់ជាច្រើនដងផងដែរ អំពីបញ្ហានេះ ប៉ុន្តែខាងថ្នាក់លើ ហាក់ដូចជាមិនព្រមអើពើ និងចាត់វិធានការដោះស្រាយរឿងនេះសោះ ហើយថែមទាំងបាននិយាយថា គេមានខ្នងធំជាងធ្វើអ្វីគេមិនបានទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ