ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រមោល​ខ្មៅ «ជ្រុង​មួយ​នៃ​សង្គម»

9 ឆ្នាំ មុន

បច្ចុប្បន្ន​សីលធម៌​សង្គម​ត្រូវ​បាន​មើលឃើញ​ថា ធ្លាក់​ចុះ​យ៉ាង​គំហុក​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់តែ​មាន​អរិយធម៌ ប្រពៃណី​ទំនៀមទម្លាប់​ល្អ​ផូរផង់

បច្ចុប្បន្ន​សីលធម៌​សង្គម​ត្រូវ​បាន​មើលឃើញ​ថា ធ្លាក់​ចុះ​យ៉ាង​គំហុក​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់តែ​មាន​អរិយធម៌ ប្រពៃណី​ទំនៀមទម្លាប់​ល្អ​ផូរផង់ និង​វប្បធម៌​ដ៏​ចំណាស់​នៅ​ក្នុង​តំបន់​និង​ពិភពលោក​មួយ​នេះ ។ ការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​មើលឃើញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ ស្ទើរ​រៀងរាល់ថ្ងៃ​ពី​ចាប់រំលោភ​សេពសន្ថវៈ ជា​ច្រើន​ករណី​ដែល​កើត​មាននៅ​គ្រប់​ទិស​ទី​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ករណី​ចាប់រំលោភ​សេពសន្ថវៈ​មួយ​ចំនួន ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​ព្រះពុទ្ធ​សាសនា នោះ​គឺ​ឪពុក​ចាប់​កូនស្រី​បង្កើត​របស់​ខ្លួន​រំលោភ និង​រំលោភ​ជា​ច្រើន​ដង​រហូត​ដល់​មាន​ផ្ទៃពោះ​ថែម​ទៀត បងប្រុស​ចាប់រំលោភ​ប្អូនស្រី​បង្កើត កូនបង្កើត​ចាប់រំលោភ​ម្តាយ​ចាស់​របស់​ខ្លួន តា​ចាស់​វ័យ​៨៥​ឆ្នាំ ចាប់រំលោភ​កូន​ក្មេង​មាន​អាយុ​ត្រឹម​៦​ឆ្នាំ និង​ក្មេង​ប្រុស​មិន​ទាន់​ពេញវ័យ​ចាប់រំលោភ​ក្មេង​ស្រី​មាន​អាយុ​ក្រោម​១០​ឆ្នាំ​ជា​អនីតិជន​ដូច​គ្នា​ជាដើម ។​ល​។

តើ​ហេតុ​អ្វី​បានជា​មានការ​ចាប់រំលោភ​បែប​អគតិ​ខាងលើ​នេះ​កើតឡើង ? វា​ជា​កំហុស​របស់​សង្គម​ទាំងមូល កតា្ត​ចំណេះដឹង កត្តា​គ្រួសារ បុគ្គល​ផ្ទាល់ ឬ វា​កើតឡើង​ដោយសារ​កត្តារួម​ផ្សំ​ជា​ច្រើន​ទៀត​ដែល​ជា​កោសិកា​សង្គម ? តើ​ករណី​នេះ នរណា​ខ្លះ​ជា​អ្នក​ទទួលខុសត្រូវ និង​ត្រូវ​រួម​គ្នា​ទប់ស្កាត់​និង​ដោះស្រាយ​បែប​ណា ? 
បើ​តាម​អត្ថបទ​ដែល​ចុះ​ផ្សាយ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ទាំង​សារព័ត៌មាន​បោះពុម្ពផ្សាយ វិទ្យុ និង​ទូរទស្សន៍ សុទ្ធតែ​បាន​ស្រង់​សម្តី​ជន​ដៃដល់ ឬ​សមត្ថកិច្ច​មក​អះអាង​បញ្ជាក់​ថា ការ​កើត​មាន​ករណី​ចាប់រំលោភ​ភាគច្រើន ដោយសារ​តែ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ។​ល​។

បើ​យើង​យក​តែ​ពីរ​ចំណុច​ខាងលើ ដែល​ជាដើម​ចមនាំ​ឲ្យ​កើត​មាន​បទល្មើស​ចាប់រំលោភ​កើតឡើង​មក​ធ្វើ​ជា​ឧទាហរណ៍​ជាក់ស្តែង ដើម្បី​រួម​សហការ​គ្នា​ទាំង​មន្ត្រី​រាជរដ្ឋាភិបាល សង្គម​ស៊ី​វិល ក្រុម​គ្រួសារ​នីមួយ​ៗ និង​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​នោះ វា​ពិតជា​មិន​មានការ​លំបាក​ធំដុំ​ប៉ុន្មាន​ទេ ប្រសិនបើ​មាន​ឆន្ទៈ​និង​ការ​ទទួលខុសត្រូវ​ពិតប្រាកដ ។ បើ​និយាយ​ពី​គ្រឿង​ស្រវឹង គ្រឿងញៀន សុទ្ធតែ​អាច​ទប់ស្កាត់​បាន ប៉ុន្តែ​បញ្ហា​នេះ​ចង់​មិន​ចង់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទម្លាក់​កំហុស​ទៅ​មន្ត្រី​ជំនាញ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​ថា គ្មាន​ឆន្ទៈ​ក្នុង​ការ​រួសរាន់​បង្កើត​ច្បាប់​គ្រប់គ្រង​និង​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង ការ​មិន​យកចិត្តទុកដាក់ ឬ ឃុបឃិត​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន ជា​ថ្នូរ​ទៅ​នឹង​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​គ្រឿងញៀន​តាម​ព្រំដែន​ជាដើម ។ យ៉ាងណា​ក៏​ដោយ ករណី​កើត​មាន​បទល្មើស​រំលោភ​ផ្លូវភេទ វា​មាន​កត្តារួម​ផ្សំ​ជា​ច្រើន​ទៀត​ដូច​ជា ករណី​រូបភាព​អាសអាភាស​នៅ​តាម​ទស្សនាវដ្តី ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត និង​ទូរស័ព្ទ​ដៃ ដែល​គួរតែ​ក្រសួង​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ និង​មន្ត្រី​ជំនាញ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​សង្គម​ស៊ី​វិល​រួម​គ្នា​តាមដាន​និង​ត្រួតពិនិត្យ​ឲ្យ​បាន​ដិត​ដល់ ជា​ពិសេស​នៅ​ពេល​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡាញ (Website) បាន​អនុម័ត​រួចរាល់​នោះ ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ។

ម្យ៉ាងវិញទៀត យុត្តាធិការ​របស់​តុលាការ​ក៏​ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា ដោយ​មិន​ត្រូវ​ឲ្យ​កើត​មាន​ករណី​ប៉ូលិស​ចាប់ បែរជា​តុលាការ​ដោះ​លែង ឬ​ប្រឌិត​រឿង​ស​ទៅ​ជា​ខ្មៅ ខ្មៅ​ទៅ​ជាស​នោះ​ឡើយ ។ ចំណែក​អាជ្ញាធរ​ដែនដី​វិញ ក៏​មិន​ត្រូវ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែរ ត្រូវ​តោង​យល់​ថា ករណី​រំលោភ​សេពសន្ថវៈ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មិន​អាច​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ឡើយ ទោះ​មាន​សំណង​រដ្ឋប្បវេណី ក៏​ជន​ដៃដល់​នៅ​តែ​ជាប់​បណ្តឹងអាជ្ញា​ដែរ ។ 

សរុប​មក​វិញ ដើម្បី​លើក​ស្ទួយ​សីលធម៌​ខ្មែរ​ដែល​ត្រូវ​មើលឃើញ​ថា បាន​និង​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដោយសារ​តែ​អំពើ​ចាប់រំលោភ​សេពសន្ថវៈ​មាន​ជា​ច្រើន​ករណី​ក្នុង​មួយ​ឆ្នាំ​ៗ​នោះ ត្រូវ​មានការ​ចូលរួម​សហការ​ទាំងអស់​គ្នា ជា​ពិសេស​មន្ត្រី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ត្រូវ​មាន​ឆន្ទៈ​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ផ្សេង​ៗ ការ​ផ្សព្វផ្សាយ ការ​អប់រំ​ពី​គុណធម៌ ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ការ​ផ្តន្ទាទោស​ជន​ប្រព្រឹត្ត​បទល្មើស​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់ និង​ការ​ចូលរួម​ចំណែក​ពី​ឪពុក​ម្តាយ អាណា​ព្យា​ល ក្នុង​ការ​អប់រំ​ប្រៀនប្រដៅណែនាំ​កូនចៅ​ឲ្យ​បាន​ល្អ​ប៉ុណ្ណោះ ៕
ដោយ ជួប ថា