នាងសរសៃប្រសាទប៉ងលោតទឹកពីលើស្ពានគីហ៊្សុណា
ដោយ ៖ អប្សរា
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:៤៩

ចាន់ថេត
នាងក្រមុំម្នាក់បានប៉ុនប៉ងលោតទឹកធ្វើអត្តឃាតពីលើស្ពានគីហ៊្សុណា
ខេត្តកំពង់ចាម ៖ នាងក្រមុំម្នាក់ឈ្មោះធី គន្ធា អាយុ១៩ឆ្នាំ រស់នៅភូមិគោកគង់ ឃុំគោកគង់ខាងលិច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង បានប៉ុនប៉ងលោតទឹកធ្វើអត្តឃាតពីលើស្ពានគីហ្ស៊ុណា កាលពីវេលាម៉ោង៨យប់ថ្ងៃទី៧ កញ្ញា តែមិនបានសំរេចព្រោះតែកម្លាំងនគរបាលការពារស្ពានជួយអន្តរាគមន៍ទាន់ពេលវេលារួចនាំមកកាន់ស្នាក់ការគោលដៅការពារស្ពានធ្វើការអប់រំនិងឱ្យត្រឡប់ទៅផ្ទះវិញ ។ តាមលោកវរសេនីយ៍ត្រី ណា ចេ ប្រធាននគរបាលការពារស្ពានគីហ្ស៊ុណា បានឱ្យដឹងថា ចំណុចដែលនាងគន្ធា បំរុងលោតនោះ គឺនៅត្រង់ចន្លោះសសរស្ពានប៉េ១១ និងប៉េ១២ ហើយដោយមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីសំណាក់កម្លាំងល្បាតយាមប្រចាំការលើស្ពានរួមជាមួយនឹងបុរសជាឪពុកមារបស់នាង ទើបនាងបានរួចជីវិត ។
បន្ទាប់ពីឃាត់មិនឱ្យលោតហើយនោះ ក៏ប្រញាប់ប្រញាល់ឌុបតាមម៉ូតូយកមកសួរនាំនៅស្នាក់ការគោលដៅការពារស្ពាននៅត្រើយខាងក្រុងកំពង់ចាម តែមិនអាចសួរនាំបានឡើយ ព្រោះនាងនិយាយប៉ប៉ាច់ឥតឈប់ថា ចង់តែលោតពីលើស្ពានឱ្យស្លាប់ បន្ទាប់មកក៏បានប្រគល់ទៅឱ្យបុរសឈ្មោះជា ប៉ូឡា ដែលត្រូវជាឪពុកមា ។ ខណៈពេលដែលនៅអង្គុយសុខៗ នាងបានស្ទុះរត់ចេញទៅក្រៅហើយកម្លាំងនគរបាលការពារស្ពានក៏រត់ដេញតាមពីក្រោយ មួយសន្ទុះទើបចាប់បានពេលចូលទៅក្រោមផ្ទះប្រជាពលរដ្ឋឈ្មោះញ៉ នៅក្បែរគល់ស្ពាន ។ ដោយខ្លាចមានបញ្ហានគរបាលក៏បានជួយឌុបនាងនាំទៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមដើម្បីឱ្យនៅស្នាក់នៅផ្ទះឪពុកមា ។
តាមបុរសឈ្មោះជា ប៉ូឡា អាយុ៣២ឆ្នាំ ត្រូវជាឪពុកមាវិញបានរៀបរាប់ប្រាប់ថា ក្មួយស្រីឈ្មោះធី គន្ធានេះ មានរោគសរសៃប្រសាទហើយដោយធ្វើបាបឪពុកម្តាយនៅឯស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ខ្លាំងពេកទើបរូបលោកឌុបតាមម៉ូតូនាល្ងាចថ្ងៃទី៧ កញ្ញា ឆ្ពោះមកផ្ទះគាត់ឯសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ខណៈពេលកំពុងជិះម៉ូតូដល់កណ្តាលស្ពានគីហ្ស៊ុណា ស្រាប់តែក្មួយស្រីធ្វើជាជ្រុះស្បែកជើងខាងឆ្វេងនិងប្រាប់គាត់ឱ្យឈប់ម៉ូតូដើម្បីរើសស្បែកជើង ។ បន្ទាប់មកក្មួយស្រីបានចុះពីម៉ូតូហើយដោះខ្សែ.ក១ខ្សែហុចមកឱ្យគាត់ដោយនិយាយថា ខ្ញុំទៅលោតទឹកសម្លាប់ខ្លួន រួចស្ទុះទៅឡើងបង្កាន់ដៃស្ពាន ។ ពេលនោះគាត់រត់ទៅចាប់ដៃជាប់ពេលសំយុងខ្លួនបំរុងលោតចុះទៅចូលទឹកទន្លេហើយភ្លាមៗនោះដែរក៏បានកម្លាំងនគរបាលការពារស្ពានមកជួយទាន់ពេលវេលារួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។ ការប៉ុនប៉ងលោតនេះត្រូវបានបុរសជាឪពុកមាអះអាងថា មកពីជំងឺសរសៃប្រសាទរើឡើងវិញប៉ុណ្ណោះ ៕