ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ​ព្រមាន​បិទ​មន្ទីរពេទ្យ​ និង​គ្លីនិក​ឯកជន​ដែល​មិន​មានច្បាប់​អនុញ្ញាត និង​មិន​គោរព​តាម​ការ​ណែនាំ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ៖ លោកប៉ា សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​ទៅ​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​ណា​ដែល​មិន​មានច្បាប់​អនុញ្ញាត ​និង​មិន​បាន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ

រាជធានី​ភ្នំពេញ៖ លោកប៉ា សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​ទៅ​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​ណា​ដែល​មិន​មានច្បាប់​អនុញ្ញាត ​និង​មិន​បាន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​ក្រសួង​សុខា​ភិបាល​ត្រូវ​តែ​បិទ​អាជីវកម្ម​តែ​ម្តង​។

ការ​ព្រមាន​របស់​លោកប៉ា សុ​ជាតិ​វង្ស​ បែប​នេះ​ក្នុង​ពេល​លោក​​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​សុខាភិបាល​ឆ្នាំ​២០១៤ និង​ទិស​ដៅ​ឆ្នាំ​២០១៥​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ មក​រា ២០១៥ នៅ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​។

លោកប៉ា សុ​ជាតិ​វង្ស​ បាន​លើក​ឡើង​ថា «ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចង់​ឲ្យ​វិស័យ​សុខាភិបាល​របស់​រាជធានី​ភ្នំពេញ​មាន​សេវា​ល្អ ហើយ​នៅកៀក​កិត​ប្រជាពលរដ្ឋ រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កំណើន​ប្រជាពលរដ្ឋ​មាន​ស​ន្ធុះ​កើនឡើង​ខ្លាំង ដែល​កំណើន​បែប​នេះ​មិនមែន​ដោយសារ​ប្រជាពលរដ្ឋ​កើតកូន កើត​ចៅ​នោះ​ទេ គឺ​ដោយសា​លំហូរ​ចូល​ប្រជាពលរដ្ឋ​មក​ពី​បណ្តាល​ខេត្ត​-ក្រុង​មួយ​ចំនួន​ចូល​មក​រាជធានី​ភ្នំពេញ​ច្រើន ។

ចំពោះ​កំណើន​ប្រជាពលរដ្ឋ​បែប​នេះ ធ្វើ​ឲ្យ​សេវា​សាធារណៈ​ត្រូវ​តែ​ប្រឈម​នឹង​ការ​ខ្វះខាត​មិន​ខាន​ឡើយ​ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​រួម​គ្នា​ក្នុង​ការ​ផ្តល់​សេវា​ជូន​ពួក​គាត់ ហើយ​ដើម្បី​បំពេញតម្រូវការ​លើ​វិស័យ​សុខាភិបាល​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​នោះ គឺ​យើង​បាន​អនុញ្ញាតឲ្យ​មាន​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ តែ​យើង​ក៏​ត្រូវ​តែ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​មន្ទីរពេទ្យ​ និង​គ្លីនិក​ឯកជន​ទាំងនោះ មិន​អាច​បណ្តោយ​ឲ្យ​ធ្វើ​ស្រេច​តែ​ចិត្ត​នោះ​ទេ បើ​មន្ទីរពេទ្យ​ និង​គ្លីនិក​ឯកជន​ណា​មិន​មានច្បាប់​អនុញ្ញាត និង​មិន​គោរព​តាម​ការ​ណែនាំ អាជ្ញាធរ​នឹង​​បិទអាជីវកម្ម​តែ​ម្តង» ។

លោកប៉ា សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា «​គ្រូបង្រៀន បើ​បង្ហាត់​សិស្ស​ខុស​អាច​មានឱកាស​កែប្រែ​ឡើង​វិញ​បាន ប៉ុន្តែ​បើ​ពេទ្យ​ធ្វើ​ខុស គឺ​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​រស់​ឡើង​វិញ​បាន​ដែរ ដូច្នេះ​យើង​ត្រូវ​តែ​តម្រង់​ទិស​នៅ​កន្លែង​នេះ​ឡើង​វិញ និង​ត្រូវ​យកចិត្តទុកដាក់​បំផុត » ។

លោក​បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​បង្កើត​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៅ​តាម​ភូមិ ដោយ​ក្នុងភូមិ​មាន​គ្នា​៣​នាក់​ដើម្បី​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​អំពី​អ្វី​ដែល​ជា​ការ​បង្ការ​ និង​ការពារ​ពួក​គាត់​ពី​ជម្ងឺ​ផ្សេង​ៗ​ ពិសេស​ថែម​ទៀត​នោះ​ណែនាំ​ស្ត្រី​ដែល​មាន​គភ៌​ឲ្យ​ចេះ​វិធី​រក្សា​ឲ្យ​បាន​ល្អ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
          ​